Thursday, August 9, 2012

ពុយ គា ៖ សង្ឃឹមថា កិច្ចប្រជុំកំពូល អាស៊ាន នៅខែវិច្ឆិកា នឹងអាចចេញ សេចក្តីថ្លែងការណ៍រួម ដូចការគ្រោងទុក

ភ្នំពេញៈ អ្នកកាសែតជើងចាស់មួយរូប ដែលមានបទពិសោធន៍ រាយការណ៍កិច្ចប្រជុំអាស៊ាន អស់​ពេល​ជាង ១០ឆ្នាំ មកហើយនោះ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា បាន​សម្តែង​នូវការ​រំពឹង​ទុក​របស់​ខ្លួនថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលនឹងធ្វើនៅ រាជធានីភ្នំពេញ នៅខែវិច្ឆកា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចចាត់ចែងបាន នូវការចេញសេចក្តីថ្លែងការណ៍រួម ដូចដែល​បាន​គ្រោង​ទុក។
អ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន ជប៉ុនក្យូដូប្រចាំកម្ពុជា លោក ពុយ គា បាន​ថ្លែង​នូវ​ក្តីរំ​ពឹង​ទុក​ដូច្នេះ គ្រាដែលលោកចូលរួមជាវាគ្មិន កិត្តិយសក្នុងកម្មវិធី ព័ត៌មានពេលថ្ងៃត្រង់ របស់​វិទ្យុ​ដើម​អម្ពិល FM93.75 MHz ពិភាក្សាអំពីការវិវត្តន៍ នៃអាស៊ានចំខួបគម្រប់ ៤៥ឆ្នាំ នៃការបង្កើតអាស៊ាន។
លោក ពុយ គា មានប្រសាសន៍ដូច្នេះថា " កម្ពុជាមានឯកសារពីរ ដែលត្រូវចេញនៅខែ១១ និង​ត្រូវ​ចុះ​ហត្ថលេខា នៅទីក្រុងភ្នំពេញ ដាក់ចេញពីភ្នំពេញ។ ដូច្នេះបើសិន ជាអត់បានចុះទៀត គឺជា​ប្រវត្តិ​សាស្ត្រ​មួយ វាស្តាយនៅពេល ដែលយើងជាម្ចាស់ផ្ទះ វាអត់មានឯកសារចេញពីភ្នំពេញ ចុះ​ហត្ថលេខា ព្រោះប្រទេសមួយនៅពេលមានកិច្ចប្រជុំ នៅប្រទេសគេ សុំឱ្យ​មាន​ឯកសារ​ចេញ​ក្នុង​ប្រទេស​នោះ ព្រោះវាជាប្រវត្តិសាស្ត្រ។ ខ្ញុំសង្ឃឹមថា ក្នុងកិច្ចប្រជុំកំពូល ខែ ១១នេះ ថ្នាក់ដឹក​នាំ​របស់​គាត់​នឹង ចាត់ចែងបានដើម្បីធានា ឲ្យឯកសារដែលត្រូវចេញ ត្រូវចេញឲ្យរួច ដែល​មាន​ដូច​ជា​សេច​ក្តីថ្លែងការណ៍ ស្តីពីសិទ្ធិមនុស្សអាស៊ាន និង ការចូលរួមជាប្រទេស មហាអំណាចទាំង៥ [P5]" ។
យ៉ាងណាក៏ដោយបើតាម លោក ពុយ គា កម្ពុជាមានការបារម្ភ ចំពោះប្រទេសជាសមាជិកមួយចំនួន អាចនឹងធ្វើ ការរារាំងដល់ដំណើការ នៃការចេញ សេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ដូចទៅនឹងកាល ពីកិច្ចប្រជុំអាស៊ាន កាលពីខែកក្កដា កន្លងទៅនេះ។ នោះ​ក៏ព្រោះ​តែ​ប្រទេស​វៀតណាម និងហ្វីលីពីន យកបញ្ហាសមុទ្រចិនខាងត្បូង ដាក់សម្ពាធលើកម្ពុជា។
សូមជម្រាបថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ា នានៅរាជធានីភ្នំពេញ កាលពីខែកក្កដា ដោយ​មិនមាន ចេញសេចក្តីថ្លែងការណ៍រួម របស់អាស៊ាននោះទេ ក៏ព្រោះតែប្រទេសជាសមាជិក អាស៊ាន​មួយចំនួនចង់ឲ្យបញ្ហា សមុទ្រចិនភាគខាងត្បូង ដែលជាជម្លោះទ្វេភាគីរបស់ រវាង​ប្រទេស​ទាំងនោះជាមួយចិន ឲ្យអាស៊ាន ដោះស្រាយ វិវាទទ្វេភាគីនេះ៕
www.dap-news.com