Sunday, August 12, 2012

គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម និង​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​

ភ្នំពេញ: ​ខ្ញុំ​សូម​អរគុណ​អស់លោកអ្នក​ម្តងទៀត ចំពោះ​ការឆ្លើយតប​នឹង​ខ្ទង់​សារព័ត៌មាន “​សួរ​ឯកអគ្គរដ្ឋទូត​” របស់ខ្ញុំ​។ ខ្ញុំ​សូម​វាយតំ​លៃ​ខ្ពស់​ចំពោះ​ចំលើយ​តប​របស់​លោកអ្នក ហើយ​ខ្ញុំ​រីករាយ​ផ្តល់​ជា​វេទិកា​មួយ​សំរាប់​អោយ​លោកអ្នក​ងាយ​ទាក់ទង​មក​ខ្ញុំ​។ សូម​បន្ត​ផ្ញើ​សំណួរ​មក​ខ្ញុំ​តាមរយៈ​អ៊ីម៉េល AskAMBToddPP@state.gov​។​

​ក្នុង​សប្តាហ៍​នេះ អ្នកអាន​ម្នាក់​បាន​សរសេរ​សួរ​ខ្ញុំ​ថា “ ខ្ញុំ​បានឮ​លោក​និយាយថា លោក​មាន​កង្វល់​ពី​បញ្ហា​ទន្លេមេគង្គ​។ តើ​លោក​មាន​កង្វល់​លើ​បញ្ហា​អ្វី និង​ថា​តើ​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​អ្វី​ដើម្បី​ជួយ​លើ​បញ្ហា​ទាំងនេះ​?”
​នេះ​ជា​សំណួរ​មួយ​ល្អ​ណាស់​។ ប្រជាជន​ចំនួន ៦៥ លាន​នាក់​រស់នៅ និង​ពឹង​ផ្អែកលើ​ទន្លេមេគង្គ​នៅ​អាស៊ី​។ ទន្លេ​នេះ​ផ្តល់​ស្បៀង និង​ទឹក​ដល់​ពួកគេ​ទាំងអស់គ្នា ហើយ​វា​ផ្តល់​ដីល្បាប់​ដល់​បណ្តា​កោះ​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ដែល​ជួយ​ការពារ​កុំអោយ​កំរិត​ទឹកសមុទ្រ​ឡើង​បាន​។ បើ​គ្មាន​ទន្លេមេគង្គ​ដែល​មិន​រង​ការប៉ះពាល់​ទេ ប្រជាជន​នៅ​ទូទាំង​តំបន់​អាស៊ី​នឹង​បាត់បង់​មធ្យោបាយ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​របស់គេ ដោយសារ​ភាព​អាច​ប្រែប្រួល​នៃ​លទ្ធភាព​ក្នុងការ​នេសាទ និង​ធ្វើ​កសិកម្ម​។ ពិត​ហើយ ខ្ញុំ​មានការ​ចាប់អារម្មណ៍​ចង់​ជួយ​ប្រទេស​កម្ពុជា និង​តំបន់​ដទៃទៀត​នៅ​អាស៊ីអាគ្នេយ៍ ធ្វើយ៉ាងណា​អោយ​ទន្លេមេគង្គ និង​តំបន់​ជុំវិញ​នោះ​មិន​រង​ការប៉ះពាល់ ហើយ​បន្ត​អភិវឌ្ឍ​ទៅមុខ​បានល្អ​។ ទន្លេមេគង្គ​មាន​សារៈសំខាន់​ចាំបាច់​សំរាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងអស់ នៅក្នុង​តំបន់​។​

​វិធី​មួយ​ក្នុងចំណោម​វិធី​ទាំងឡាយ​ដែល​កម្ពុជា និង​ប្រទេស​ដទៃទៀត​នៅ​អនុតំបន់​ទន្លេមេគង្គ​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​កែលំអ​សេដ្ឋកិច្ច​របស់គេ គឺ​តាមរយៈ​ការអភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​តំបន់​ទន្លេមេគង្គ​។ ការអភិវឌ្ឍន៍​មានន័យថា ធ្វើ​ទំនប់​កាត់​ទន្លេ តែ​វា​មិនមែន​ចាំបាច់​តែ​ធ្វើ​អញ្ចឹងទេ​។ ការកសាង​ទំនប់​កាត់​ទន្លេមេគង្គ គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ទាំងឡាយ​ដែល​ខ្ញុំ​មាន​ក្តីបារម្ភ​បំផុត​។ ទំនប់​ដែល​ត្រូវបាន​កសាង​កាត់​ទន្លេ​នៅ​កម្ពុជា ឬ​នៅ​ខាងលើ​ខ្សែទឹក​ឆ្ងាយ អាចធ្វើអោយ​ទន្លេ​មានការ​ប្រែប្រួល​ដែល​យើង​មិនអាច​នឹកស្មាន​ដល់​។ បើ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ក្នុង​តំបន់​ទន្លេមេគង្គ​សំរេចចិត្ត​ធ្វើ​ទំនប់​លើ​ទន្លេ ខ្ញុំ​ជឿថា គេ​ត្រូវធ្វើ​ទៅតាម​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​បំផុត​។ នៅ​មិនទាន់មាន​ការសិក្សា​បាន​ត្រឹមត្រូវ​នៅឡើយ​ដើម្បី​មើលថា តើ​នឹងមាន​អ្វី​អាច​កើត​ឡើងដល់​ទន្លេ​។ ក្នុងពេល​មិនទាន់មាន​ការសិក្សា​បាន​ត្រឹមត្រូវ ខ្ញុំ​ជឿថា គេ​ត្រូវ​ផ្អាក​ការកសាង​ទំនប់ ដើម្បីអោយ​គ្រប់គ្នា​ដែលមាន​ការពាក់ព័ន្ធ អាច​ពិភាក្សាគ្នា​ពី​វិធី​ថា តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​ល្អ​បំផុត​។ ទន្លេមេគង្គ​អាចជា​ផ្នែក​សំខាន់​មួយ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា បើសិនជា​ទន្លេ​នេះ​ត្រូវបាន​គេ​ប្រើ និង​ទទួលស្គាល់ថា ជា​ប្រភពធនធាន​ដ៏​ធំ ដែលជា​លក្ខណៈ​ពិត​របស់​វា​មែន​នោះ​។​

​ដើម្បី​ជួយ​ក្នុង​រឿងនេះ សហរដ្ឋអាមេរិក​បាន​បង្កើត​គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​សំរាប់​តំបន់​មេគង្គ​ក្រោម (​ឬ LMI) នៅ​ឆ្នាំ ២០០៩​។ LMI គឺជា​ការខិតខំ​ពហុ​ជាតិ​ក្នុង​ការជំរុញ​ការកសាង​សមត្ថភាព និង​សហប្រតិបត្តិ​ការរួម​អនុតំបន់ ក្នុងចំណោម​ប្រទេស​កម្ពុជា ឡាវ ថៃ ភូមា និង​វៀតណាម ក្នុង​វិស័យ​អប់រំ សុខាភិបាល បរិស្ថាន និង​ការតភ្ជាប់​គ្នា​។ យើង​បានចាប់ផ្តើម​កម្មវិធី​នេះ​ក្នុង​ការខិតខំ​មួយ​ដើម្បី​លើក​កំពស់​ការសហការ​គ្នា​ក្នុងចំណោម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​លើក​កំពស់​ស្ថេរភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។ ប្រទេស​កម្ពុជា​ទទួលបន្ទុក​សសរស្តម្ភ​សុខាភិបាល ហើយ​បាន​បំពេញ​បានល្អ​នូវ​ការងារ​សំរបសំរួល​គំរោង​សុខាភិបាល និង​ប្រធានបទ​នានា ក្នុងចំណោម​ប្រទេស​ទាំង ៥​។ 

​នៅក្នុង​កិច្ចប្រជុំ LMI ថ្នាក់​រដ្ឋមន្ត្រី កាលពី​ខែកក្កដា​កន្លងទៅនេះ លោកស្រី​រដ្ឋមន្ត្រី Clinton បានប្រកាសថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ផ្តល់​ទឹកប្រាក់​ចំនួន ៥០ លាន​ដុល្លា​អាមេរិក​ដល់ LMI សំរាប់​រយៈពេល ៣ ឆ្នាំ ដែល​នឹង​ធ្វើអោយ LMI មានកម្ម​វិធី និង​សកម្មភាព​ថ្មីៗ ដូចជា​កម្មវិធី​ស្តីពី​គំនិត​ផ្តួចផ្តើម​លើ​គោលនយោបាយ​សាធារណៈ​នៅ​តំបន់​មេគង្គ​ក្រោម និង​កម្មវិធី​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ក្នុង​តំបន់​មេគង្គ​ក្រោម​។ ខ្ញុំ​គិតថា​វា​ជាការ​មាន​សារៈសំខាន់​ដែល​សហរដ្ឋអាមេរិក​មាន​ការចាប់អារម្មណ៍​លើ​ការពង្រឹង​សមត្ថភាព​ថ្នាក់​តំបន់​របស់​ប្រទេស​កម្ពុជា​តាម​វិធី​នេះ ពីព្រោះ សម​ដូច​លោកស្រី​រដ្ឋមន្ត្រី Clinton បាន​ពន្យល់​នៅក្នុង​ពិធី​នៅ​ខេត្តសៀមរាប​កន្លងមក​ថា យើង​ត្រូវតែ “​ពិនិត្យមើល​អោយ​ច្បាស់​លើ​អ្វីដែល​យើង​អាចធ្វើ​បាន មិនមែន​ត្រឹមតែ​នៅ​អាស៊ីអាគ្នេយ៍​ទេ តែ​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ដើម្បីអោយ​ប្រាកដថា សេដ្ឋកិច្ច​ដំណើរ​ការដើ​ម្បី​ប្រជាជន មិនមែន​សំរាប់​អ្នក​នៅ​ថ្នាក់លើ​តែប៉ុណ្ណោះ​ទេ តែ​សំរាប់​ប្រជាជន​នៅក្នុង​សង្គម​ទាំងមូល​”​។ ខ្ញុំ​យល់ស្រប​ទាំងស្រុង​ជាមួយ​ប្រសាសន៍​នេះ​។ ខ្ញុំ​ជឿជាក់ថា ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យ​អប់រំ សុខាភិបាល បរិស្ថាន និង​ការតភ្ជាប់​គ្នា LMI អាចជួយ​ធ្វើអោយ​តំបន់​ទន្លេមេគង្គ​រឹងមាំ ហើយ​ជួយ​រួមចំណែក​ដល់​ស្ថានភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា​។​

​ក្នុងពេល​ថ្មីៗ​នេះ យើង​បានទទួល​សំណួរ​យ៉ាងច្រើន​ទាក់ទង​នឹង​ការដាក់​ពាក្យសុំ​ទិដ្ឋាការ ពិសេស​ទិ​ដ្ឋ​ការ​ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។ សំណួរ​ស្តីពី​ទិដ្ឋាការ​គឺជា​សំណួរ​មួយ​ក្នុងចំណោម​សំណួរ​ដែល​ត្រូវបាន​សួរ​ច្រើនជាងគេ ដែល​អ្នកអាន​ផ្ញើមក​ខ្ញុំ ហើយ​ខ្ញុំ​ដឹងថា ដំណើរការ​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​។ ជីដូន និង​ជីតា​របស់ខ្ញុំ​បានធ្វើ​អន្តោប្រវេសន៍​មកកាន់​ស​ហ​រដ្ឋ​អាមេរិក ដូច្នេះ​ខ្ញុំ​យល់បាន​នូវ​អ្វីដែល​អ្នកដាក់ពាក្យសុំ​ទិដ្ឋាការ​នៅ​គ្រប់កន្លែង​ជួបប្រទះ​។ ហេតុដូច្នេះ​ហើយ​បានជា​មន្ត្រី​កុងស៊ុល​ដ៏​ល្អ​របស់ខ្ញុំ​បានធ្វើ​សំភាសន៍​ច្រើន​ទាក់ទង​នឹង​ទិដ្ឋាការ ដើម្បី​ធ្វើអោយ​ដំណើរការ​មាន​លក្ខណៈ​ច្បាស់លាស់​។ លោកអ្នក​អាច​បើក​ស្តាប់​កិច្ចសំភាសន៍​មួយ​របស់​មន្ត្រី​កុងស៊ុល​ដ៏​ល្អ​របស់ខ្ញុំ​ម្នាក់​ជាមួយ​ទូរទស្សន៍​ស៊ី​ធី​អិន​កាលពី​ឆ្នាំទៅ នៅលើ YouTube របស់​ស្ថានទូត តាម​អាស័យដ្ឋាន http://www.youtube.com/user/USembassycambodia​។​
​ម្នាក់ៗ​គិតពី​ទិដ្ឋាការ​។ នៅពេល​ខ្ញុំ​នៅ​ទីក្រុង Long Beach កាលពីពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​និយាយ​ច្រើន​ជាមួយ​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​នៅ​ទីនោះ​អំពី​ដំណើរ​ទិដ្ឋាការ​។ ដោយសារ​អ្នក​ជាប់ឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅក្នុង​សហរដ្ឋអាមេរិក​កំពុង​ចាប់ផ្តើម​ទទួលបាន​ការចាប់អារម្មណ៍ ខ្ញុំ​គិតថា វា​ជា​ការល្អ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​ព័ត៌មាន​ខ្លះៗ​ដែល​ខ្ញុំ​បាន​ប្រាប់​គេ​នៅ​ទីក្រុង Long Beach​។ កម្មវិធី​ឆ្នោត​ផ្សងសំណាង​ត្រូវបាន​បង្កើតអោយមាន​ឡើង​នៅ​ឆ្នាំ ១៩៩៥ តាមរយៈ​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ ១៩៩០ ហើយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ចូលរួម​ក្នុង​កម្មវិធី​នេះ​តាំងពី​ដំបូង​មក​។ រាល់​ឆ្នាំ កម្មវិធី​នេះ​ផ្តល់​ទិដ្ឋាការ​អោយ​មនុស្ស​ចំនួន ៥៥០០០ នាក់​មកពី​ប្រទេស​នានា ដែលមាន​អត្រា​អន្តោប្រវេសន៍​ទាប ហើយ​តាំងពី​ឆ្នាំ ១៩៩៥ មក មាន​មនុស្ស​រាប់ពាន់​នាក់មក​ពី​ទូទាំង​ពិភពលោក​បានក្លាយ​ជាម​នុស្ស​មាន​សិទ្ធិ​ស្របច្បាប់ ទៅ​រស់នៅក្នុង​សហរដ្ឋអាមេរិក តាមរយៈ​កម្មវិធី​លេងឆ្នោត​ផ្សងសំណាង​នេះ​។ ខ្ញុំ​ក៏​សូមបញ្ជាក់​ផងដែរ​ថា អ្នកចូលរួម​លេងឆ្នោត​ផ្សងសំណាង​នេះ មិន​តំរូវអោយ​បង់ប្រាក់​អ្វី​ទេ ប៉ុន្តែ​តែ​ត្រូវ​បង់លុយ​នៅពេល​ត្រូវ បានជ្រើសរើស​មក​ធ្វើ​សំភាសន៍​ទទួល​ទិដ្ឋាការ​។ 

​ដោយសារ​រដូវ​កាល​នៃ​ការចូលរួម​លេងឆ្នោត​ក្នុងឆ្នាំនេះ​កំពុងតែ​ប្រព្រឹត្តទៅ ខ្ញុំ​សូម​ធ្វើការ​ណែនាំ​បន្តិច​ដល់​អ្នកចូលរួម​លេងឆ្នោត​ផ្សងសំណាង​នេះ​។ ទី ១ វា​ជាការ​សំខាន់ ដែល​គេ​ត្រូវ​ចូល​មើល​គេហទំព័រ​តាម​អាស័យដ្ឋាន www.dvlottery.state.gov ហើយ​ប្រើ​លេខ​បញ្ជាក់​របស់គេ​ដើម្បី​ពិនិត្យមើល​ដំណើរ​ឆ្នោត​របស់គេ​។ ថ្ងៃខែ​ផុតកំណត់​សំរាប់​សុំ​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​គឺ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២ យើង​នឹង​មិនអាច​ផ្តល់​ទិដ្ឋាការ​សំរាប់​អ្នក​ជាប់ឆ្នោត​ផ្សងសំណាង នៅក្រោយ​ថ្ងៃខែ​ខាងលើនេះ​បានទេ​។ បើ​លោកអ្នក​ជាប់ឆ្នោត​ហើយ ខ្ញុំ​មិន​ចង់អោយ​លោកអ្នក​ខកខាន​ទៅវិញ​ទេ​!
 ទី ២ វា​ជាការ​មាន​សារៈសំខាន់​ដែលថា អ្នក​ជាប់ឆ្នោត​ត្រូវ​បង្ហាញ​ឯកសារ​ចាំបាច់​ទាំងអស់ បង់លុយ​តាម​ចំនួន​កំណត់ ធ្វើការ​ពិនិត្យ​សុខភាព​ពេញលេញ ហើយ​បន្ទាប់មក ត្រូវ​មក​សំភាសន៍​ជាមួយ​មន្ត្រី​កុងស៊ុល​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញថា គេ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ទិដ្ឋាការ​ឆ្នោត​ផ្សងសំណាង​។ យើង​តំរូវ​ផងដែរ​នូវ​ការបកប្រែ​លើ​គ្រប់​ឯកសារ​ដែល​មិនមែនជា​ភាសា​អង់គ្លេស​។ ពិត​ហើយ គេ​ត្រូវ​ទៅដល់​អោយបាន​ទាន់ពេល​សំរាប់​ការសំភាសន៍​។ 
​ខ្ញុំ​ដឹងថា ទាំងនេះ​គឺជា​ព័ត៌មាន​ច្រើន តែ​ទិដ្ឋាការ​ផ្សងសំណាង​គឺជា​ឱកាស​ដ៏​ប្រសើរ​មួយ​។ វា​គឺជា​វិធី​មួយ​សំរាប់​អោយ​សហរដ្ឋអាមេរិក​ស្វាគមន៍​ជនអន្តោប្រវេសន៍​ពី​ជុំវិញ​ពិភពលោក ហើយ​កម្មវិធី​នេះ គឺជា​យាន​មួយ​ដ៏​ប្រពៃ​សំរាប់​អ្នក​ចង់ទៅ​រស់នៅក្នុង​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់​។  គ្រួសារ​របស់ខ្ញុំ​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយសា​រ​ទិដ្ឋាការ​អន្តោប្រវេសន៍ ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​សហរដ្ឋអាមេរិក​ប​ន្ត​គាំទ្រ​ការធ្វើ​អន្តោប្រវេសន៍​សំរាប់​អ្នក​ទាំងឡាយ​ដែលមាន​លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់គ្រាន់​។​
​សូម​អរគុណ​ចំពោះ​ចំលើយ​តប​ជាប្រចាំរ​របស់លោក​អ្នក​។ សូម​បន្តធ្វើ​ការទាក់ទង​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov​។ ខ្ញុំ​នឹង​ខិតខំ​ឆ្លើយ​សំណួរ​របស់​លោកអ្នក​។ សូម​បើក​មើល Blog របស់ខ្ញុំ​ផងដែរ តាម​អាសយដ្ឋាន http://blogs.usembassy.gov/todd/ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​បំផុត​!៕​