Friday, October 12, 2012

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម​

ភ្នំពេញ: ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាសថា តាម​ការអញ្ជើញ​របស់​លោក ង្វៀន តាន់​យុង ( Nguyen Tan Dung ) នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពីការអភិវឌ្ឍ​តំបន់​ត្រីកោណ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយមវៀតណាម​។​

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ របស់​ក្រសួងការបរទេស បង្ហាញ​ថា គណៈប្រតិភូដែល​នឹង​អមដំណើរ​សម្តេច ហ៊ុន សែន ទៅកាន់​តុ​ប្រជុំ នៅ​ទីក្រុង​ហូជីមិញ រួមមាន​៖ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​សមាជិកនៃ​រាជ​រដ្ឋភិបាល​កម្ពុជា​ដទៃទៀត​។ 

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​គូសបញ្ជាក់ថា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម នឹង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​។​

​សូម​រម្លឹកថា តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ត្រូវបាន​បង្កើតឡើងតាម​គំនិត​ផ្តួចផ្តើម​របស់​នាយក​រដ្ឋមន្ត្រីនៃ​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម កាលពី​ឆ្នាំ​១៩៩៩ នៅក្នុង​កិច្ចប្រជុំ​កំពូល នា​ទីក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ​។​

​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ ដើមឡើយគ្របដណ្តប់​លើ​ខេត្ត​ចំនួន ១០ គឺ​ខេត្ត​ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី (​កម្ពុជា​) ព្រម​ទាំង​ខេត្ត​អាតាពី ខេត្ត​សា​រ៉ា​វ៉ាន់ ខេត្ត​សេកុង (​ឡាវ​) និង​ខេត្ត​ដាក់​ឡាក់ ខេត្ត​ដាក់​ណុង ខេត្ត​កុន​ទុំ ខេត្ត​យ៉ា​ឡាក់ (​វៀតណាម​)​។ ក៏​ប៉ុន្តែ​បន្ទាប់​មក នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​បី បាន​ឯកភាពគ្នាដាក់បញ្ចូល​ខេត្ត​ចំនួន​បី​ទៀត រួមមាន​៖ ខេត្ត​ក្រចេះ (​កម្ពុជា​) ខេត្ត​ចម្ប៉ាសាក់ (​ឡាវ​) និង​ខេត្ត​បិ​ញ​ភៀក (​វៀតណាម​)​។​

​ឯកសារ​គោលដែល​ប្រើប្រាស់​ការអភិវឌ្ឍរួម​គ្នា​រវាង​ប្រទេស​ទាំង​បី គឺ​ផែនការមេ​ស្តីពី ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម សម្រាប់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​បាន​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​បី កាលពី​ឆ្នាំ​២០០៤ នា​កិច្ចប្រជុំ​កំពូលនៅ​ទីក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ផែនការ​មេ​ស្តីពី ស្ថានភាព​សេដ្ឋកិច្ច ​សង្គម ធនធាន សក្តានុពល ព្រមទាំង​រចនាសម្ព័ន្ធ និង​យន្តការ​សម្រាប់សម្របសម្រួល​ការអភិវឌ្ឍរួម និង​ដោយឡែកៗ​របស់​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម​។​

​ឯកសារ​បាន​បង្ហាញថា ការអភិវឌ្ឍតំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ត្រូវបាន​ប្រទេស​ជប៉ុនសម្រេច​ផ្តល់​ជំនួយ​ក្នុង​ទឹកប្រាក់​ចំនួន ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងនោះប្រទេស​កម្ពុជាទទួល​បាន​ចំនួន ៧,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ប្រទេស​ឡាវ​ទទួល​បាន​ចំនួន ៧,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ប្រទេស​វៀតណាម ទទួល​បាន​ចំនួន ៣,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ រីឯ​ទឹកប្រាក់​ចំនួន ១,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​សិក្សា​ស្រាវជ្រាវ​រួម​ទាំង​បី​ប្រទេស ធ្វើឲ្យ​ប្រសើរឡើង​នូវ​ផ្លូវ​គមនាគមន៍ ក្នុង​តំបន់​ត្រីកោណ​។​

​ក្នុង​ពេល​កន្លងមក ប្រទេស​កម្ពុជាបាន​អនុវត្តន៍​គម្រោង​ចំនួន ៤ រួចហើយ គឺ​៖

១-​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម និង​ស្ពាន​ពី​អូ​តា​ឡាស់ ទៅ​សុភ័​ក្រមិត្ត ក្នុង​ឃុំ​រំកិល ខេត្ត​ស្ទឹងត្រែង​។ គម្រោង​នោះអនុវត្តន៍​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

២-​គម្រោង​សាងសង់​អន្តេវាសិកដ្ឋាន សម្រាប់​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន អនុវត្តន៍​ដោយ​ក្រសួង​អប់រំ យុវជននិង​កីឡា​។​

៣-​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម ពី​ទីក្រុង​បាន​លុង ទៅ​ស្រុក​លំផាត់ ប្រវែង ១៩ គីឡូម៉ែត្រ ទទឹង ៦​ម៉ែត្រ អនុវត្តន៍​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

៤-​គម្រោង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ទាំង​បី នៃ​តំបន់​ត្រីកោណ មាន ៥​សាលា សាងសង់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕