Sunday, August 12, 2012

ខ្សឹប​ដាក់​ត្រចៀក​ ៖​ លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ ប្រើ​រថយន្ដ​ធុន​ដ្រា​ទំនើបៗ​ ដឹក​ ឈើ​គ្រញូង​ល្បី​ពេញ​ខេត្ដព្រះវិហារ​

​មក​ទល់​នឹង​ពេល​នេះ​គេ​ដឹង​ថា​ លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ មាន​រថយន្ដ​ ធុន​ដ្រា​ទំនើបៗ​ប្រមាណ​៤​គ្រឿង​សម្រាប់​ដឹក​ជ​ញ្ជូ​ន​ឈើ​គ្រញូង​ចេញពី​ខេត្ដព្រះវិហារ​ ឆ្ពោះ​មក​កាន់​ខេត្ដកំពង់ចាម​ និង​បន្ដ​ឆ្លង​ទៅ​វៀតណាម​ ប៉ុន្ដែ​សកម្មភាព​ក្នុង​ការ​ដឹក​ ឈើ​គ្រញូង​ដោយ​ប្រើ​ប្រភេទ​ឡាន​ទំនើបៗ​បែប​នេះ​ បែរជា​ជ្រក​ក្រោម​ច្បាប់​ អនុញ្ញាត​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​ធ្វើ​សារមន្ទីរ​នៅ​ខេត្ដព្រៃវែង​ ។​
សមត្ថកិច្ច​ធ្លាប់​អះអាង​ថា​ កន្លង​ទៅ​លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ ប្រើ​ប្រភេទ​ រថយន្ដ​ឡិច​ស៊ី​ស​ ៥៧០​ ដឹកឈើ​គ្រញូង​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ តែ​ពេល​នេះ​គាត់​ ប្រើ​រថយន្ដ​ធុន​ដ្រា​ទំនើបៗ​ ក្នុង​១​លើកៗ​ចេញ​ចំនួន​២​ឡាន​ បាន​ន័យ​ថា​ ២​ឡាន​ចូល​ មក​ខេត្ដព្រះវិហារ​ ២​ឡាន​ទៀត​ចេញពី​ខេត្ដព្រះវិហារ​ និង​ប្រមូល​ទិញ​ឈើ​គ្រញូង​ នៅ​តាម​ព្រំដែន​ប៉ែក​ខាងលើ​ ដែល​មានការ​ឃុបឃិត​គ្នា​ជាមួយនឹង​ជំនាញ​រដ្ឋបាល​ ព្រៃឈើ​ខេត្ដព្រះវិហារ​ ដូច្នេះ​លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ ក្លាយជា​ឈ្មួញ​ឈើ​គ្រញូង​ ដ៏​ធំ​ជាងគេ​ ដែល​សមត្ថកិច្ច​ពុំ​ហ៊ាន​បង្ក្រាប​ ឬ​ក៏​រក្សា​ទុក​ឈ្មួញ​រូប​នេះ​សម្រាប់​ជា​ ប្រយោជន៍​សេដ្ឋកិច្ច​ឆ្នាំងបាយ​របស់​គេ​តែ​ប៉ុណ្ណោះ​ ។​ 
កន្លង​ទៅ​ការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​តាម​ឡាន​ធុន​ដ្រា​ទំនើបៗ​នេះ​ ក៏​ធ្លាប់​បង្ក​គ្រោះ​ ថ្នាក់​ចរាចរណ៍​បុក​មនុស្ស​បាក់ជើង​នៅ​ខេត្ដកំពង់ចាម​ ប៉ុន្ដែ​មិន​បាន​មួយប៉ប្រិចភ្នែក​ ផង​ សមត្ថកិច្ច​ត្រូវ​បាន​ដោះ​លែង​រថយន្ដ​ដែល​មាន​ផ្ទុក​ឈើ​គ្រញូង​ឱ្យ​ចេញពី​ស្នាក់​ ការ​នគរបាល​ បន្ទាប់​ពី​លោក​មាស​ ស៊ី​ផា​ន​ ចេញ​មុខ​រត់ការ​ដោះស្រាយ​ចំណាយ​ ទៅ​លើ​សមត្ថកិច្ច​ និង​ឧបត្ថម្ភ​បន្ដិចបន្ដួច​ជា​សំណង​រដ្ឋប្បវេណី​ទៅ​លើ​ជន​រង​គ្រោះ​ ។​ 
មន្ដ្រីរាជការ​ និង​សមត្ថកិច្ច​មួយ​ចំនួន​តាម​មន្ទីរ​ជុំវិញ​ខេត្ដព្រះវិហារ​បាន​លើក​ ឡើង​ថា​ មិន​គួរ​ណា​អ្នក​ដែល​មាន​ឋានៈ​តួនាទី​ ចេញ​មុខ​ជំនួញ​ឈើ​គ្រញូង​ស្រប​ពេល​ ដែល​ច្បាប់​ត្រូវ​បាន​រឹត​បន្ដឹង​ ម្យ៉ាងវិញទៀត​កម្លាំងប្រដាប់អាវុធ​ត្រូវ​ប្រឈម​មុខ​ នឹង​ការ​បង្ក្រាប​បទល្មើស​ប្រភេទ​នេះ​ ចុះបើ​លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ គាត់​ជា​ អ្នកជំនួញ​ឈើ​គ្រញូង​ល្មើសច្បាប់​ អាជ្ញាធរ​ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវធ្វើ​បែប​ ណា​ដើម្បី​ឱ្យ​លោក​ផ្កាយ​២​រូប​នេះ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ។​ 
ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ដព្រះវិហារ​ ពិតជា​អាច​ដឹង​ពី​ស្លាក​លេខ​រថយន្ដ​ទាំង​ អស់​របស់​លោក​ផ្កាយ​២​ មាស​ ស៊ី​ផា​ន​ ដែល​បាន​និង​កំពុង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ជា​ ប្រចាំ​ និង​មាន​រយៈពេល​ជា​យូរ​មក​ហើយ​ ប៉ុន្ដែ​អ្វី​ដែល​មិន​បង្ក្រាប​ អាច​ពាក់ព័ន្ធ​ ទៅ​នឹង​ផលប្រយោជន៍​ឃុបឃិត​អំពើ​ពុក​រលួយ​នេះ​ជាដើម​ ។​ ម្យ៉ាងវិញទៀត​ការ​ដឹក​ ជញ្ជូន​ឈើ​គ្រញូង​សុទ្ធតែ​ប្រើ​ឡាន​ធុន​ដ្រា​ទំនើបៗ​ធ្វើ​ជា​មធ្យោបាយ​ បែរជា​យក​រូប​ ភាព​ទាំងនេះ​ថា​ជា​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​ធ្វើ​សារមន្ទីរ​នៅ​ខេត្ដព្រៃវែង​ ដែល​មិនមែន​ជា​ការ​ពិត​ ដូច្នេះ​ថ្នាក់លើ​គួរតែ​ដាក់​ភាព​សង្ស័យ​ផង​ដែរ​ថា​ តើ​ លោក​ផ្កាយ​២​មាស​ ស៊ី​ផា​ន​ គាត់​យក​តួនាទី​រកស៊ី​មុខ​ជំនួញ​នេះ​ដើម្បី​ផលប្រយោជន៍​ គាត់​ ឬ​ក៏​បំពេញ​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃឈើ​?​ ៕