Thursday, August 9, 2012

មន្ត្រី​អប់រំ​៖ លោក រ៉ុង ឈុន គាត់​មិនមែន​អ្នកធ្វើ គាត់​អ្នក​និយាយ គាត់​ចេះតែ​និយាយ​ទៅ​

ភ្នំពេញ: មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែងថា សម្រាប់​ការប្រព្រឹត្ត​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ ក្រសួង​បាន​ខិតខំ​ដុតដៃដុតជើង ខំធ្វើការ​ងារ​ប៉ុន្មាន​ថ្ងៃនេះ ដើម្បី​ឲ្យ​ការប្រឡង​មាន​ភាពយុត្តិធម៌ និង​សុ​ក្រឹត្យ​។ 

​លោក សម សេរី​រ័ត្ន អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២ នេះ​ថា ក្រសួង​អប់រំ​បាន​ខិតខំ​រៀបចំ​ការប្រឡង​សញ្ញា​មធ្យមសិក្សា​ទុតិយ​ភូម​ឲ្យ​បានល្អ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​ការបង្ក​ភាព​រញ៉េរញ៉ៃ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង និង​ការពារ​មណ្ឌល​ប្រឡង​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង​។​

​លោក សម សេរី​រ័ត្ន ក៏បាន​ប្រតិកម្ម​ផងដែរ ទៅនឹង​ការចោទប្រកាន់​នានា ពី​សំណាក់​លោក រ៉ុង ឈុន នៅក្នុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ​ថា “​លោក រ៉ុង ឈុន គាត់​មិនមែន​អ្នកធ្វើ គាត់​អ្នក​និយាយ គាត់​ចេះតែ​និយាយ​ទៅ​។ បើ​យើង​អ្នកធ្វើ​នេះ យើង​ដុតដៃដុតជើង​ចង់​ងាប់​ហើយ​។ រាល់​ឆ្នាំ រ៉ុង ឈុន និយាយ​គ្រប់​តែ​រឿង​ហ្នឹង​។ រ៉ុង ឈុន គាត់​មិនដឹងថា យើង​ធ្វើការ​យ៉ាងម៉េច​ផង គាត់​ដឹង​តែ​ថា មិនល្អ មិនល្អ តែ​គ្រូបង្រៀន​យើង​ទូទាំងប្រទេស​គាត់​ខំ​សស្រាក់សស្រាំ​ធ្វើ​ការងារ​របស់​យើង ប៉ុន្មាន​ថ្ងៃ​មកនេះ តែ​ត្រូវ​ថា យ៉ាងម៉េច​ទៀត​”​។​
​    ​
​សូមជម្រាបថា បន្ទាប់ពី​បញ្ចប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅថ្ងៃនេះ លោក រ៉ុង ឈុន បានចេញ​នូវ​សេចក្ដីថ្លែងការណ៍​ដោយ​លើកឡើងថា ការប្រឡង​បាក់​ឌុប ត្រូវ​បានបញ្ចប់​នៅថ្ងៃនេះ ដោយ​ស្ថានភាព​ស្រអាប់ ការដែល​ក្រសួង​អប់រំ​គ្រប់គ្រង​ដំណើរការ​ប្រឡង​មិនបាន​ល្អ គឺជា​ការបរាជ័យ​។  

​ការប្រព្រឹត្តទៅ​នៃ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុងសម័យ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​កន្លះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១២ ដែលមាន​បេក្ខជន​ចំនួន ១១៤.៤១៤ នាក់ មណ្ឌល​ប្រឡង​ចំនួន ២៥៤​មណ្ឌល និង ៤.៦៦៣ បន្ទប់​៕​