Sunday, August 12, 2012

ផ្ទៃ​ដីស្រែ​រាប់ពាន់​ហិកតា​ក្នុង​ស្រុក​មួយ​ចំនួន​ប្រឈម​នឹង​ភាព​រាំងស្ងួត​

បាត់ដំបង ​៖​ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា​ផ្ទៃដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មួយចំនួន​រាប់ពាន់​ហិកតា​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត​បណ្ដាល​ឲ្យ​ស្រូវពង្រោះ​ក្នុង​ស្រែ​ខូច​រលួយ ​ខ្លះ​ខ្លោច​ក្រហម​អស់​ជាច្រើន​ផង​ដែរ។
មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រុក​មួយចំនួន​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត​ដោយ​ខ្វះ​ទឹក​សម្រាប់​ធ្វើការ​ភ្ជួរ​រាស់​ ដក​ស្ទូង​នោះ​ មាន​ស្រុក​គាស់ក្រឡ ស្រុក​រុក្ខគារិ​ ស្រុក​មោងឫស្សី ស្រុក​រតនៈ​មណ្ឌល​ ស្រុក​ថ្មគោល​។ ភាពខ្វះ​ទឹក​ទាំងនេះ បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ពុំ​គ្រប់គ្រាន់​នៅក្នុង​រដូវវស្សា​នេះ​ ជាហេតុ​ធ្វើ​ឲ្យ​ស្រូវពង្រោះ​របស់​ប្រជាកសិករ​ដែល​សម្រុក​ធ្វើ​នៅ​ដើមដៃ​ខ្លះ​ស្វិត ស្រពោន ខ្លោច​ងាប់​អស់ហើយៗ ប្រជាកសិករ​មួយចំនួន​ចាប់ផ្ដើម​សាបព្រោះ​សាជាថ្មី ​មិន​ទាន់មាន​ទឹក​បង្ក​បង្កើន​ផល​នៅឡើយ។​
​ ​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តាម​បណ្ដា​ស្រុក​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត​ខ្វះ​ទឹក​សម្រាប់​បង្កបង្កើនផល ​ដោយសារ​វត្ត​មានកូន​រដូវប្រាំង​ក្នុង​រដូវវស្សា​។​
​ ​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ភាពរាំងស្ងួត​ក្នុង​រដូវវស្សា​នេះ គឺ​ផ្ដើម​ចេញពី​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់​។ ចំពោះ​ស្រែ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ដងស្ទឹង ប្រព័ន្ធ ធារាសាស្ត្រ​មានទឹក ខាង​មន្ទីរ​ធ្វើការ​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​យើង​បាន​មួយចំនួនធំ​ហើយៗ តាម​បណ្ដា​ស្រុក​ពុំ​ទាន់​មាន​ប្រព័ន្ធ​ប្រឡាយ​ចូល​ទោ​ដល់​នោះ​ស្រូវ​ខ្វះខាត​ទឹក យើង​មិនអាច​ជួយសង្គ្រោះ​បានទេ​។​
​ ​លោក​ប្រធាន​មន្ទីរ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ខាង​មន្ទីរ​របស់​លោក​កំពុង​បញ្ជូន​គ្រឿងចក្រ​ស្ដារ​ប្រឡាយ​មេ​មួយ​ខ្សែ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ក្នុងស្រុក​សង្កែ ដើម្បី​ត​ភ្ជាប់​គ​ង្ហ​ត​ជំហាន​ទី​២ ​ដើម្បី​យក​ទឹក​មក​ជួយ​សង្គ្រោះ​ស្រូវ​រាប់​រយ​ហិកតា​ដែល​កំពុង​ប្រឈម​នឹង​ការ​រាំងស្ងួត​នៅក្នុង​ឃុំ​កំពុង​ព្រៀង​ផង​ដែរ​៕