Saturday, August 4, 2012

ក្រុម​ការងារ​ផ្ទះ​ទេវតា នៃ​មូលនិធិ​បាយ័ន បាន​នាំ​យក​អំណោយ​លោកជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ផ្តល់​ជូន​ជន​ចាស់ជរា គ្មាន​ទីពឹង នៅ​ខេត្តស្ទឹងត្រែង

ភ្នំពេញ ៖ យោងទៅតាម​សេចក្តី​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុង​ការ​ស្វែងរក​ជន​ចាស់ជរា​គ្មាន​ទីពឹង នៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ខេត្តស្ទឹងត្រែង ដើម្បី​ផ្តល់​អំណោយ​សង្គ្រោះ​នោះ នៅ​ព្រឹក​ថ្ងៃទី០២ សីហា ២០១២ ក្រុមការងារ​កម្មវិធី​ផ្ទះ​ទេ​តា នៃ​មូលនិធិ​បាយ័ន បាន​ធ្វើ​ដំណើរ​ទៅដល់ ក្រុង​ស្ទឹងត្រែង នៃ​ខេត្តស្ទឹងត្រែង​។
ក្រុម​ការងារ​ក៏​បាន​ជួប​ផ្ទាល់​ជាមួយ​ លោកតា នៅ យួ​ង អាយុ ៧៧ ឆ្នាំ និង​លោកយាយ មាឃ ស៊ន់ អាយុ៧៣ឆ្នាំ ដែល​រស់នៅ​ភូមី​គីឡូ​លេខ ៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ​ដែល​ត្រូវ​បាន​ទទួល​ការ​អាណិត​សន្តោស​ប្រោស​ប្រណី​ពី​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុង​ការ​ផ្តល់​អំណោយ​សង្គ្រោះ និង​សម្រេច​សាងសង់​ផ្ទះ​ទេវតា​មួយ​ខ្នង​ជូន​ដល់​​ពួក​គាត់។
គួរ​បញ្ជាក់​ផង​ដែរ​​ថា បច្ចុប្បន្ន​លោកយាយ​លោកតា មិន​មាន​ផ្ទះ​ស្នាក់​នៅ​នោះ​ទេ គឺ​ស្នាក់នៅ ផ្ទះ​​ប្រជាជន​នៅ​ទីនោះ ​ដោយ​សារ​ពេល​ថ្មីៗនេះ​ផ្ទះ​របស់​គាត់ ត្រូវ​បាន​ភ្លើង​ឆេះ​អស់ហើយ​។ ​ក្រុម​ការងារ​ក៏​បាន​ផ្ដល់​ថវិកា​​​ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចំនួន ២លាន​រៀល ​​ផ្តល់​ជូន​លោកយាយ លោកតា ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ផ្ទះ​ទេវតា​១ខ្នង នឹង​ត្រូវ​សាងសង់​ផ្តល់​ជូន​គាត់​តាមរយៈ​លោក​ជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​មូលនិធិ​បាយ័ន ។
ចំណែក​​​ស្ត្រី​មេម៉ាយ ប្តី​ស្លាប់​រស់នៅ​ជា​មួយ​កូនៗ ៩នាក់ ក្នុង​បន្ទុក​គ្រួសារ និង​មាន​​ជំងឺ​រ៉ាំ​រ៉ៃ ​ផង​នោះ​ក៏​ត្រូវ​​បាន​ទទួល​ការ​សន្ដោស​​​ប្រណី​អាណិត​អាសូរ​​ពី​លោកជំទាវ ព្រមទាំង​ផ្តល់​ថវិកា​ចំនួន ១​លាន​រៀល​ផង​ដែរ។ ដោយឡែក​ស្ត្រី​មេម៉ាយ​ម្នាក់​ទៀត​រស់នៅ​​ក្នុង​បន្ទុក​គ្រួសារ​មានកូន ៩នាក់ និង​ក្នុង​ផ្ទៃ​ពោះ​ទៀត​នោះ បាន​រៀបរាប់​ពី​ជីវភាព​រស់​នៅ និង​ទុក្ខវេទនា​របស់​គាត់ ​ដែល​គួរអោយ​អាណិត អាសូរ​។
បច្ចុប្បន្ន​គាត់​រស់​នៅ​ក្នុង​ខ្ទម ដ៏​កំសត់ កណ្តាល​ព្រៃ ប្រកប​របរ​ដើរ​ស៊ី​ស្នួល​គេ ដើម្បី​ចិញ្ចឹម​កូន​ទាំង​៩នាក់។ ស្រ្តី​ទុរគត​រូប​នោះ​​​បាន​សំដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​ណាស់ និង​ថ្លែង​អំណរ​គុណ បំផុត​ចំពោះ​ការ​គិតគូរ​​ពី​សំណាក់​​លោកជំទាវ។
នា​ឱកាស​​នោះ ក្រុមការងារ​កម្មវិធី​ផ្ទះ​ទេវតា នៃ​មូលនិធិ​បាយ័ន ក៏​ផ្តល់​ជូន​ថវិកា ​របស់​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុង​ការ​ទ្រទ្រង់​ជីវភាព និង​ការ​សំរាល​កូន ចំនួន​២​លាន​​រៀល​ផងដែរ​។
នា​ឱ​កាស​​នោះ ក្រុមការងារ​ក៏បាន​បន្ត​​ដំណើរ​​ទៅ​ជួប​លោកយាយ ដែល​ជា​ទុរគត​ជន មួយ​រូប​ទៀត រស់នៅ​តែម្នាក់ឯង ក្នុងផ្ទះ​ចាស់​ទ្រុឌទ្រោម រួម​ជា​មួយ​នឹង​ជំងឺ​ចាស់​​ជរា​ដើរ​មិន​រួច​។ លោក​យាយ​​មាន​អាយុ ៧១ឆ្នាំមាន​បងប្អូន ២នាក់។ លោកយាយ​មិនមាន​​ប្តី​ទេ ហើយ​មាន​ស្រុកកំណើត នៅ​​​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូច​ឆ្មា ខេត្តកំពង់ចាម ដោយ​រូប​លោក​យាយ​មក​រស់នៅ​ទីនេះ តាំងពី​ឆ្នាំ​១៩៦៨ មក​ម្ល៉េះ ហើយ​​ប្រកប​របរ​ធ្វើ​កន្ទេល​លក់។ បច្ចុប្បន្ន លោកយាយ​រស់នៅ​ដោយ​អាស្រ័យ អ្នក​ជិតខាង​ផ្ដល់​​ម្ហូបអាហារ បន្តិច​បន្តូច​ដើម្បី​ទទួលទាន។
នា​ឱកាស​នោះ ក្រុមការងារ​ក៏​បាន​ផ្តល់​ថវិកា​របស់​លោក​ជំទាវ​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចំនួន​២០ម៉ឺន​រៀល ជូន​ដល់​លោកយាយ​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​សកម្មភាព​មនុស្សធម៌ មួយ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង​គ្រប់រូប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ការ​ផ្តល់​ជូន​នេះ គឺ​មិន​ប្រកាន់ និន្នាការ​នយោបាយ​ឡើយ ការ​សំខាន់​គឺ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ។
គួរ​បញ្ជាក់​ថា​មូល​និធិ​បាយ័ន​​ ​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ការ​ស្វែងរក​ជន​ក្រីក្រ តាម បណ្តា​​ខេត្ត​ផ្សេងៗ​ដើម្បី​ជួយសង្គ្រោះ​ក្នុង​វិស័យ​មនុស្សធម៌ ៕
03-08-2012-g-full
03-08-2012-h-full