Thursday, May 10, 2012

អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន ពេញ​ចិត្ត​ចំពោះ​ភាព​រីកចំរើន​នៃ​ប្រទេស​កម្ពុជា


ឯកឧត្តម ​ Joe NAKANO អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​សម្តែង នូវ​កី្ត​រំភើប​ពេល​​ដែល​ឃើញ​ព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​មាន​ស្ថិរភាព​ នយោបាយ មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​ខ្ពស់។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​​ថា ក្នុង​​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ ចំពោះ​ សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ថ្ងៃ​ទី ០៤ ខែ ឧសភា ឆ្នាំ ២០១២ នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ឯកឧត្តម Joe NAKANO បាន​ជម្រាប​ជូន​​សម្តេច​​តេ​ជោ​ថា លោក​ធ្លាប់​បាន​មក ធ្វើការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បម្រើ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល ហើយ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ មាន​ព្រឹត្តិការណ៍​កើតឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ លោក​ក៏​ស្ថិតនៅ​ទីនេះ​ដែរ។នៅ​ឆ្នាំ ១៩៩៩ ទើប​លោក​ឈប់​ធ្វើការ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល ហើយ​បាន​ចាប់​ផ្តើម​ចូល​ទៅ​បម្រើ​ការងារ​នយោបាយ វិញ​នៅ​ឆ្នាំ ២០០៥។ ក្នុង​ពេល​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​ លោក​មាន​​កី្ត​រំភើប​ពេល​​ដែល​ឃើញ​ព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​មាន​ស្ថិរភាព​ នយោបាយ មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​ខ្ពស់ ហើយ​នៅ​រយៈពេល​ទស្សន​កិច្ច​នេះ លោក​ក៏បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​កំពុង​តែ​មាន​សកម្មភាព​យ៉ាង​សកម្ម​រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ ដែល​ទាំងនេះ​ឆ្លុះបញ្ចាំង​អំពី​ការដឹកនាំ​ដ៏​ឈ្លាស​វៃ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី
ឯកឧត្តម​ជំនួយការ​ថ្លែង​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន ​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម Joe NAKANO ក៏ដូចជា​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​កន្លងមក​តែងតែ​ជួយ​យកចិត្តទុកដាក់ ផ្តល់​ជំនួយ​ដល់​កម្ពុជា​ឈាន​ឆ្ពោះ​មកដល់​ការ​អភិវឌ្ឍ។សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏បាន ​សម្តែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន​ កន្លងមក ដោយ​សម្តេច​​បាន​បញ្ជាក់​​ថា ជោគជ័យ របស់​អាស៊ាន​គឺ​ស្ថិត​នៅ​លើ​សមាហរណកម្ម​អាស៊ាន ហើយ​ជប៉ុន​បាន​ជួយ​ដល់​កម្ពុជា​ជា​យុទ្ធសាស្ត្រ តែ​ម្តង ជាពិសេស​ស្ពាន​អ្នក​លឿង​គឺជា​ការ​ត​ភ្ជាប់​រវាង​រ​បៀ​ង​ខាងត្បូង​ទាំងស្រុង នៅ​ពេល​ដែល អាស៊ាន​ក្លាយទៅជា​សហគមន៍​តែមួយ៕