Friday, October 12, 2012

រដ្ឋសភា អនុម័ត​ជា​ឯកច្ឆន្ទ ​លើ​សមាសភាព គ​.​ជ​.​ប​. ដែល​មាន​លោក អ៊ឹម សួស្តី ជា​ប្រធាន​

រដ្ឋសភា, ភ្នំពេញ: ​គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ រដ្ឋសភាបាន​បើក​កិច្ចប្រជុំ និង​អនុម័ត​ដោយ​ឯកច្ឆន្ទ​នូវ​សំឡេង​ឆ្នោត ៨៧ លើ ៨៧ សំឡេង ទៅលើ​សមាសភាព គ​.​ជ​.​ប​. នៅម៉ោងជាង ៩ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែតុលា ឆ្នាំ​២០១២​។​

​សមាសភាព គ​.​ជ​.​ប​. ដែល​មាន​ចំនួន ៩ រូប ដែល​រដ្ឋសភា បាន​ប្រជុំ​បោះឆ្នោតអនុម័ត នា​ព្រឹក​នេះ មាន​ការផ្លាស់ប្តូរ​បន្តិច​បន្តួច តែ​បេក្ខភាព​ប្រធាននៅតែ​ជា​លោក អ៊ឹម សួស្តី និង​អនុប្រធាន គឺ​លោកស្រី ស៊ីន ជុំ​បូ ដូច​អាណត្តិ​កន្លងមក​។​
 
​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ទាំង ៩ រូប នោះ រួមមាន​៖ 

១-​លោក​អ៊ឹម សួស្តី ប្រធាន 
២-​លោកជំទាវ ស៊ីន ជុំ​បូ អនុប្រធាន​
៣-​លោក ហាវ៉ាណ ស៊ីវិល័យ សមាជិក 
៤-​លោក មាន សាទិ សមាជិក​
៥-​លោក ឯម សុផាត សមាជិក​
៦-​លោក សោម ច័ន្ទឌីណា សមាជិក 
៧-​លោក ម៉ៅ សុភា​រិទ្ធ សមាជិក​
៨-​លោក ស៊ិន ឌឹ​ម សមាជិក​
៩-​លោក សោ ស​ភ​រី សមាជិក  

​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ សមាជិក​រដ្ឋសភា ៨៧ រូប មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ( អតីត​គណបក្ស នរោត្តម រណឫទ្ធិ )​។ 

កិច្ចប្រជុំរដ្ឋសភា បានតម្រូវឲ្យមានការបោះឆ្នោតជាកញ្ចប់លើសមាសភាព គ.ជ.ប. តាមរយៈសន្លឹកឆ្នោតជាសម្ងាត់។

​ចំណែក​សមាជិក​រដ្ឋសភាគណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​ទេ ដោយ​សំអាង​ថា សមាសភាព គ​.​ជ​.​ប​. មិន​មាន​ការផ្លាស់ប្តូរ ដែល​នាំ​ឲ្យ​គណបក្សប្រឆាំងនៅ​ចោទប្រកាន់ថា គ​.​ជ​.​ប​. មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត្យ​។​

​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​នៅ​ព្រឹក​នេះ ក៏​មិន​មាន​វត្តមាន​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម្តេច​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល ចូលរួម​កិច្ចប្រជុំ​ឡើយ​។​

​សេចក្តីថ្លែងហេតុ ស្តីពីសមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​រដ្ឋសភា​បានឲ្យដឹងថា បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​នា​ឆ្នាំ​១៩៩៣ ដែល​ចាត់ចែង​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ ព្រះរាជាណាចក្រ​កម្ពុជាបាន​ធ្វើ​ការរៀបចំ​ឡើង​វិញ​នូវ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ជាមួយ​និង​ការបង្កើតឡើង​នូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ សម្រាប់​ចាត់ចែង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​២ នៃ​រដ្ឋសភា​ឆ្នាំ​១៩៩៨​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​លិខិត​បន្តថា ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោតនៅ​កម្ពុជា ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយល​ក្ខ​ណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ច្បាប់បោះឆ្នោត ក៏​ដូច​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បាន​ពិនិត្យ​កែលំអ​ជា​បន្តបន្ទាប់​។ ក្នុង​ដំណើរ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់ ត្រូវបាន​ពង្រឹង សំដៅ​ធានាបាន​យ៉ាង​ពិតប្រាកដនូវ​ឯករាជ្យភាព និង​អព្យាក្រឹត្យភាព របស់​ស្ថាប័ន​នេះ ក្នុង​ការចាត់ចែង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នានា នៃ​រដ្ឋបាល​ថ្នាក់​ក​ក្រោម​ជាតិ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា “​អាស្រ័យ​ដោយ​ការប្តេជ្ញាចិត្ត ខាង​នយោបាយ ក្នុង​ការលើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត ព្រះរាជាណាចក្រ​យើង បាន​ធ្វើ​ការចាត់ចែង​រៀបចំ​ការបោះឆ្នោត​នានា​បាន​យ៉ាង​ទៀងទាត់ ស្រប​តាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត​នានា​។ ដំណើរការ​បោះឆ្នោតនៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​មជ្ឈដ្ឋាន​នានា ធ្វើការ​វាយតម្លៃ​ថា មាន​លក្ខណៈ​កាន់តេ​បើកចំហ​ មានសុវត្ថិភាព និង​មាន​ភាពរលូន​តាម​គោលការណ៍ នៃ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​”​។​

​សូម​រម្លឹក​ថា លោក អ៊ឹម សួស្តី បាន​ឡើង​ធ្វើជា​ប្រធាន គ​.​ជ​.​ប​. ចំនួន ២ អាណត្តិ មកហើយ ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០០៣​។​

​តាមច្បាប់ រដ្ឋសភា​ត្រូវ​បោះឆ្នោត​អនុម័ត​លើ​សមាសភាព​គ​.​ជ​.​ប​. មាន​រយៈពេល ៧ ខែ យ៉ាងតិច នៅ​មុន​ថ្ងៃ​បោះឆ្នោត​។ សមាសភាព​សមាជិក គ​.​ជ​.​ប​. ទាំង ៩ រូប មាន​អាណត្តិ រយៈពេល ៥ ឆ្នាំ​។​

​តាម​សមាសភាព គ​.​ជ​.​ប​. ៩ រូប ដែល​ត្រូវបាន​ជ្រើសតាំង តាម​ការមូល​មតិ​គ្នា តាំង​ពី​ការបោះឆ្នោត​ឆ្នាំ​២០០៣ គឺមាន ៥ រូប ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ២ រូប ជា​សមាជិក​មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង ២ រូប​ទៀត ជា​សមាជិកមកពី​គណបក្ស​សមរង្ស៊ី​។ 

​ក៏ប៉ុន្តែ​សមាសភាព​ទាំង ៩ រូបនោះ ត្រូវបាន​លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បានឲ្យដឹងថា គឺជា​សមាសភាព​ឯករាជ្យ មិនមែន​មកពី​គណបក្សនយោបាយ ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ទេ​។ 

​ក្នុង​ពេល​កន្លងមក គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទទូច​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ ផ្លាស់ប្តូរ​សមាជិក គ​.​ជ​.​ប​. ដោយ​រៀបចំ​ជ្រើសរើស​បុគ្គល​ឯករាជ្យ ដើម្បី​អ្វី​ដែល​គណបក្ស​ប្រឆាំង​អះអាងថា ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ធ្វើឡើង​ដោយ​យុត្តិធម៌ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

​គណបក្សសមរង្ស៊ី និង​សិទ្ធិមនុស្ស បាន​ព្យាយាម​ដាក់សំណើ​ជា​លិខិត ហើយ​បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយនឹង​តំណាង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​។ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ មិន​ទទួលយក​សំណើ​របស់​គណបក្សប្រឆាំង ចំពោះ​ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. ឡើយ​៕​