Thursday, August 9, 2012

ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​ចាប់​មនុស្ស​៤នាក់​​ដល់​ខេត្ត​បាត់ដំបងពីបទ​​ជួញ​ដូរ​មនុស្ស​​ឆ្លង​​ដែន​ខុស​ច្បាប់​

ខេត្ត​កំពង់ឆ្នាំង​ ៖ ​ ជន​សង្ស័យ​ចំនួន​៤នាក់ ​​ត្រូវ​បានប៉ូលិស​​ការិយាល័យ​​ប្រឆាំង​​ការ​ជួញ​ដូរ​​​មនុស្ស  និង​ការពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត​​ សហការ​ជាមួយ​ប៉ូលិស​​​​ខេត្ត​បាត់​ដំបង ​ចាប់​ឃាត់​ខ្លួន​​​បានជាបន្ត​​​បន្ទាប់​​នៅ​កន្លែង​​​ផ្សេងគ្នា ​​​ដោយចោទ​ប្រកាន់ ​​​ពីបទ​ជួញដូរ​​​មនុស្ស​ឆ្លង​ដែន​​​ខុស​ច្បាប់ ​ដែល​ប្រព្រឹត្ត​​​​​ឡើង​កាលពី​ដើម​ខែ​ឧសភា ​​២០១២ ​​​កន្លងទៅ ​នៅ​ស្រុក​​កំពង់​លែង ខេត្ត​កំពង់ឆ្នាំង ​និង​នៅស្រុក​​សំពៅលូន ​​ខេត្តបាត់​ដំបង ​​ក្នុង​នោះ​​​​៣នាក់ ​ចាប់​បាន កាលពី​ល្ងាច​ថ្ងៃទី៧ ​​​សីហា ​​នៅ​ខេត្ត​បាត់​ដំបង ​​និងម្នាក់​ទៀត​ចាប់នៅព្រឹក​​ថ្ងៃទី៨ ​​សីហា ​នៅ​ខេត្ត​កំពង់ឆ្នាំង ។
​​លោក​​ស្រី​វរ​សេនីយ៍ឯក​ប្រាក់​​ សៅ​នី ​ស្នង​ការ​រង​​​ខេត្ត​​បាន​និយាយ​​​ថា ដើម្បី​​​​ឱ្យ​ងាយ​យល់​ លោក​ស្រីសូម​ចែក​ករណី​​​ជួញដូរ​មនុស្ស​ឆ្លង​ដែន​​ខុស​ច្បាប់នេះជាពីរក្រុម​ ​ដោយ​មួយ​ក្រុម​ជា​អ្នក​នាំ​​មនុស្ស​​​ចេញពី​​ខេត្ត​កំពង់​​ឆ្នាំង ទៅ​ខេត្ត​បាត់​ដំបង ​​​និង​មួយ​ក្រុម​ទៀត​​នាំចេញ​​ពី​ខេត្ត​បាត់​ដំបង ​​ឆ្លង​ចូល​​ទៅ​ប្រទេស​ថៃ ។ ​លោកស្រី​​បាន​បញ្ជាក់ថា ​​ចំពោះ​​​ក្រុមទី១ ​​គឺ​១-​ឈ្មោះ​​​ជឿន ​​ចាន់ ភេទប្រុស ​អាយុ​៣២​ឆ្នាំ ​២-ឈ្មោះសូ ​ផ្លុយ ​​ភេទ​ប្រុស ​​អាយុ​​២៩​ឆ្នាំ ​​​និង​៣-​​ឈ្មោះ​ឡោ ​អូប ភេទស្រី អាយុ​២៤​ឆ្នាំ ​​ទាំង​៣​នាក់ ​មានទីលំនៅ​ភូមិ​ធ្លក ឃុំ​ច្រណូក ​​ស្រុក​​កំពង់​​លែង ហើយ​អ្នក​ទាំង៣​នាក់ នេះ បាន​​ចាប់​ដាក់ពន្ធ​នាគារ​រួច​ហើយ ក្រោម​បទ​ចោទប្រកាន់​ខាង​លើ ។ ​​​
លោកស្រី​​បាន​បន្ត​ថា ​ក្នុងអំឡុង​​​ដើម​ខែ​​ឧសភា ​​២០១១ ​ពួកគេ​ទាំង​៣នាក់​​បាននាំ​​ពលករ​ឆ្លង​ដែនខុសច្បាប់​ចំនួន​៣៣​នាក់ ​ ក្នុង​នោះ​​​មាន១០​នាក់​ ជាអនីតិជន​​​ចេញពីភូមិធ្លក ឃុំ​​ច្រណុក ​ស្រុក​កំពង់​លែង ​យកទៅ​ឱ្យ​ស្ត្រី​​​ម្នាក់​ឈ្មោះញ៉ែម ​ពេញ អាយុ​៦២ឆ្នាំ ​​មាន​ទីលំនៅ​​ស្រុក​សំពៅ​លូន ​ខេត្ត​បាត់​ដំបង ​​តាម​ការ​អូស​ទាញ​​របស់ឈ្មោះ​ឡោ ឡា ​ភេទប្រុស អាយុ​៣២​ឆ្នាំ ​ដែល​ត្រូវជាបង​ប្រុស​របស់​ឈ្មោះ​ឡោ អូប ​ដោយ​ប្រាប់​​ថា ទៅ​ច្រូត​​ស្រូវ​របស់​យាយ​​ពេញ ។