Thursday, August 9, 2012

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ទស្សនា និង​ស្តាប់ ការបកស្រាយ​របស់​ស​ម្តេច ហ៊ុន សែន​

តាកែវ: នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ ចាប់ពី​ម៉ោង ៨​ព្រឹក នៅ​រដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បកស្រាយ​អំពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលជា​បញ្ហា​មាន​សារៈសំខាន់​សម្រាប់​អាយុជីវិត​របស់​ជាតិ​ទាំងមូល​នោះ​។ 

​លោក ស្រី បេន អភិបាល​ខេត្តតាកែវ និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្តតាកែវ បាន​ផ្សព្វផ្សាយ​ជាបន្ទាន់​ដល់​មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត អង្គភាព​ប៉ូលិស ប៉េអឹម ទាហាន អាជ្ញាធរ​ក្រុង​-​ស្រុក ព្រមទាំង​ប្រជាពលរដ្ឋ​នៅតាម​ឃុំ​-​សង្កាត់ ភូមិ វត្ត​អារាម និង​ទីប្រជុំជន ជាពិសេស​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​បាន​តាមដាន​ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍ ពី​ការបកស្រាយ​របស់​សម្តេច ហ៊ុន សែន ស្តីពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម​។ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា លោក​បាន​ចាត់តាំង​រៀបចំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ នៅតាម​អង្គភាព​បញ្ជាការដ្ឋាន វរ អធិការដ្ឋាន គ្រប់​ស្រុក​-​ក្រុង ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ ឱ្យ​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ នៅតាម​កន្លែងធ្វើការ​រៀងៗ​ខ្លួន ដើម្បី​តាមដាន​ស្តាប់​ការផ្សាយ​ផ្ទាល់​តាម​វិទ្យុ និង​តាម​ទូរទស្សន៍ នូវ​ការបកស្រាយ​បំភ្លឺ​របស់​សម្តេច​តេ​ជោ​។ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាយ សារុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ ក៏បាន​ចាត់តាំង​កម្លាំង ដើម្បី​តាមដាន​ស្តាប់​ការផ្សាយ​ផ្ទាល់​តាម​វិទ្យុ និង​ទូរទស្សន៍ នូវ​ការបកស្រាយ​របស់​សម្តេច ហ៊ុន សែន ដែរ​។ 

​លោក អ៊ូច ភា អភិបាលក្រុង​ដូន​កែវ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ និង​ចាត់តាំង​មន្ត្រី​សាលាក្រុង តាម​សង្កាត់ ភូមិ វត្ត​អារាម និង​ទីប្រជុំជន ឲ្យ​តាមដាន​ការបកស្រាយ​របស់​សម្តេច​តេ​ជោ ស្តីពី​ការបោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម​ផងដែរ​៕