Sunday, August 12, 2012

ខួង​អណ្ដូង​​ចេញ​​ភ្លើង​ឆេះ​​បាញ់​​ឡើង​លើ​​កំព​ស់​៧​ម៉ែត្រ

កំពង់ចាម ៖ មាន​ហេតុការណ៍​​ដ៏​​ចំឡែក​​មួយ​បណ្ដាលឱ្យ​អ្នក​ស្រុកភូមិ​ភ្ញាក់ផ្អើល​កុះករ គឺ​ពេល​​ខួង​អណ្ដូង​​ចេញ​ភ្លើង ឆេះ​បាញ់​​ឡើង​លើ​យ៉ាង​សន្ធោ​សន្ធៅ ហើយ​បើទោះជា​ប្រជាពលរដ្ឋ​បាន​ព្យាយាម​ពន្លត់​ដោយ​ប្រើ​វិធី​សព្វ​បែបយ៉ាង ក៏​​ភ្លើង​នោះ​​​នៅ​តែ​ឆេះ​​មិន​​ឈប់​​ឡើយ។
ហេតុការណ៍​​នេះ​​បាន​​កើត​ឡើង​​កាល​ពី​​វេលា​​ម៉ោង​២​រសៀល​​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ២០១២ ស្ថិត​នៅ​​ភូមិ​​ព្រែក​​ប្រណាក ឃុំ​​រាយប៉ាយ ស្រុក​​កងមាស ខេត្ត​កំពង់ចាម ។
លោក​ហេង ហៀ​ប ប្រធាន​​ក្រុមប្រឹក្សា​ឃុំ​​រាយប៉ាយ​​បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​​ម្នាក់ ឈ្មោះ​​ដន តុ​ន បាន​ខួង​អណ្ដូង​​ដើម្បី​​ទុក​ជា​​ប្រភព​ទឹក​​សំរាប់​​បូម​​ធ្វើ​ស្រែ​​ប្រាំង​​នៅ​​រាល់​​រដូវ​​ទឹក​​សំ​រក។នៅ​ពេល​ខួង​អណ្ដូង​​នោះ​​​នៅ​ចំ​ណុ​ច​​វាល​ស្រែ​ខាង​ត្បូង​​ភូមិ​​ព្រែក​​ប្រណាក​​ប្រហែល​៥០០​ម៉ែត្រ ហើយ​​​ខូង​​បាន​​ជំ​រ៉ៅ​៣៦ម៉ែត្រ​​បាន​​ប៉ះ​​នឹង​​ថ្ម​​ដែល​​មិន​អាច​​ឱ្យ​ធ្វើ​​ការ​​ខួង​​បន្ត​ទៀត​​បាន ពេល​​នោះ​គេ​​ក៏​បាន​​ដក​ដែក​ខួង​​ចេញ​ពី​​អណ្ដូង​​ឡើង​វិញ ហើយ​​នៅ​ពេល​​ដក​​ដែក​​ផុត​​ភ្លាម​នោះ​​ស្រាប់​​តែ​មាន​​ខ្យល់​​បាញ់​​ចេញ​តាម​​មាត់​​អណ្ដូង​​ដែល​មាន​​ទំហំ​១​តឹក​២​ផឹង ចេញ​ពី​​បាត​​អណ្ដូង​​មក​​លាន់​​ស្នូរ​​សន្ធឹក​​គួរ​​ឱ្យ​​ខ្លាច ដែល​មាន​​អ្វី​ប្លេកៗ​លាយ​​នៅ​ក្នុង​​ខ្យល់​​នោះ​​ផង។ ពេល​នោះ​​ក្រុម​​អ្នក​​ខួង​អណ្ដូង​​បាន​​កេះ​​ដែក​កេះ​​ដុត​​បារី​ជក់​​ដែល​មាន​​ចំងាយ​​ប្រហែល​៤​ម៉ែត្រ​​​ពី​​មាត់​​អណ្ដូង ស្រាប់​តែ​​ភ្លើង​​ដែក​កេះ​​នោះ​បាន​​ឆាប​​​​ទៅ​​មាត់​អណ្ដូង​​ឆេះ​​ឡើង​​សន្ធោសន្ធៅ​​បាញ់​​ភ្លើង​​ឡើង​លើ​​កំពស់​៧​ម៉ែត្រ បណ្ដាល​ឱ្យ​​ឆេះ​​រោម​ជើង​​កម្មករ​ខួង​អណ្ដូង​​ម្នាក់​​តែ​​មិន​​បណ្ដាល​ឱ្យ​មាន​​គ្រោះ​ថ្នាក់​​​ធំ​ដុំ​​នោះ​ទេ។ ភ្លើង​បាន​​ឆេះ​​ដោយ​​កំលាំង​​ខ្យល់​​បាញ់​ឡើង​លើ​​យ៉ាង​ខ្លាំង បើ​ទោះ​ជា​​គេ​​បាន​​ខិតខំ​​ព្យាយាម​​ពន្លត់​​ដោយ​​យក​​បាវ​ ច្រក​​ខ្សាច់​​បិត​​នៅ​លើ​​មាត់​អណ្ដូង​នោះ​​ជាច្រើន​​ជាន់​​យ៉ាង​ណា​ក្ដី ក៏​ភ្លើង​​នោះ​បាន​​ឆេះ​​ទាំង​​បាវ​ខ្សាច់ បាញ់​ទៅលើ​មាន​កំពស់​៧​ម៉ែត្រ តាំង​ពី​​វេលា​​ម៉ោង​២​រសៀល​​រហូត​ដល់​​ម៉ោង​៤​ល្ងាច​​ទើប​​ភ្លើង​​នោះ​​ថម​ថយ​​នៅ​ត្រឹម​កំពស់​២​ម៉ែត្រ​​ជា​​រហូត។
លោក​សួន ឌី ប្រធាន​​មន្ទីរ​​ឧស្សាហកម្ម​​រ៉ែ និង​ថាមពល ខេត្តកំពង់ចាម បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​​នេះ​​​គឺ​ជា​​ឧស្ម័ន​​មាន​​ចំហេះ ដែល​​កើត​មាន​​ដោយ​សារ​កំទេច​កំទី​​រុក្ខជាតិ​​ដែល​​កប់​​នៅ​ក្នុង​ស្រទាប់​ផែន​ដី​​មាន​​អាយុ​កាល​​រាប់​ពាន់​​ឆ្នាំ ហើយ​​នៅ​ពេល​​យើង​​ជីក​​ចំ បណ្ដាល​ឱ្យ​​ឧស្ម័ន​​នោះ​​ធ្លាយ​ចេញ​​ឡើង​​មក​លើ នៅ​ពេល​​ជួប​នឹង​​ចំហេះ ក៏​បាន​​ឆាប​ឆេះ​​ឡើង​​យ៉ាង​​ដូច្នេះ​។ ទាក់​ទង​​នឹង​សំណួរ​​ថា​តើ​​ភ្លើង​​នោះ​​វា​​នឹង​​អាច​​រលត់​​វិញ​​នៅ​ពេល​ណា​នោះ លោក​និយាយ​​ថា ទាល់​តែ​​ជំនាញ​​ខាង​​ឧស្ម័ន​​រ៉ែ​ប្រេងកាត ដែល​​គ្រប់​គ្រង​​ដោយ​​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​​សព្វ​ថ្ងៃ​​នេះ​​ទើប​​ដឹង៕ 
ដា​នី​ន