Thursday, August 9, 2012

ចៅក្រម​ស៊ើបសួរ បដិសេធ​ជា​លាយលក្ខណ៍អក្សរ មិន​ឲ្យ​លោក ម៉ម សូណង់ដូ បាន​នៅក្រៅ​ឃុំ​ទេ​

ភ្នំពេញ: ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី សែម ស័ក្តិ​កូ​ឡា បានចេញ​ដីកា កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១២ ដោយ​សម្រេច​បដិសេធ​ពាក្យស្នើសុំ​របស់​មេធាវី​ឲ្យ លោក ម៉ម សូណង់ដូ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

​លោក សុខ សំអឿន មេធាវី​ការពា​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២ ថា លោកស្រី សែម ស័ក្តិ​កូ​ឡា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​បានសម្រេច​ចេញ​ដីកា​បដិសេធ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១២ ឆ្លើយតប​នឹង​សំណើ​របស់លោក​មេធាវី ដែល​សុំ​ធានា​កូនក្តី គឺ​លោក ម៉ម សូណង់ដូ បាន​ស្ថិត​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​។​

​លោក​មេធាវី សុខ សំអឿន បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងនេះ​ថា “​ចៅក្រម​ស៊ើបសួរ គេ​បដិសេធ​ដោយមាន​មូលហេតុ​ពីរ ទី​១-​ចៅក្រម​ស៊ើបអង្កេត​កំពុង​ស៊ើបសួរ និង​ទី​២-​ព្រះរាជអាជ្ញា អត់​ព្រម​”​។​
​លោក​មេធាវី បាន​មានប្រសាសន៍​បន្តថា ចំពោះ​ការសម្រេច​ប្តឹង​ទាស់​នឹង​ការបដិសេធ មិន​ឲ្យ​កូនក្តី​របស់លោក គឺ​លោក​ម៉ម​សូណង់ដូ មិនអាច​ស្ថិត​នៅក្រៅ​ឃុំ​បាន​នោះ គឺ​ការ​ប្តឹងទៅ​ឧទ្ធរណ៍ លោក​មេធាវី​ត្រូវការ​ពិគ្រោះ​យោបល់​ជាមួយ​កូនក្តី​សិន ដែល​ជំនួប​ពិភាក្សា​នោះ នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​៨ ខែសីហា ឬ​ថ្ងៃស្អែក​ទី​៩ សីហា ឆ្នាំ​២០១២​។​

​លោក​មេធាវី សុខ សំអឿន បាន​បញ្ជាក់ថា លោក​មាន​សំអាង​រឹងមាំ​មួយចំនួន សម្រាប់​ការពារ​កូនក្តី​របស់លោក នៅក្នុង​តុលាការ និង​មាន​សំអាង​រឹងមាំ សម្រាប់​ប្តឹង​ស្នើសុំ​ឲ្យ លោក​ម៉ម​សូណង់ដូ នៅក្រៅ​ឃុំ​។ នោះ​គឺ​លោក​ម៉ម​សូណង់ដូ មិនបាន​ជាប់​ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់ ហើយ​លោក​នឹងមិន​រត់គេច ទៅណា​ទេ​។​

​សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​លា​សា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពីបទ ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ប្រឆាំងនឹង​អាជ្ញាធរ​ស្របច្បាប់​។​

​ការចោទប្រកាន់​ទាំងនោះ អាជ្ញាធរ​បាន​ភ្ជាប់​ទៅនឹង​ករណី​ជម្លោះដីធ្លី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ជម្លោះដីធ្លី​នោះ មាន​ប្រជាពលរដ្ឋ​មួយក្រុម ដែល​ដឹកនាំ​ដោយ​ឈ្មោះ ប៊ុត រដ្ឋា ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ របស់លោក ម៉ម​សូណង់ដូ ត្រូវបាន​រដ្ឋាភិបាល ចោទប្រកាន់ថា បាន​ចាប់ដី​ខុសច្បាប់ និង​បង្កើត​តំបន់អបគមន៍ លើដី​ជម្លោះ រហូតដល់​កងកម្លាំង​រដ្ឋាភិបាល ចុះបង្ក្រាប និង​ប​ណ្ថេ​ញ​ចេញ​ដោយ​អាវុធ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់ ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ទៀត រត់គេចខ្លួន​។​

​មាន​អាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ គឺ​បន្ទាប់ពី​លោក បាន​វិលត្រឡប់​ពី​ប្រទេស​អាមេរិក កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២៕​