Friday, October 12, 2012

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​គាំទ្រ​សមាសភាព​គ​.​ជ​.​ប​ដែល​ស្នើ​ដោយ​ក្រសួងមហាផ្ទៃ​

ដោយ​ ៖ មរតក​​
​ភ្នំពេញ​ ៖​ រដ្ឋសភា​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១២​ បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ​ទៅ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ដែល​ស្នើ​ដោយ​ក្រសួងមហាផ្ទៃ​ ក្នុង​នោះ​បេក្ខភាព​លោក​ អ៊ឹម​ សួស្ដី​ នៅ​តែ​ជា​ប្រធាន​ ខណៈ​លោកស្រី​ ស៊ិ​ន​ ជុំ​បូរ​ នៅ​តែ​ជា​អនុប្រធាន​សម្រាប់​អាណត្ដិ​នេះ​ ។​
​នៅ​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១២​ គឺ​មាន​សមាជិក​សភា​៨៧​រូប​ ចូលរួម​ ក្នុង​នោះ​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ទៅ​លើ​សមាសភាព​គ​.​ជ​.​ប​ ពោល​គឺ​ ៨៧​លើ​៨៧​សំឡេង​ ។​ សមាជិក​សភា​ ដែល​ចូលរួម​ប្រជុំ​និង​បោះ​ឆ្នោត​ គឺ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ,​ គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​គណបក្ស​ជាតិនិយម​ (​អតីត​គណបក្ស​នរោត្ដម​រណឫទ្ធិ​)​។​ ចំណែក​សមាជិក​សភា​គណបក្ស​សមរ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ពហិកា​មិន​ចូលរួម​ឡើយ​ ។​
​គណបក្ស​សមរ​ង្ស៊ី​និង​គណបក្ស​សិទ្ធិ​ មនុស្ស​កន្លង​មក​ធ្លាប់​បាន​ទាមទារ​ម្ដង​ ហើយ​ម្ដងទៀត​ឱ្យ​ក្រសួងមហាផ្ទៃ​ផ្លាស់​ប្ដូរ​ សមាសភាព​គ​.​ជ​.​ប​ ជា​ហេតុផល​ដើម្បី​  ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ ធ្វើ​ឡើង​ដោយ​យុត្ដិធម៌​និង​ទទួលយក​បាន​ទាំងអស់​គ្នា​ ប៉ុន្ដែ​ការ​ទាមទារ​ខាងលើ​នេះ​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​បដិសេធន៍​ បើ​ ទោះបីជា​តំណាង​គណបក្ស​ទាំង​២​ត្រូវ​បាន​ អនុញ្ញាត​ឱ្យ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជា​ មួយ​តំណាង​ក្រសួងមហាផ្ទៃ​ក៏​ដោយ​ ។​ ​សមាសភាព​គ​.​ជ​.​ប​សម្រាប់​អាណត្ដិ​នេះ​ គឺ​មាន​៩​រូប​ ក្នុង​នោះ​មានការ​ផ្លាស់​ប្ដូរ​២​រូប​ ដោយ​កិច្ចប្រជុំ​សភា​បាន​តម្រូវ​ឱ្យ​បោះ​ឆ្នោត​ជា​កញ្ចប់​តាម​រយៈ​សន្លឹក​ឆ្នោត​ជា​សម្ងាត់​ ។​ សមាសភាព​គ​.​ជ​.​ប​ ទាំង​៩​រូប​សម្រាប់​អាណត្ដិ​ថ្មី​នេះ​ រួម​មាន​ ១-​លោក​ អ៊ឹម​ សួស្ដី​ ជា​ប្រធាន​,​ ២-​ លោកស្រី​ ស៊ិ​ន​ ជុំ​បូរ​ ជា​អនុប្រធាន​,​ ៣-​ លោក​ ហា​វ៉ា​ណ​ ស៊ី​វិ​ល័យ​ ជា​សមាជិក​ ៤-​លោក​ មាន​ សា​ទិ​ ជា​សមាជិក​,​ ៥-​ លោក​ ឯម​ សុ​ផាត​ ជា​សមាជិក​,​ ៦-​ លោក​ សោម​ ចន្ទ​ឌី​ណា​ ជា​សមាជិក​,​ ៧-​លោក​ ម៉ៅ​ សុភា​រិ​ទ្ធ​ ជា​សមាជិក​,​ ៨-​លោក​ ស៊ិ​ន​ ឌឹ​ម​ ជា​សមាជិក​,​ និង​៩-​ លោក​ សោ​ សុភ​រី​ ជា​សមាជិក​ ។​
​កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១២​ គឺ​បាន​ធ្វើ​ឡើង​ក្រោម​ អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ដោយ​ក្នុង​ នោះ​ពុំ​មាន​វត្ដមាន​របស់​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​ឡើយ​ ក៏​ប៉ុន្ដែ​សម្ដេច​បាន​ ធ្វើ​សេចក្ដី​ថ្លែង​ហេតុ​តាម​រយៈ​លិខិត​ស្ដី​ពី​ សមាសភាព​គ​.​ជ​.​ប​ផ្ញើ​ជូន​មក​រដ្ឋសភា​។​
​សេចក្ដី​ថ្លែង​ហេតុ​របស់​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា​ បន្ទាប់​ពី​ការ​ បោះ​ឆ្នោតជាតិ​ឆ្នាំ​១៩៩៣​ ដែល​រៀបចំ​ ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​រៀបចំ​ឡើង​វិញ​នូវ​ច្បាប់​ស្ដី​ពី​ការ​បោះ​ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ជាមួយនឹង​ ការ​បង្កើត​គ​.​ជ​.​ប​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ និង​អ​ព្យា​ក្រឹត​ សម្រាប់​ចាត់ចែង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​ សម្រាប់​នីតិកាល​ទី​២​នៃ​រដ្ឋសភា​ ឆ្នាំ​ ១៩៩៨​ ។​ ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឱ្យ​ ប្រព្រឹត្ដ​ទៅ​ប្រកបដោយ​លក្ខណៈ​សេរី​ ត្រឹមត្រូវ​និង​យុត្ដិធម៌​ ច្បាប់បោះឆ្នោត​ និង​គ​.​ជ​.​ប​ ត្រូវ​បាន​ពិនិត្យ​កែ​លម្អ​ជា​បន្ដបន្ទាប់​ ។
​នៅ​ក្នុង​ដំណើរ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ ថ្នាក់​ត្រូវ​បាន​ពង្រឹង​សំដៅ​ធានា​បាន​យ៉ាង​ពិតប្រាកដ​ នូវ​ឯករាជ​ភាព​និង​អ​ព្យា​ក្រឹត​ ភាព​របស់​ស្ថាប័ន​នេះ​ក្នុង​ការ​ចាត់ចែង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើ​សតាំង​តំណាងរាស្ដ្រ​ ,​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមា​ ជិ​ក​សភា​,​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​ សមាជិក​ក្រុមប្រឹក្សា​នានា​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ។​
​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​ អាស្រ័យ​ដោយ​ការ​ប្ដេជ្ញា​ចិត្ដ​ខាង​នយោបាយ​ក្នុង​ ការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​ការ​បោះ​ឆ្នោត​កម្ពុជា​បាន​ចាត់ចែង​រៀប​ ចំការ​បោះ​ឆ្នោត​នានា​បាន​យ៉ាង​ទៀងទាត់​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់បោះឆ្នោត​នានា​។​ ដំណើរការ​បោះ​ឆ្នោត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ វាយតម្លៃ​ថា​ មាន​លក្ខណ​កាន់តែ​បើកចំហ មាន​សុវត្ថិភាព​ និង​មាន​ភាព​រលូន​ តាម​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​បែប​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ។​
​យោង​តាម​ច្បាប់​រដ្ឋសភា​ត្រូវ​បោះ​ ឆ្នោត​អនុម័ត​លើ​សមាសភាព​គ​.​ជ​.​ប​ ដែល​រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ​រយៈពេល​៧​ខែ​យ៉ាងតិច​ នៅ​មុន​ថ្ងៃ​ការ​បោះ​ ឆ្នោត​មក​ដល់​។​ សមាសភាព​គ​.​ជ​.​ប​មាន​ ៩​រូប​ និង​មាន​អាណត្ដិ​រយៈពេល​៥​ឆ្នាំ​ ។​

​គួរ​បញ្ជាក់​ថា​ សម្រាប់​សមាសភាព​គ​.​ជ​.​ប​៩​រូប​កាលពី​អាណត្ដិ​បោះ​ឆ្នោត​ឆ្នាំ​ ២០០៣​ គឺ​មាន​៥​រូប​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​,​ ២​រូប​មក​ពី​គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​២​រូប​ទៀត​ មក​ពី​គណ​ បក្ស​សមរ​ង្ស៊ី​ ៕