Saturday, August 4, 2012

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ ធ្វើ​នៅ​ថ្ងៃទី​២៥​សីហា ដល់​ថ្ងៃ​ទី​១​កញ្ញា នៅ​ខេត្ត​សៀមរាប​

ភ្នំពេញ: កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អប្សរា​អង្គរ ក្រុង​សៀមរាប ខេត្ត​សៀមរាប​។ កិច្ចប្រជុំ​នោះនឹង​មាន​ការចូលរួម​បើក​កិច្ចប្រជុំដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១២​។ នេះ​បើ​តាម​លិខិត​ជូន​ដំណឹង​របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជូនទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​

​ក្រសួង​ពាណិជ្ជកម្ម បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ខេត្ត​សៀមរាប ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នោះ​។​

​សេចក្តីប្រកាស​លើក​ឡើង​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ នឹង​ពិនិត្យ​លើ​របៀបវារៈ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​សេរីភាវូបនីយកម្ម​ ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ដប់ និង​ជាមួយ​ប្រទេស​ដៃគូ​ពិភាក្សា មានដូចជា ស​ធា​រណ​រដ្ឋ​ប្រជាមានិត​ចិន សាធារណរដ្ឋ​កូរ៉េ ជប៉ុន អូស្ត្រាលី ញូ​វ​ហ្សេ​ឡិន ឥណ្ឌា សហរដ្ឋអាមេរិក កាណាដា និង​រុស្ស៊ី​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើង​ថា ក្នុង​កិច្ចប្រជុំ​នោះ​ដែរ នឹង​មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​នានា ក្នុង​ក្រប​ខ័ណ្ឌ​​អាស៊ាន ( AFTA Council, AIA Council, AEC Council ) ក្រប​ខ័ណ្ឌ​សហប្រតិបត្តិការ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ( CLMV ) ក្រប​ខ័ណ្ឌ​សហប្រតិបត្តិការ​ទន្លេ​មេគង្គ ( AMBDC ) កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ( AEM-WIPO Consultations )​។​ល​។​

​ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ប្រកាសថា ទន្ទឹម​នឹង​កិច្ចប្រជុំ​ខាងលើនេះ ក៏​នឹង​មាន​ព្រឹត្តិការណ៍​ជំនួប​កំពូល​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក និង​ពិព័រណ៍​ផលិតផល​សម្លៀកបំពាក់ និង​តម្បាញ ឆ្នាំ​២០១២ របស់​កម្ពុជា​ផង​ដែរ​៕