Friday, October 12, 2012

លោក​ ម៉​ម់​ សា​រិ​ន​ ចែក​អំណោយ​សប្បុរសធម៌​ដល់​សមាគម​មនុស្ស​ចាស់​៤២២​នាក់​ក្នុង​​ឱកាស​ភ្ជុំបិណ្ឌ​

ដោយ​ ៖ សំរិត 
​ភ្នំពេញ​ ៖​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​អំណោយ​មនុស្សធម៌​ ដល់​សមា​គមនុស្ស​ចាស់​ចំនួន​៤២២​នាក់​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​និង​ដើម្បី​ជា​ការ​លើកទឹកចិត្ដ​ បន្ទាប់​ពី​ត្រូវ​បាន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ ពី​ថ្នាក់ដឹកនាំ​ជា​មន្ដ្រីរាជការ​ នៅ​មន្ទីរ​អង្គភាព​នានា​នោះ​មក​ ។​ អំណោយ​ដែល​អាជ្ញាធរ​ផ្ដល់​ជូន​នា​ពេល​នេះ​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ក្រណាត់​​ស១​ដុំ​ ភួយ​១​ និង​ថវិកា​៤​ម៉ឺន​រៀល​ ។​
​នៅ​ក្នុង​ពិធី​សំណេះសំណាល​នា​រសៀល​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១២​ នៅ​សាលារ​ជា​ធានី​ភ្នំពេញ​ លោក​ ម៉​ម់​ សា​រិ​ន​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ បញ្ហា​មនុស្ស​ចាស់​គឺជា​កង្វល់​មួយ​ ក្នុង​ចំ​ណោ​ម​បញ្ហា​ជា​ច្រើន​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ដទុកដាក់​ និង​ដោះស្រាយ​ជា​បណ្ដើៗ​ ។​ ជា​ការ​ពិត​ណាស់​ ក្មេង​មិន​ធ្នាប់​ចាស់​ តែ​ចាស់​ធ្លាប់​ក្មេង​ ការ​គិត​ពី​មនុស្ស​ចាស់​គឺជា​ការ​គិត​ ពី​ខ្លួនឯង​និង​ជា​កង្វល់​ពី​មនុស្ស​ចាស់​ គឺជា​កង្វល់​របស់​យើង​ទាំងអស់​គ្នា​ ។​ មនុស្ស​យើង​ម្នាក់ៗ​មិន​អាច​គេច​ចេញពី​ភាព​ជរា​បាន​ទេ ​ដូចនេះ​ការ​ត្រៀមខ្លួន​ និង​ការ​ស្វែងរក​ដំណោះ​ស្រាយ​ពី​បច្ចុប្បន្ន​នេះ​សម្រាប់​ទៅ​អនាគត​ គឺជា​ជោគ​ជ​យ័​មួយ​ដែល​ជួយ​យើង​ឱ្យ​រួច​ផុត​ពី​ហា​នី​ភ​យ័​នានា​ ។​   កា​ចុះ​ខ្សោយ​នៃ​រាង​កាយ​ ស្មារតី​ អារម្មណ៍​ និង​ការ​បាត់បង់​នូវ​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ធ្វើ​ឱ្យ​មនុស្ស​ចាស់​ ក្លាយជា​ជន​ដែល​ងាយ​រង​គ្រោះ​ ។​ បច្ចុប្បន្ន​នេះ​ បញ្ហា​មនុស្ស​ចាស់​ជា​ច្រើន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ សូម​បី​តែ​តម្រូវការ​មូលដ្ឋាន​របស់​គាត់​ ដូច​ជា​ អាហារ​ ការ​ស្នាក់​នៅ​ ថ្នាំ​ដង្កូវ​ផ្សេងៗ​ ក៍​ពុំ​បាន​ផ្គត់ផ្គង់​ឱ្យ​គ្រប់គ្រាន់​នោះ​ដែរ​ ។​ ក្នុង​ចំ​ណោ​យ​នេះ​ក៍​មាន​មនុស្ស​ ចាស់​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​គេ​ចាត់​ទុក​ឱ្យ​នៅ​ឯក​កោ​តែ​ម្នាក់ឯង​ គ្មាន​ទីពឹង​ គ្មាន​ទី​ពុំនាក់​  នេះ​ជា​ប្រការ​ដ៍​គ្រោះថ្នាក់​បំផុត​សម្រាប់​ មនុស្ស​ចាស់​ដែល​យើង​គួរ​យកចិត្ដ​ទុ​ដាក់​  ។​ 
​លោក​ ម៉​ម់​ សា​រិ​ន​ បាន​បន្ដ​ថា​ ជា​សំណាងល្អ​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ មនុស្ស​ចាស់​ត្រូវ​បាន​ ទទួល​ពី​ការ​មើលថែ​ទាំ​ពី​ក្រុម​គ្រួសារ​ ពី​សមាជិកគ្រួសារ​ នេះ​គឺជា​គម​រូ​ល្អ​មួយ​របស់​ជាតិ​យើង​ ។​ ការ​គាំទ្រ​ផ្លូវ​កាយ​និង​ផ្លូវចិត្ដ​ គឺជា​ការ​បង្ហាញ​នូវ​ភាព​វិជ្ជមាន​របស់​សង្គម​ក្នុង​ការ​គាំ​ ទ្រ​ទី​លើ​មនុស្ស​ចាស់​ ។​ ការ​បង្កើត​ឱ្យ​មាន​សមាគម​ន៍​មនុស្ស​ចាស់​គឺជា​ដំណោះស្រាយ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​មាន​ភាព​វិជ្ជមាន​ចំពោះ​មនុស្ស​ចាស់​ ។​
​លោក​ សន​ សុផល​ ប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា ដោយ​ផ្អែក​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​មាន​សេចក្ដីណែនាំ​ពី​ស្ថា​ប​ន័​ ជំនាញ​រាជធានី​ភ្នំពេញ​ សមាគម​ន៍​មនុស្ស​ចាស់​បាន​ដំណើរ​ជា​បណ្ដើរៗ​ហើយ​ ជា​លទ្ធផល​មក​ដល់​ពេល​នេះ​យើង​បង្កើត​បាន​ចំនួន​៧២​សមាគម​ ដែល​មាន​សមាជិក​មក​ពី​សង្កាត់​ សមាជិក​មក​ពី​ខណ្ឌ​ សរុប​១៤៩៨១​នាក់​ ប្រុស​៥៦៥១​នាក់​ និង​ស្រី​៩៣៣០​នាក់​ ក្នុង​ចំណោម​នោះ​សមាជិក​ មួយ​ចំនួន​ជា​អតីតមន្ដ្រី​រាជការ​ស៊ី​វិល​ ហើយ​សមាគម​ទាំង​៧២​នេះ​ មួយ​ចំនួន​បាន​ដំណើរការ​សកម្មភាព​របស់​ខ្លួន​យ៉ាង​សកម្ម​ ។​
​លោក​ សន​ សុផល​ បន្ដ​ថា​ គោលបំណង​ដែល​នាំ​ឱ្យ​បង្កើត​សមាគម​មនុស្ស​ចាស់​នេះ​ឡើង​ គឺ​ដើម្បី​លើក​ស្ទួយ​សុខមាលភាព​របស់​មនុស្ស​ចាស់​ ឱ្យ​ប្រសើរ​ឡើង​ ។​ គ្រប់គ្រង​ធនធានមនុស្ស​ចាស់​ប្រកបដោយ​ប្រសិទ្ធភាព​ ធានា​បានការ​ផ្ទេរ​ចំណេះដឹង​បទ​ពិសោធន៍​ ការ​អនុវត្ដ​ល្អ​ ដល់​អ្នក​ជំនាន់​ក្រោយៗ​ និង​សង្គម​ជាតិ​ ។​ សូម​បញ្ជាក់​ថា​ សមាជិកសមាគម​ន៍​មនុស្ស​ចាស់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន​១៤៩៨១​នាក់​ មាន​៧២​សមាគម​ន៍​ ដែល​បម្រើ​ នៅ​តាម​សង្កាត់​ និង​ខណ្ឌ​ មន្ទីរ​ នៅ​តាម​បណ្ដា​ ខេត្ដ​រាជធានី​ រាល់​សមាជិក​ណា​ម្នាក់​ដែល​ បាន​មរណៈភាព​សមាគម​ន៍​និង​មាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​២​លាន​រៀល​ផង​ដែរ​ ៕​