Thursday, May 10, 2012

សម្តេចតេជោ លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សហការ​គ្នា​រវាង​រាជ​ធានី​ភ្នំពេញ​និង​ទីក្រុង​បាងកក


រសៀល​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១២​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ ឯកឧត្តម​​ Sukhumbhand ​Paribatra​ អភិបាល​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​ចូល​ជួប​សម្តែង​កា​រគួរ​សម​​ និង​បាន​​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​ឲ្យ​រាជ​ធានី​នៃ​ប្រទេស​​​ទាំងពីរ​ សហការ​ និង​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​​ពិសោធន៍​រវាង​គ្នា ​និង​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ទាំង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ​ ក៏ដូចជា​ទៅ ​អនាគត​ផង​ដែរ​។

​ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា សម្តេច​តេ​ជោ​​បាន ​មានប្រសាសន៍ថា រាជធានី​ភ្នំពេញ​ពិតជា​តូច​ជាង​ទីក្រុង​បាងកក​មែន ប៉ុន្តែ​អ្វីដែលមាន​ហើយ​​ជាការ​ប្រឈម​រវាង​​ក្រុងភ្នំពេញ និង​ទីក្រុង​បាងកក​នោះ​គឺមាន​ប្រហាក់ប្រហែលគ្នា​។​សម្តេច​តេ​ជោ ក៏បាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ដែល​បញ្ហា​ប្រឈម​ធំ​បំផុត​គឺ​គ្រោះថ្នាក់​ចរាចរ បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង ពេស្យាចារ និង​ជាពិសេស​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​លើ​វិស័យ​ទេស​ចរណ៍ សេដ្ឋកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម​ជាដើម​។​

ឯកឧត្តម​ Sukhumbhand Paribatra បាន​ជម្រាបជូន​​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ ថា លោក​មិន​បានមក​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល ៥ ឬ ៦ ឆ្នាំ​មក ហើយៗ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ​ឯកឧត្តម​បាន​សង្កេតឃើញថា កម្ពុ​ជាមាន​ការរីក ចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ឯកឧត្តម​​សូម​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​របស់​រាជ​ធានី​ភ្នំពេញ ​​​។ ឯកឧត្តម​​អភិបាលក្រុង​បាងកក ក៏បាន​រាយការណ៍​ជូន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ថា ឯកឧត្តម​​បានធ្វើ​ការពិភាក្សា ជាមួយ​ ឯកឧត្តម​​អភិបាល​រាជធានី​ភ្នំពេញ​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​ ទាំងពីរ ហើយ​បាន​ឯកភាពគ្នា​ថា គោលការណ៍​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​​នេះ។ ឯកឧត្តម​​នឹង​បញ្ជូន​សហការី​របស់ ឯកឧត្តម​​មក​ធ្វើការ​លម្អិត​ជាមួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ ​​ឯកឧត្តម Sukhumbhand Paribatra បាន​បន្តថា កិច្ច​សហ ប្រតិបត្តិការ​រវាង​ទីក្រុង​បាងកក និង​រាជធានី​ភ្នំពេញ​ គឺមាន​សារសំខាន់​ណាស់​ដែល​កិច្ច​សហប្រតិបត្តិការ​នេះ​នាំមក​នូវ​ ភាពជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន​និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​រាជ​ធានី​ទាំង ពីរ​ផងដែរ​។​ទីក្រុង​បាងកក​ធ្លាប់ធ្វើ​ការងារ​យ៉ាងច្រើន ហើយ​ការងារ​ទាំងនោះ​សុទ្ធសឹងតែ​អាចជា​បទ​ពិសោធន៍ ដែល​អាច​ផ្ទេរ​មក​រាជធានី​ភ្នំពេញ​។​ចំណែក​រាជធានី​ភ្នំពេញ​ក៏មាន​កិច្ចការ​ ជាច្រើន​ដែល​រូប លោក​ត្រូវ​រៀនសូត្រ​ដើម្បី​ដកស្រង​នូវ​បទពិសោធន៍​ផងដែរ​៕​