Thursday, August 9, 2012

អង្គ​ភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​បញ្ជូន​​ខ្លួន​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម​ និង​សំណង់​៤​នាក់​​មក​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ

ភ្នំពេញ: មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចំនួន ៤ នាក់​កាលពី​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២ បាន​ត្រូវ​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ ពី​គម្រោង​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច និង សាងសង់​លំនៅស្ថាន​ជូន​អតីតយុទ្ធជន​នៅ​ខេត្ត​មួយចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១១ ។​

​មន្ត្រី​ទាំង​បួន​នាក់​នេះ​មានឈ្មោះ​សារ៉េត បូរ៉ា​មី​, ឈ្មោះ​ផូ​រ វុ​ឌ្ឍី​, ឈ្មោះ​មាស ឥស្ស​រ៉ា និង​ឈ្មោះ​ទុយ ឡាយ​រិ​ទី្ធ បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២ កន្លងទៅ​។​

​ចំពោះ​មូលហេតុ​នៃ​ការឃាត់ខ្លួន​នេះ ពុំមាន​ប្រភព​ណា​បញ្ជាក់​ឱ្យដឹង​ជា​ផ្លូវការ​នោះទេ គ្រាន់តែ​បង្ហើប​ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​គម្រោង​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច និង សាងសង់​លំនៅស្ថាន​ជូន​អតីតយុទ្ធជន​ប្រចាំឆ្នាំ​២០១១ ដែលមាន​ទឹកប្រាក់​ប្រមាណ​រាប់សិប​ពាន់​លាន​រៀល ប៉ុន្តែ​នៅពេលដែល​យកទៅអនុវត្ត​ជាក់ស្តែង មន្ត្រី​មួយចំនួន​បាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកា​ទាំងនេះ យកទៅ​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ឆ្លងតាម​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​រួចហើយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានកំណត់​អត្តសញ្ញាណ​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ រួច​សុំ​គោលការណ៍​ពី​តុលាការ​ឃាត់ខ្លួន​ពួកគេ យកមក​សាកសួរ​ប្រយោជន៍​ដើម្បី​រក​បក្ខពួក និង​ខ្សែរយៈ​ជា​បន្តទៀត​៕