Saturday, August 4, 2012

លោក ហ៊ុន​ ម៉ា​ណែ​​ត ​ចូល​រួច​ពិធី​បិទ​វគ្គ​ជំនាញ​រថក្រោះ​​និង​បាញ់​គ្រាប់​ពិត​នៅ​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​ សីហា​ ឆ្នាំ​២០១២​ លោក​ឧត្តម​សេនី​ទោ​ ​ហ៊ុន​ ម៉ា​ណែ​ត​ នាយករង​សេនាធិការ​ចម្រុះ​ នៃ​កង​យោធពល ខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​ បញ្ជាការដ្ឋាន​ជាតិ​កំលាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ចូលរួម​ជា​គណអធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ ផ្លាស់​ប្ដូ​ជំនាញ​ទ័ព​ថ្មើ​ជើង​ ទៅ​ជា​ជំនាញ​រថក្រោះ​ បាញ់​គ្រាប់​ពិត​ និង​អញ្ជើញ​ចុះ​សួរសុខទុក្ខ​នាយ​ទា​ហ៊ាន​ នាយទាហានរង​ ពល​ទាហាន​ នៅ​បញ្ជាការដ្ឋាន​រថក្រោះ​ កងទ័ពជើងគោក​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ឥ​ន្ធ​ជិត​ ឃុំ​ឈើទាល​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​។​
​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​គ្រប់គ្រង​វគ្គ​ហ្វឹកហ្វឺន​យោធា​ចា​រ្យ​ជំនាញ​រថក្រោះ​ បានឲ្យដឹង​ថា​ សិក្ខាកាម​ចូលរួម​ហ្វឹកហ្វឺន​សរុប​១១៧​នាក់​ក្នុង​រយៈពេល​ហ្វឹក​ហឺ​ន​រៀនសូត្រ​៤​ខែ​ ចែក​ចេញ​ជា​៣​ជំនាញ​គឺ​​ ជំនាញ​បញ្ចា​រថក្រោះ​៣២​នាក់​ ថ្នាក់​ជំនាញ​បាញ់កាំភ្លើង​លើ​រថក្រោះ​៤២​នាក់​ ថ្នាក់​ជំនាញ​បើក​រថក្រោះ​៤៣​នាក់​ ជា​លទ្ធផល​ហ្វឹកហ្វឺន​ជាក់ស្ដែង​ លើ​មុខ​វិជ្ជា​សិក្ខាកាម​សម្រេចបាន​ថ្នាក់​ពូកែ​ ល្អ​ ល្អ​បង្គួរ​ និង​មធ្យម​។​
ក្រោយ​ពី​បាន​ស្ដាប់​របាយការណ៍​របស់​ប្រធាន​វគ្គ​ហ្វឹកហ្វឺន​រួច​មក​ ​លោក ​ហ៊ុន​ ម៉ា​ណែ​ត​ បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ដល់​នាយ​ ពល​ទាហាន​  ដែល​បាន​ចំណាយពេល​សិក្សា​រៀនសូត្រ​លើ​ជំនាញ​វគ្គ​ហ្វឹកហ្វឺន​រថក្រោះ​ ហើយ​សូម​ឲ្យ​នាយទាហាន​ទាំងអស់​ ដែល​បាន​ឆ្លងកាត់​វគ្គ​នេះ​យកចំណេះ​ដឹង​ទាំងនេះ​ទៅ​បម្រើ​ការងារ​ក្នុង​អង្គភាព​រៀងៗ​ខ្លួន​ ជា​ពិសេស​យកចំណេះ​ដឹង​ទាំងនេះ​ទៅ​បម្រើការ​ប្រយុទ្ធ​ ការពារ​ជាតិ​ មាតុភូមិ​ពេល​ត្រូវការ​ចាំបាច់​ណាមួយ​ ​ក្នុង​ខណៈ​ពេល​មានការ​ឈ្លានពាន​បូរណភាព​ទឹកដី​ពី​បច្ចាមិត្ត​ផ្សេងៗ​ ដែល​មាន​បំណង​ឈ្លានពាន​យក​ដី​ប្រទេស​កម្ពុជា​យើង​ ។​
​ក្នុង​ឱកាស​បិទ​វគ្គ​ហ្វឹកហ្វឺន​ និង​បាញ់​គ្រាប់​ពិត​ លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​នាំ​យក​ថវិកា​១០​លាន​រៀល​ និង​គ្រឿង​ឧបភោគ​ បរិភោគ​មួយ​ចំនួន​ទៀត​ផង​ ដែល​ជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​ ព្រមទាំង​អំណោយ​ប្រេងសាំង​ ៣​ពាន់​លី​ត្រ​ និង​ម៉ា​ស៊ូ​ត​ ១​ពាន់​លី​ត្រ​ ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​ របស់​កង​បញ្ជាការ​រថក្រោះ​ផង​ដែរ​។​ ក្រោយមក​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​ណែ​ត​ ព្រមទាំង​គណប្រតិភូ​អមដំណើរ​បាន​ចូលរួម​បំពាក់​មេដៃ​ជូន​ដល់​នាយ​ទា​ហ៊ាន​ នាយ​ទា​ហ៊ាន​រង​ និង​ពល​ទា​ហ៊ាន​ ជា​សិក្ខាកាម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នោះ​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​រៀនសូត្រ​ រួច​មក​គណៈប្រតិភូ​បាន​ចូលរួម​បាញ់​គ្រាប់​ពិត​ប្រភេទ​កាំភ្លើងយន្ដ​ដែល​បំពាក់​លើ​រថក្រោះ​ផង​ដែរ​។​
​ក្នុង​ឱកាស​នោះ​ដែរ​ លោក​បាន​មាន​ប្រសាសន៍​បន្ដ​ទៀត​ថា​ អាវុធ​យុទ្ធ​ភ័​ណ្ឌ​គ្រប់​ប្រភេទ​ដែល​មាន​បំពាក់​នៅ​លើ​រថក្រោះ​ ហើយ​ធ្វើការ​បាញ់​នៅ​ថ្ងៃនេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ អាច​បម្រើ​ការ​ប្រយុទ្ធ​តបត​ទៅ​លើ​ខ្មាំងសត្រូវ​បាន ​ដោយសារ​ការ​សាកល្បង​បាញ់​គ្រាប់​ពិត​ថ្ងៃនេះ​ ចំ​លើ​គោលដៅ​បាន​ល្អ​ ៕