Saturday, August 4, 2012

អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ទួលគោក​ផ្ដល់​អំណោយ​ដល់​ជនរងគ្រោះ​ដោយ​ជំងឺអេដស៍​ ចាស់ជរា​និង​ ទីទាល់​ក្រ​១៥​គ្រួសារ​

ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំងឺអេដស៍ ចាត់​ជរា និង ​ទីទាល់​ក្រ​ក្នុង​មូលដ្ឋាន​ អនុសាខា​កាកបាទក្រហម​ខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក សេង រតនៈ រួម​និង​សហការី​កាលពី​ល្ងាច​ថ្ងៃទី​៣ ​ខែ​សីហា ​ឆ្នាំ​២០១២ ​បាន​នាំ​យក​នូវ​អំណោយ​មួយចំនួន​មក​ចែក​ជូន​ចំនួន​១៥​គ្រួសារ ​ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនេះ​ រស់​នៅក្នុង​សង្កាត់​ទឹក​ល្អក់​១ ​និង​ សង្កាត់​ទឹកល្អក់​២ ដើម្បី​ជា​ការ​រំលែក​ទុក្ខ​លំបាក​ពួកគាត់​មួយគ្រា។
​ ​ពិធី​ចែក​អំណោយ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សាលាឆទាន​មួយ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ហើយ​អំណោយ​ដែល​ត្រូវបាន​ចែកជូន​នេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​២០​គីឡូក្រាម មី​យើង​១​កេស ទឹកស៊ីអ៊ីវ​៦​ដប ត្រីខ​១០​កំប៉ុង ទឹកត្រី​៦​ដប​ សារុង​១ និង ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​
​ ​លោក សេង រតនៈ​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌទួលគោក​បាន​លើកឡើងថា ​តាមរយៈ​លោក​ចៅសង្កាត់​ទាំង​២​រាយការណ៍​មក​អនុសាខា​កា​បាទ​ក្រហម​ខណ្ឌទួលគោក ហើយ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ពិនិត្យ​ឃើញ​ថា ពួកគាត់​តាំង​១៥​គ្រួសារ​ជួប​ការ​លំបាក​ពិតប្រាកដ​មែន​នោះ ទើប​យើង​សម្រេច​នាំ​យក​អំណោយ​ទាំង​នោះ​មក​ចែកជូន​ពួកគាត់​តែម្ដង​។ អំណោយ​ទាំងនេះ​ពិត​ជា​មាន​តិចតួច​មែន ប៉ុន្តែ​អាច​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួ​សារបាន​មួយគ្រា​
​ ​លោក សង រតនៈ ក្នុងឱកាស​នោះ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំងឺ​អេដស៍ ចាស់ជរា ទីទាល់ក្រ ទាំងអស់ សុំ​កុំ​អស់សង្ឃឹម​ក្នុង​ឆាកជីវិត​ឲ្យ​សោះ ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន និង ក្នុងនាម​ជា​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​គឺ​មិន​ទុក​ឲ្យ​បងប្អូន​ឯកោ​នោះ​ទេ​ពោល​គឺ​ពេលដែល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្រុមការងារ​របស់​កាកបាទ​ក្រហម​ខណ្ឌ​នឹង​ចុះជួយ​រំលែក​ទុក​បងប្អូន​ភ្លាមៗ​តែម្ដង​៕