Friday, October 12, 2012

ប្រធាន​មន្ទីរ​សាធារណការ​ការ​សំណេះសំណាល​យក​បទ​ពិសោធន៍​ដឹងគុណ​មន្ត្រី​ចូល​និវត្តន៍​

ដោយ​ ៖ គឹម​ សុខជា 
ខេត្ត​បាត់ដំបង​ ៖​ មន្ត្រី​បំរើ​ការងារ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង​ តាំងពី​ថ្ងៃ​រំដោះ​៧​ មក​រា​ ឆ្នាំ​១៩៧៩​ ចំនួន​៨០​នាក់​ដែល​ចូល​និវត្តន៍​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រៀបចំ​ពិធី​ជួបជុំ​សំណេះសំណាល​ដកស្រង់​យក​បទ​ពិសោធន៍​នឹង​ដឹងគុណ​ព្រមទាំង​មាន​ចែក​អំណោយ​អនុស្សាវរីយ៍​ និង​ពិសា​របាយ​សាមគ្គី​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​
​ពិធី​នេះ​ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្តបាត់ដំបង​ ក្រោម​អធិបតីភាព​លោក​ ខាន់​ ម៉ា​ណេ ​ទីប្រឹក្សា​ផ្ទាល់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ​ខេ​ង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង​ ព្រមទាំង​មន្ត្រី​កំពុង​បម្រើ​ការងារ​ជា​ច្រើន​រយ​នាក់​ផង​ដែរ​។​
​លោក​ខាន់​ម៉ា​ណេ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​មាន​ប្រសាសន៍​ថា​នាម​ជា​មន្ត្រីរាជការ​ទាំងអស់​គ្នា​ ជា​ពិសេស​អ្នក​ស្រករ​ក្រោយ​បាន​ស្គាល់​បងៗ​ ពូ​មីង​ ដែល​បាន​គ្រប់​អាយុ​ចូល​និវត្តន៍​ និង​ជា​ឱកាស​មួយ​ ឲ្យ​យើង​បាន​ជួប​មុខ​គ្នា​ និង​រម្លឹក​ពី​វីរភាព​ ព្រមទាំង​បទ​ពិសោធ​ខ្លះ​ ដែល​មាន​កន្លង​មក​ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ​ ឬ​ពេល​មានបុណ្យ​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​ ១​ដង​ ឬ​ ២​ដង​។​
​លោក​ ខាន់​ ម៉ា​ណេ ​បាន​បន្ត​ថា​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ថ្នាក់ដឹកនាំ​មន្ទីរ​ អនុប្រធាន​មន្ទីរ​ និង​សហការី​ បាន​ប្រារព្ធ​ការ​ដឹងគុណ​ចំពោះ​ព្រឹទ្ធាចារ្យ​ចាស់ៗ​ គឺជា​កុសលផល​បុណ្យ​របស់​យើង​ទាំងអស់​គ្នា​។​ក្នុង​រយៈពេល​ដែល​ពូ​មីង​បងៗ​បម្រើ​ការងារ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ មានការ​លំបាក​ ហើយ​អ្នកខ្លះ​គ្មាន​ទាំង​កង់​ម៉ូតូ​ជិះ​ផង​។​ បើ​ប្រៀបធៀប​ជាមួយ​ពួក​យើង​ ដែល​កំពុង​បម្រើ​ការងារ​រាល់ថ្ងៃ​ខុស​គ្នា​ខ្លាំង​ណាស់​តែបើ​គ្មាន​កាតព្វកិច្ច​លះបង់​ខ្ពស់​ពី​បងៗ​ចាស់ព្រឹទ្ធាចារ្យ​និង​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ទេ​ប្រទេស​ជាតិ​ក៏​គ្មាន​ថ្ងៃ​រីក​ចំរើន​ដែរ​ ។​
​លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា​ចាប់តាំងពី​ថ្ងៃ​រំដោះ​ ៧​ មក​រា​ ឆ្នាំ​១៩៧៩​មក​ក្នុង​រយៈពេល​នោះ​ ប្រទេស​មាន​សង្គ្រាម​រាំ​រ៉ៃ​មាន​យុទ្ធនាការ​ក​៥​ដើម្បី​រៀបចំ​កសាង​ស្តា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ​ ​ប៉ុន្តែ​មន្ត្រីរាជការ​មួយ​ចំនួន​មាន​ជំងឺ​ហើយ​បាន​ស្លាប់​ និង​របួស​ពិការ​បញ្ជាក់​ពី​វីរភាព​ដែល​យើង​
​ខ្ញុំ​ទាំងអស់​គ្នា​ត្រូវ​ចង​ចាំ​ចំពោះ​ការ​លះបង់​នេះ​ជា​និច្ច​ ។​
ក្នុង​ឱកាស​នោះ​ដែរ​ លោក​ប្រធាន​មន្ទីរ​ បាន​សំណូមពរ​ដល់​មន្ត្រី​ទាំងអស់​ ឲ្យ​ចូលរួម​ណែនាំ​ដល់​បងប្អូន​កូនចៅ​ទាំងអស់​ ត្រូវ​យក​ស្មារតី​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​តាម​ស្រុក​កំណើត​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដោយ​បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់​ និង​ពាក់មួក​សុវត្ថិភាព​ ក្នុង​ពេល​បើកបរ​ម៉ូតូ​ ហើយ​ពិសេស​មន្ត្រី​ប្រចាំការ​ ត្រូវ​ត្រៀមកម្លាំង​ការពារ​ ក្នុង​ពេល​បុណ្យ​ភ្ជុំ​ និង​ក្រោយ​បុណ្យ​ដែល​កើត​មាន​ជាយថាហេតុ​។​
ពេល​ជិត​បញ្ចប់​ពិធី​ លោក​ ខាន់​ ម៉ា​ណេ ​ប្រធាន​មន្ទីរ​សាធារណការ​ មានការ​ចែក​អំណោយ​ដល់​មន្ត្រី​និវត្តន៍​ជន​ទាំង​៨០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ប័ណ្ណសរសើរ​ និង​សា​រ៉ុ​ង​១​ ក្រមា​១​ កន្សែងពោះគោ​១​ សាប៊ូ​ ថ្នាំដុសធ្មេញ​ច្រាស​ដុសធ្មេញ​និង​ថវិកា​១០​ម៉ឺន​រៀល​ទុកជា​ការ​ដឹងគុណ​ ចំពោះ​ពួក​គាត់​ ៕