Thursday, August 9, 2012

នាយករដ្ឋមន្ត្រី សរសើរ​អ្នកតំណាងរាស្ដ្រ​បក្សប្រឆាំង ទ្រាំ​អង្គុយ​ស្ដាប់​ទាំង​ជូរចត់​

ភ្នំពេញ: សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មុននឹង​បញ្ចប់​ការឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​ថ្លែង​កោតសរសើរ​អំពី​ភាពក្លាហាន របស់​អ្នកតំណាងរាស្ដ្រ​នៃ​គណបក្ស​សមរង្ស៊ី ដែលជា​ម្ចាស់​សំណួរ បាន​ទ្រាំ​អង្គុយ​ស្ដាប់​ទាំង​ជូរចត់​។​

​ការ​ថ្លែង​កោតសរសើរ​នោះ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​សូម​កោតសរសើរ​ដល់​អ្នកតំណាង​រាស្ដ្រ នៃ​គណបក្ស​ម្ចាស់​សំណួរ ដែល​បាន​ប្រឹងប្រែង​អង្គុយ​ស្ដាប់ ទោះបីជា​ជូរចត់ ក៏ប៉ុន្តែ​បាន​ប្រឹង​។ អរគុណ​! កោតសរសើរ​ចំពោះ​ភាពក្លាហាន​”​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​ថា បើ​យើង​សហការគ្នា​ដូចនេះ ថ្ងៃក្រោយ​យើង​ជិះ​កប៉ាល់​ទៅ​ជាមួយគ្នា មើល​កោះ​មើល​ត្រើយ​មួយចំនួន ហើយ​មិន​ចោទ​គ្នា​ថា អា​ក្បត់ជាតិ លក់​ដី​ឲ្យ​គេ​ទេ​។ យើង​អាចមាន​មោទនភាព​ជាមួយគ្នា ក្នុងឋានៈ​ជា​ជនរួមជាតិ​ដូចគ្នា ហោចណាស់​យើង​ជា​ខ្មែរ​ដូចគ្នា​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា “​សូម​អរគុណ​ចំពោះ​ឯកឧត្តម លោកជំទាវ ដែល​ទ្រាំ​អង្គុយ​ស្ដាប់ ដោយ​ភាសា​ខ្លះ​មិន​ពិ​រោះ ប៉ុន្តែ​ខ្ញុំ​ជំពាក់ ខ្ញុំ​ត្រូវតែ​និយាយ ព្រោះ​ឯកឧត្តម លោកជំទាវ បាន​បង្ខំ​ខ្ញុំ​ឲ្យ​និយាយ​”៕