Friday, October 12, 2012

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ គាំទ្រការជ្រើសតាំង គ.ជ.ប. ត្រឹមត្រូវតាមច្បាប់

ភ្នំពេញ: សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​ថ្លែង​ការគាំទ្រ​ថា ការប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៤ នៃ​រដ្ឋសភា ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន និង​សមាជិក​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន ៩ រូប កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ន៍យ៉ាង​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ធានា​នូវ​ការបោះឆ្នោត​ប្រកបដោយ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​សេចក្តីថ្លែងការណ៍​រួម​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា​ដោយ​លោក ថៅ វាសនា និង​លោក សោម អូន បាន​លើកឡើងថា សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ចំពោះ​ការប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៤ នៃ​រដ្ឋសភា​ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន និង​សមាជិក​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន ៩ រូប កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២​។​

​សេចក្តីថ្លែងការណ៍​រួម បាន​ថ្លែងបន្តថា សមាជិក​រដ្ឋសភា ដែលមាន​កូរ៉ុម​ចំនួន ៨៧ លើ ៨៧ បាន​បោះឆ្នោត​ជា​កញ្ចប់​ផ្តល់​សេចក្តីទុកចិត្តអនុម័ត​គាំទ្រ​សមាសភាព គ​.​ជ​.​ប​. អាណត្តិ​ថ្មី ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការបោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​លើកឡើងថា លទ្ធផល​ខាងលើនេះ បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដោយ​អនុលោម​តាម​មាត្រា​១៣​ថ្មី​(​ពីរ​) នៃ​ច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​ច្បាប់ស្តីពី វិសោធនកម្ម ច្បាប់​ស្តី​ពីការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ រដ្ឋសភាជាតិ​បាន​បំពេញ​តួនាទី និង​ភារកិច្ច​យ៉ាង​ត្រឹម​ត្រូវ​តាម​មាត្រា​៨៨​ថ្មី​(​ពីរ​) នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​និង​មាត្រា​៤៧​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​បាន​ចែងថា ការប្រជុំ​របស់​រដ្ឋសភា ដែល​អាច​យកជាការបាន​ លុះត្រាតែ​កូរ៉ុម​លើសពី​ពីរភាគបីនៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល សម្រាប់​ការអនុម័ត​ទាំងឡាយ ដែល​តម្រូវ​ឲ្យ​យក​មតិ​ភាគច្រើន ពីរភាគបី នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​។​

​សេចក្តីថ្លែងការណ៍​រួម បាន​បន្ថែមទៀតថា ដូច្នេះ សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សូម​បង្ហាញ​នូវ​ជំហរ​ស្វាគមន៍ និង​គាំទ្រ​៖

១/​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ន៍យ៉ាង​ត្រឹមត្រូវ​តាមច្បាប់ ក្នុង​ការស្នើ​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ជូន​រដ្ឋសភា​ប្រជុំ​អនុម័ត ដើម្បី​ធានា​នូវ​ការបោះឆ្នោត​ប្រកបដោយ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

២/​រដ្ឋសភា​បាន​ដំណើរការ​ប្រជុំ​តាម​នីតិវិធី គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ច្បាប់​ធម្មនុញ្ញ​និង​បទបញ្ជាផ្ទៃក្នុង​របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​រួម ក៏បាន​បញ្ជាក់ថា ដូច្នេះ​ការសម្រេច​ជា​ឯកច្ឆន្ទ​របស់​រដ្ឋសភា ដែលមាន​សំឡេង ៨៧ លើ ៨៧ គឺមាន​សារសំខាន់​ណាស់ ដើម្បី​បន្ត​នូវ​ការអនុវត្តលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច​បានកំណត់​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ អំពី ការបោះឆ្នោត​សកល​រៀងរាល់ ៥ ឆ្នាំ​ម្តង៕​