Thursday, August 9, 2012

សម្តេច​ហ៊ុន​សែន បំភ្លឺ​រដ្ឋសភា រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​

ភ្នំពេញ: នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ សរុប​ប្រមាណ ១០ រូប ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​។ កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​នេះដំណើរការ​ដោយ​កូរ៉ុម ១០២ រូប​។​

​ក្នុងពេល​ផ្តើមដំបូង សម្តេច​ហេង​ សំរិន ប្រធានរដ្ឋសភា បាន​ប្រកាស​ទុក​ជាមុន​ថា មិនឲ្យ​មាន​ការសួរដេ​ញ​ដោល​ស​ម្តេច​ហ៊ុន ​សែន​ទេ ពាក់ព័ន្ធ​នឹង​បទ​អន្តរាគមន៍​របស់​សម្តេចលើ​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ព្រឹក​នេះ​។​

​ចំណែក​សម្តេច​ហ៊ុន​ សែន ក៏​បាន​វាយប្រហារ​ចំពោះ​លោក​សម ​រង្ស៊ី មេ​បក្ស​ប្រឆាំង ដែល​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​បាន​លើក​សរសើរ​លោក​សុន​ ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ថា​បាន​លេង​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ តាមរយៈ​ការ​ធ្វើ​លិខិត​សួរដេញដោល​សម្តេច នៅក្នុង​រដ្ឋសភា មិន​ដូច​មេបក្ស​សមរង្ស៊ី ដែល​លេង​នយោបាយ​តាម​ចិញ្ចើមថ្នល់ លើកគ្នា​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​នោះឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន បាន​អាន​នូវ​ចម្លើយ ដែល​បាន​សេចក្តីព្រាង​ទុក អម​ដោយ​អត្ថាធិប្បាយ​។ សម្តេច​ប្រកាស​ថា សម្តេច​ត្រូវការ​ពេល​លើសពី ៤ ម៉ោង​សម្រាប់​បទ​អន្តរាគមន៍​ពេលនេះ​។​

សមាជិករដ្ឋសភា ដឹកនាំដោយលោកសុន ឆ័យ ក៏បានអង្គុយតាមដានបទអន្តរាគមន៍​របស់សម្តេចហ៊ុន សែន នៅក្នុងកិច្ចប្រជុំរដ្ឋសភាផងដែរ។

​នៅ​ក្រៅ​រដ្ឋសភា​វិញ តាម​ហាង​កាហ្វេ វត្ត​អារាម ទីសាធារណៈ ពិសេស​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន ក៏​មាន​ការប្រមូលផ្តុំតាមដាន​នូវ​បទ​អន្តរាគមន៍​របស់​សម្តេច តាម​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់ ចេញ​ពី​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២៕ S