Friday, October 12, 2012

គ.ជ.ប. ពន្យារពេលចុះឈ្មោះអ្នកបោះឆ្នោត ១ ថ្ងៃ សម្រាប់ ៣៨៣ ឃុំ-សង្កាត់ ដោយសារទឹកជំនន់

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ បានប្រកាស​នូវ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​។ ក្នុងនោះ គ​.​ជ​.​ប​. ក៏បាន​ប្រកាស​ពី​ការសម្រេច​ពន្យារពេល​មួយថ្ងៃ​បន្ថែមទៀត សម្រាប់​ពិនិត្យ និង​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅក្នុង ៣៨៣ ឃុំ​-​សង្កាត់ ដោយសារ​ទឹកជំនន់​។​

​លោក ឯម សូផាត សមាជិក គ​.​ជ​.​ប​. បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​រវាង​គ​.​ជ​.​ប​. ជាមួយ​តំណាង​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ថា ការចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​បាន​ដំណើរការ​ពីថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា​នេះ គឺ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត មានគុណ​ភាពល្អប្រសើរ ដែល​អាច​ប្រើប្រាស់​បាន នៅក្នុង​ការបោះឆ្នោត​ជ្រើ​ង​តាំង​សមាជិកសភា​អាណត្តិ​ទី​៥ នៅ​ខែកក្កដា ឆ្នាំ​២០១៣ ដែលមាន​ប្រជាពលរដ្ឋ ត្រូវ​ទៅ​បោះឆ្នោត ចំនួន​ជាង ៩,៧ លាន​នាក់​។​

​លោក ឯម សូផាត បានបញ្ជាក់​បន្តថា លទ្ធផល​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១​កញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា​នេះ គឺ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​ទូទាំងប្រទេស ក្នុង ១.៦៣៣ ឃុំ​សង្កាត់ គឺមាន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ដែល​បានមក​ចុះឈ្មោះ​ថ្មី មាន​ចំនួន ៨៣៣.៦២២ នាក់​។ ក្នុងនោះ គ​.​ជ​.​ប​. ក៏បាន​កែតម្រូវ​ឈ្មោះ មាន​ចំនួន ៧៩.៩៥០ នាក់ និង​បាន​លុបឈ្មោះ​ចេញពី​បញ្ជី មាន​ចំនួន ៣៤៦.៦៦៨ នាក់​។ ចំណែក​អ្នក​ដែល​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ដែល គ​.​ជ​.​ប​. បាន​ប៉ាន់ស្មាន​កន្លងមក មាន​ត្រឹមតែ ៦១៩.៦៣០ នាក់​ប៉ុណ្ណោះ​។​

​លោក ឯម សូ​ផាន បាន​បន្តថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ប៉ុន្តែ​ដោយ​កន្លងមក មាន​ស្ថានភាព​ទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​នោះ ទើប គ​.​ជ​.​ប​. បានអនុញ្ញាត​ឲ្យ​មានការ​ពន្យារពេល​ចុះឈ្មោះ ចំនួន ១​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១២ ក្នុងចំណោម​ឃុំ​សង្កាត់​ចំនួន ៣៨៣ ឃុំ​សង្កាត់​។ 

​ជាមួយគ្នា​នោះ លោក ឯម សូផាត បាន​បន្ថែមថា គ​.​ជ​.​ប​. ទុក​រយៈពេល ១០​ថ្ងៃ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្តឹងតវ៉ា​ផ្ទាល់មាត់ បន្ទាប់ពី​បិទ​បញ្ជី​ឈ្មោះ​ដំបូង នៅ​ថ្ងៃទី​១៩​ខែតុលា ខាងមុខនេះ បន្ទាប់ពី​មាន​បាត់ឈ្មោះ ខុស​ឈ្មោះ ខុស​ការិយាល័យ ឬ​មានឈ្មោះ​ស្ទួន ជាដើម​។​

​លោក ឯម សូផាត មានប្រសាសន៍​បន្តថា ដំណើរការ​នៃ​ការ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​នេះ គឺ​ពុំមាន​បណ្តឹងតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ទេ ដោយសារតែ គ​.​ជ​.​ប​. មាន​កិច្ចសហការ​បានល្អ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័នរដ្ឋ​-​ឯកជន ក្នុងការ​ចូលរួម​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​។ ជាមួយគ្នា​នោះដែរ ស្មៀនឃុំ​សង្កាត់ ក៏បាន​ជួយ​ណែនាំ​ប្រជាពលរដ្ឋ ដែល​ខ្វះ​ឯកសារ ឲ្យ​ទៅ​ស្វែងរក​ឯកសារ​បន្ថែម ដើម្បី​បាន​ចុះឈ្មោះ​បោះឆ្នោត ដោយ​គ្មាន​ការបដិសេធ​ពី​សំណាក់​ស្មៀនឃុំ​សង្កាត់​ឡើយ​។​

​លោក ឯម សូផាត បាន​មានប្រសាសន៍​បញ្ជាក់ដែរថា ការធ្វើ​ពហិការ​ប​ស់គ​ណ​បក្សនយោបាយ​ចំនួន​ពីរ ( គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ) ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ គឺ​មិនបាន​ប៉ះពាល់​ដល់​គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត សម្រាប់​ជ្រើសតាំង​សមាជិកសភា នៅ​ឆ្នាំ​២០១៣ ឡើយ​។ 

​ជាមួយគ្នា​នោះដែរ សមាជិក គ​.​ជ​.​ប​. ដែល​ទើប​ជាប់ឆ្នោត​បន្តការងារ ៥ ឆ្នាំ បន្ត​ជាថ្មី​នេះ ក៏បាន​បដិសេធ​ច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល ដែល​បាន​លើកឡើងថា មាន​ប្រជាពលរដ្ឋ​ចំនួន​យ៉ាងតិច ១,៥ លាន​នាក់ មិនបាន​ចុះឈ្មោះ​បោះឆ្នោត​នោះ ជា​ការមិនពិត ដោយ​លោក​ថា ជាការ​ធ្វើ​សវនកម្ម​គ្មាន​វិជ្ជាជីវៈ​ទេ ហើយ​គួរតែ​អង្គការ​នេះ មក​សហការ​ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. ដើម្បី​ចៀសវាង​ធ្វើ​របាយការណ៍ គ្មាន​ការពិត​បែបនេះ​។​

​លោក ឯម សូផាត បាន​បញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត ឆ្នាំ​២០១៣ ខាងមុខ នឹងមាន​គណបក្សនយោបាយ​ច្រើន ចូល​រួ​ប្រកួតប្រជែង រួមទាំង​គណបក្សប្រឆាំង​ផងដែរ ពីព្រោះ​គណបក្ស​នោះ គេ​កំពុង​រៀបចំខ្លួន​​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ខាងមុខ​នោះ ហើយ​ចំនួន​ប្រជាពលរដ្ឋ នឹង​ទៅ​ចូលរួម​បោះឆ្នោត មាន​ចំនួន​ច្រើនជាង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ កន្លងមក​៕​