Thursday, August 9, 2012

សម្តេចហ៊ុនសែនពន្យល់​ជាង ៥​ម៉ោង​ថា កម្ពុជា​មិន​បាត់បង់​ទឹកដី​គោក និង​សមុទ្រ ប៉ុន្តែ​ចាំបាច់​មានការ​ដោះដូរ​ដី​ជាមួយ​វៀតណាម

ភ្នំពេញ: សម្តេច ហ៊ុន សែន បាន​ចំណាយ​ពេលវេលា​ជាង ៥​ម៉ោង​ ពន្យល់​ដល់​រដ្ឋសភា​កម្ពុ​ជា អំពី​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស​ជាមួយ​ប្រទេស​វៀតណាម​។ សម្តេច​បាន​ពន្យល់ថា អ្វីដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​បានធ្វើ គឺ​ផ្អែកទៅលើ​ផ្លូវច្បាប់ និង​អ្វីដែល​សម្តេចឪ​បាន​បន្សល់ទុក​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្តេច​បាន​ធានាថា មិនមាន​ការបាត់បង់​ទឹកដី​គោក ឬ​សមុទ្រ​ទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី សម្តេច​លើកឡើង​ពី​ភាពចាំបាច់ ​ដែល​ត្រូវធ្វើ​ការដោះដូរ​ដី​រវាង​ប្រទេស​ទាំងពីរ ដោយសារតែ​ផ្អែកទៅលើ​ការកាន់កាប់​ស្រាប់​របស់​ប្រជាជន​ទាំងពីរ​ ក្រោយពី​ការឆ្លងកាត់​សង្គ្រាម​កន្លងមក​។​

​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នឹងត្រូវ​ដោះស្រាយ​ដោយ​ផ្អែកលើ​ស្ថានភាព​កាន់កាប់​ជាក់ស្តែង​។ នេះ​បើតាម​សម្តី​របស់​សម្តេច​តេ​ជោ ដែល​វាយបក​ទៅ​បក្សប្រឆាំង​ថា បាន​យក​បញ្ហា​ព្រំដែន​មក​វាយប្រហារ​រដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​នយោបាយ​។​

សម្តេច ហ៊ុន សែន អះអាង​ពី​ភាពចាំបាច់ នៃ​ការដោះដូរ​ដី​រវាង​កម្ពុជា និង​វៀតណាម

​សម្តេច ហ៊ុន សែន បាន​ប្រាប់​អំពី​ភាពចាំបាច់​នៅក្នុង​ការដោះដូរ​ដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដូចដែល​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​បានធ្វើ ដើម្បី​សម្រួល​ដល់​ការកាន់កាប់​របស់​ប្រជាជន​។​

​សម្តេច​បានលើកឡើង​ពី​ភាពចាំបាច់ នៃ​ការសម្រួល​ព្រំដែន​តាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​។ សម្តេច​អះអាងថា ការធ្វើ​ដូចនេះ​នឹងមិន​មានការ​បាត់បង់​ទេ​។​

​សម្តេច​បាន​ពន្យល់ថា នៅពេលនេះ តាម​ការ​វាស់ គឺ​កម្ពុជា​បាន​កាន់កាប់​ចូលកាន់​កាប់​ដល់​ទឹកដី​វៀតណាម​ចំនួន ៩១៦,៧ ​ហិកតា​។ ចំណែក​ប្រទេស​វៀតណាម បាន​កាន់កាប់​ដី​ចូល​កម្ពុជា​ចំនួន ២១៦០,៦​ ហិកតា​។​

​សម្តេច​បាន​ពន្យល់ថា បើសិនជា​តួលេខ​នេះ មានការ​ទទួលស្គាល់​ដោយ​ភាគី​ទាំងសងខាង​គឺ កម្ពុជា និង​វៀតណាម​នោះ វៀតណាម​ត្រូវ​សង​ដី​កម្ពុជា​ចំនួន ១២៤៣,៩​ ហិកតា​។​

​ការដោះដូរ​ដី គឺត្រូវធ្វើ​នៅក្នុង​ខេត្ត​ដែលជា​ប់​គ្នា​ មុននឹង​ការដោះដូរ​ត្រូវ​ធ្វើទៅ​ខេត្ត​ផ្សេង​។​

​សម្តេច​បាន​ពន្យល់ថា ការដោះដូរ​ដី​នេះ គឺ​ក៏បាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន​ផងដែរ នៅក្នុង​ពិភពលោក ដូចជា រវាង​ចិន និង​វៀតណាម រវាង​បារាំង និង​ប៊ែ​ល​ហ្ស៊ិក រវាង​ប៊ែ​ល​ហ្ស៊ិក និង​ហូ​ល្លង់ រវាង​ប្រទេស​ឆេ​ក និង​ស្លូ​វ៉ា ​ជាដើម​។​

​ចំពោះ​ព្រំដែន​សមុទ្រ​វិញ សម្តេច​បាន​មានប្រសាសន៍ថា មិនទាន់មាន​ភាពច្បាស់​លាស់​នៅឡើយ​ទេ ដោយសារតែ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ មិនទាន់​យល់ស្រប​គ្នា​ទៅលើ​ដំណោះស្រាយ​។​

ព្រំដែន​សមុទ្រ​កម្ពុជា និង​វៀតណាម​មិនទាន់​ច្បាស់លាស់

​សម្តេច ហ៊ុន សែន បាន​បដិសេធថា កម្ពុជា​មិនបាន​បាត់បង់​ដែនសមុទ្រ​ ដូចដែល​មានការ​ចោទប្រកាន់​ទេ​។​

​សម្តេច​បាន​មានប្រសាសន៍ថា មានការ​ចោទប្រកាន់ថា កម្ពុជា​បាន​បាត់បង់​ដែនសមុទ្រ ១០.០០០ ​គីឡូម៉ែត្រ​។ ប៉ុន្តែ​តាមពិត​នោះ ព្រំដែន​សមុទ្រ​កម្ពុជា​ជាមួយ​វៀតណាម​នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។​

​សម្តេច​មានប្រសាសន៍ថា គេ​ចោទប្រកាន់​ដោយ​ផ្អែកទៅលើ​ខ្សែបន្ទាត់​ ដែល​គេ​គូស​ជា​ឯកតោភាគី កាលពី​ឆ្នាំ​១៩៧២ ប៉ុណ្ណោះ​។​

​សម្តេច​បាន​មានប្រសាសន៍ថា ជំហរ​កម្ពុជា ​គឺ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រូវ​ផ្អែកទៅលើ​ខ្សែ​ប្រេ​វី​យ៉េ​។​

​សម្តេច​បាន​រិះគន់ថា ការចោទប្រកាន់​អំពី​ការបាត់បង់​ទឹកដី គឺជា​យុ​ទ្រ​សាស្ត្រ​នយោបាយ​ប៉ុណ្ណោះ​ ដើម្បី​រក​ការគាំទ្រ​។​

​សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា ការប្រកាស​ទាមទារ​ដី​កម្ពុជា​ក្រោម គឺ​ផុតរលត់​ហើយ​ នៅពេលដែល​កម្ពុជា​បានប្រកាស​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ​។​

​សម្តេច​បាន​មានប្រសាសន៍ថា យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​យក​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ ដើម្បី​ធានា​បូរណភាព​ទឹកដី​កម្ពុជា​។ សម្តេច​បាន​មានប្រសាសន៍​បន្តទៀតថា ទាំង​ព្រំដែន​គោក និង​ទឹក យើង​អនុវត្តតាម​មរតក​ដែល​សម្តេច​ន​រោ​ត្ត​សីហនុ បាន​បន្សល់ទុក ហើយ​ផ្អែកទៅលើ​ផែនទី​ដែល​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី កម្ពុជា​នៅតែ​រក្សា​អធិបតេយ្យភាព​នៅលើ​កោះ​វ៉ៃ​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា​រក្សា​អធិបតេយ្យភាព​នៅលើ​កោះ​វ៉ែ​។ សម្តេច​បាន​អញ្ជើញ​សមាជិកសភា និង​ព្រឹទ្ធសភា​ ទៅ​មើល​ផ្ទាល់​ភ្នែក​ជាមួយ​សម្តេច​។​

​សម្តេច​បាន​ពន្យល់​អំពី​ហេតុផល​ឆ្ពោះទៅកាន់​ការបង្កើត​អ្វី ដែល​គេ​ហៅថា តំបន់​ទឹក​ប្រវត្តិសាស្ត្រ​។ លោក​បាន​ពន្យល់ថា ការកើត​តំបន់​ប្រវត្តិសាស្ត្រ​នេះ ដោយសារតែ​ការដែល​មិនទាន់​ចុះសម្រុង​គ្នា​រវាង​ម្ពុ​ជា និង​វៀតណាម​អំពី​ខ្សែបន្ទាត់​សម្រាប់​កំណត់ព្រំដែន​សមុទ្រ​ ខណៈដែល​កម្ពុជា​ទាមទារ​ប្រើ​ខ្សែ​ប្រេ​វី​យ៉េ ចំណែក​វៀតណាម​ទាមទារ​ខ្សែ​សម​ចម្ងាយ​។ កម្ពុជា​នឹង​បន្ត​ច​ចារ​ជាមួយ​វៀតណាម​ទៀត​។​

​កងទ័ព​របស់​អា​ធី​វ​បាន​ចូលកាន់​កាប់​កោះ​នោះ គឺជា​អ្វីដែល​សម្តេច​ ហ៊ុន សែន​ បានលើកឡើង​ថា នាំ​ដល់​គំនិត​បង្កើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ដែលមាន​គោលបំណង​សំខាន់​រក្សា​អធិបតេយ្យភាព​កម្ពុជា​នៅ​ទីនោះ​។​

​សម្តេច​បាន​ពន្យល់ថា ការកកើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ គឺ​ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នៅលើ​កោះ​វ៉ែ​នោះ​។ នៅពេលនេះ គឺ​កងទ័ព​កម្ពុជា​បាន​ឈរជើង​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ​១៩៨២​មក​៕​