Saturday, August 4, 2012

សម្តេច​​តេ​ជោ ហ៊ុន សែន​និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដង្ហែ​​ទៀន​ព្រះវស្សា​ប្រគេន ព្រះសង្ឃ​វត្ត​ចំពុះក្អែក

ភ្នំពេញ ៖ សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ត្រូវជា​មាតា សម្តេច​​តេ​ជោ និង លោកជំទាវ​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី នា​រសៀល ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១២ បាន​ដង្ហែ​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ ព្រមទាំង​នាំ​យក​គ្រឿង​បរិក្ខារ សង្ឃ​ជាច្រើន​មុខ និង​បច្ច័យ​ប្រគេន ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំពុះក្អែក ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ ។
អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​មាន លោក លោកស្រី ជា​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធ​សភា រាជរដ្ឋាភិបាល  លោក លោកស្រី ជា​សមាជិក សមាជិកា​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា និង អស់លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​នាយកដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​ព្រម ទាំង​ប្រជា​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ ។
ទៀន​ព្រះវស្សា ទេយ្យទាន គ្រឿង​បរិក្ខារ​សង្ឃ និង​បច្ច័យ​ដែល​ត្រូវ​បាន​ដង្ហែ​ប្រគេន​ព្រះសង្ឃ​នា​ឱកាស​នោះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួមមាន​ទៀន​ព្រះវស្សា​ចំនួន ២០៤ ដើម ទឹកក្រូច ទឹក​សណ្តែក ទឹក​ត្រឡាច ទឹក​គូ​ល​លែ​ន ទឹកបរិសុទ្ធ evian តូច ទឹកដោះគោ​ខាប់ ស្ករស កា​កាវ មៀន​កំប៉ុង តែ ត្រីខ មី​យើង អង្ករ ត្រីងៀត សាច់ក្រក ប្រេងម៉ាស៊ូត ។ ជាមួយគ្នា​នោះ​បាន​ប្រគេន បច្ច័យ​សម្រាប់​វត្ត​ចំនួន៦លាន​រៀល ប្រគេន​បច្ច័យ​ព្រះសង្ឃ​ចំនួន២៤៦អង្គ​ក្នុង មួយអង្គ៥ម៉ឺន​រៀល ឧបត្ថម្ភ លោកយាយ លោកតា​ចំនួន១៤០នាក់ ក្នុង​ម្នាក់​ទទួល​បាន​ក្រណាត់​ស​ពីរ ម៉ែត្រ​និង​ថវិកា​មួយ​ម៉ឺន​រៀល ឧបត្ថម្ភ ជូន​កូនសិស្សលោក​ចំនួន១០០នាក់​ក្នុង ម្នាក់​ទទួល​បាន​ក្រណាត់​ស​​ពីរ ម៉ែត្រ​និង​ថវិកា​ពីរ​ម៉ឺន​រៀល។ នៅក្នុង​ឱកាស​នោះ​ដែរ​បច្ច័យ​ដែល​បាន​មក​ពី​ការចូលរួម​របស់​ពុទ្ធ​បរិស័ទ​មាន ចំនួន១៤លាន​រៀល​និង​ប្រាក់​ដុល្លារ​ចំនួន ៧.៤៥០ដុល្លារ​អាមេរិក ដែល​បច្ច័យ​ទាំងនេះ​ត្រូវ​បាន​វេរ​សម្រាប់ បន្ត កសាង​​សាលាឆាន់​មាន​ទំហំ៣០ម៉ែត្រ​X៧០ម៉ែត្រ។
នៅក្នុង​ពិធី​នេះ​សម្តេច​​តេ​ជោ និង លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​ប្រតិភូ បាន​រៀបចំ​កិច្ច ប្រតិបត្តិ​ធម៌ ដោយ​អញ្ជើញ​អុជ​ទៀន ធូប ប្រោះ​ព្រហ្ម​ព្រះ​សុគន្ធវារី និង​ភួង​ផ្កា​ថ្វាយ​ព្រះ​ពុទ្ធបដិមា សូត្រម​ន្ត ចម្រើន​ព្រះ​បរិត្ត មនសិការ​ព្រះ​រតនត្រ័យ និង​បាន​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​បាន​មក​ពី​ពិធី​នេះ ជូន​ដល់​ដួង វិញ្ញាណ​ក្ខ​ន្ធ័​បុព្វការី​ជន​ទាំង​ប្រាំពីរ​សន្តាន​ដែល​បាន​ចែក​ស្ថាន​ទៅ ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័ន្ធ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​ដែល​បាន​លះបង់​អាយុជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ឱ្យ​បាន​គង់វង្ស ដោយ​សូម​ដួងវិញ្ញាណ​ក្ខ័ន្ធ​អ្នក​ទាំងនោះ​ជួប​តែ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។
គួរ​បញ្ជាក់​ថា ជា​រៀងរាល់​ឆ្នាំ ប្រជា​ពុទ្ធបរិស័ទ​កម្ពុជា​តែងតែ​ប្រារឰ​ប្រតិបត្តិ​ទៅតាម​ប្រពៃណី​ព្រះ​ពុទ្ធសាសនា​នូវ​ពិធីបុណ្យ​ចូល​ព្រះវស្សា ដែល​ពិធី​ចូល​ព្រះវស្សា​ឆ្នាំនេះ​ត្រូវ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​​១ រោច ខែ​ទុតិយាសាឍ រហូតដល់​ថ្ងៃទី ១៥កើត​ខែ​អសុជ ព.ស ២៥៥៦៕
ជុំ សម្បត្តិ
03-08-2012-j-full
03-08-2012-k-full03-08-2012-l-full