Sunday, August 12, 2012

រដ្ឋសភា​អនុម័ត​យល់ព្រម​ឲ្យ​កម្ពុជា​ផ្តល់​ព័ត៌មាន​ជាមុន​ចំពោះ​សារធាតុ​គីមី​និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​

ភ្នំពេញ​ ៖ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ក្នុង​អនុសញ្ញា​រ៉ូ​ថឺ​ដាម ​ស្តី​ពី​នីតិវិធី​នៃ​ការ​យល់​ព្រម​ផ្តល់​ព័ត៌មាន​ជាមុន​ចំពោះ​សារធាតុ​គីមី​និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ជា​ឯក​ច្ឆ័​ន​ដោយ​សំឡេង​៩៤​លើ​៩៤​បន្ទាប់ពី​អង្គ​សភា​លើក​យក​មក​ពិនិត្យ​ ពិភាក្សា​នៅ​ក្នុង​សម័យប្រជុំ​របស់​រដ្ឋសភា​លើក​ទី​៨ ​នីតិកាល​ទី​៤ កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​សីហា​ឆ្នាំ​២០១២​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
លោក ទ្រី ឈាង​ហួត ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ក្នុងនាម​គណៈកម្មការ​ផែនការ វិនិយោគ​កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក និង​គណៈកម្មការ​សាធារណៈ​ការដឹកជញ្ជូន និង​ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម ពាណិជ្ជកម្ម និង​សំណង់​នៃ​រដ្ឋសភា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​បញ្ជូនមក​រដ្ឋសភា​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១២ ភ្ជាប់​មកជា​មួយ​នូវ​សេចក្តីថ្លែងហេតុ​ដើម្បី​ពិនិត្យ និង​អនុម័ត​។ បន្ទាប់ពី​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​ពិនិត្យ និង​ពិភាក្សា​រួចមក​យល់ឃើញថា​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​សមស្រប រៀបចំឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​
លោកស្រី នឹម សា​ផុន តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ដោយហេតុ​ផល​ថា​សេចក្តីព្រាងច្បាប់​នេះ​បាន​ដំណើរការ​ស្រប​ជាមួយ​ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត និង​បាន​ចូល​ជា​ធរមាន​រួចមកហើយ ដូចជា​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម ជី​កសិកម្ម​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១២​កន្លងមកនេះ​។ ច្បាប់​នេះ​ក៏​ជា​ឧបករណ៍​គតិយុត្តិ​មួយ​ដែល​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ហើយ​ម្យ៉ាងទៀត​វា​ក៏​ធ្វើ​ឲ្យ​សម្រេច​នូវ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​គោលនយោបាយ​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​គ្រប់គ្រង​ក្នុង​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ជី​កសិកម្ម ក៏ដូចជា​សារធាតុ​គីមី​ដែលមាន​គ្រោះថ្នាក់​។​ ​
លោក ស៊ុន ឆ័យ តំណាងរាស្ត្រ​គណៈបក្សប្រឆាំង​សម រង្ស៊ី ក៏បាន​ចាត់ទុក​សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​សមស្រប​ទៅនឹង​ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត​នាពេល​កន្លងមក​ដែរ ហើយ​ម្យ៉ាងទៀត​ដើម្បី​ជំរុញ​ឲ្យ​ការអភិវឌ្ឍ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​កន្លងមក​សង្កេតឃើញថា យើង​តែងតែ​នៅមាន​ការខ្វះខាត​ក្នុងការ​អនុវត្ត​ច្បាប់​ដែល​ចូល​ជា​ធរមាន ព្រោះថា​នៅតាម​ទីផ្សារ​ឃើញ​ការ​នាំចូល​ថ្នាំ​កសិកម្ម ជី​កសិកម្ម​ជាច្រើន​ប្រភេទ​ដែល​មិនល្អ និង​មាន​ការធានា​អំពី​លក្ខណៈ​បច្ចេកទេស ឲ្យ​ប្រជាកសិករ​មានការ​យល់​ដឹង​ក្នុង​ការយកទៅ​ប្រើប្រាស់ ដែល​នេះ​ជា​គ្រោះថ្នាក់​ធំ​ណាស់​ដល់​បរិស្ថាន សុខភាព មនុស្ស និង​សត្វ​។​
​ ​លោក លឹម សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ឡើង​ការពារ​ច្បាប់​នេះ​បាន​បញ្ជាក់ថា ជាការ​ពិតណាស់​ថ្នាំ​កសិកម្ម​ដែល​នាំ​ចូលមក​លក់​នៅ​កម្ពុជា ច្រើនតែ​បិទ​យីហោ​ជា​អក្សរ​បរទេស​នៅឡើយ ជាពិសេស​ប្រជាជន​នៅតាម​ព្រំដែន​ដែលមាន​ប្រពៃណី​ធ្វើស្រែ​ចំការ តែងតែមាន​ការដោះដូរ​គ្នា​ជា​សម្ភារៈ​កសិកម្ម ជី​កសិកម្ម​មកប្រើប្រាស់​។ ប៉ុន្តែ​សព្វថ្ងៃនេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កំណត់ថា​ថ្នាំ​កសិកម្ម ជី​កសិកម្ម​ដែល​ចរាចរ​លើ​ទីផ្សារ បើ​មិនមាន​បិទ​យីហោ​ជា​អក្សរ​ខ្មែរ​យើង​ទេនោះ ចាត់ទុកជា​ថ្នាំ​ខុសច្បាប់ ហើយ​ក្រសួង​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។ ជាមួយនេះ​ក្រសួង​ក៏បាន​ធ្វើការ​ពង្រឹង​កសិក​រ​តាមរយៈ​ចុះ​អប់រំ​ផ្ទាល់ ឬ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល តាមរយៈ​សិក្ខាសាលា ដើម្បី​ឲ្យ​ប្រជាកសិករ​ចេះ​ប្រើប្រាស់​ថ្នាំ​កសិកម្ម ជី​កសិកម្ម​នេះ ដើម្បី​កែប្រែ​ទំលាប់​ពី​ការដាំដុះ​តាម​ប្រពៃណី មក​ការអនុវត្ត​ការដាំដុះ​លើ​ដំណាំ​ស្រូវ​តាមបែប​បច្ចេកទេស​ថ្មី​ដែល​ធានា​នូវ​ទិន្នផល​ខ្ពស់​ស្របតាម​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​។ ទន្ទឹមនឹងនេះ​ក្រសួងកសិកម្ម​ក៏បាន​ធ្វើការ​ជាមួយ ក្រុមហ៊ុន​ដែល​ធ្វើការ​នាំចូល ឬ​ដេប៉ូ​ចែកចាយ​លក់ដុំ​លក់រាយ​តាម​បណ្តា​ខេត្ត​នូវ​ថ្នាំ​កសិកម្ម ជី​កសិកម្ម ត្រូវបំពេញ​កាតព្វកិច្ច សំខាន់​មានចំណេះដឹង​ខាង​បច្ចេកទេស​ប្រើប្រាស់​សម្ភារៈ​កសិកម្ម​ដើម្បី​ពន្យល់​ប្រជាកសិករ​ឲ្យ​ចេះ​ប្រើប្រាស់​ជៀសវាង​ការប្រើ​ខុស​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ ព្រមទាំង​បានចេញ​លិខិត​ព្រមាន​បាន​ចំនួន ៦៤​ក្រុមហ៊ុន ដកហូត​លិខិត​អនុ​ញ្ញា​ត្ត​ធ្វើ​អាជិ​វក​ម្ម​មួយក្រុម​ហ៊ុន​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​បានធ្វើ​ការព្រមាន ១៦២​ករណី សន្យា​កែតម្រូវ​ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​ទៀត ១២៦៥​ករណី និង​បំពេញ​សំណុំរឿង​ឡើង​តយ​លា​ការ ១៦​ករណី និង​រឹបអូស​វត្ថុតាង​សម្ភារៈ​កសិកម្ម​ក្លែងក្លាយ​ជាច្រើន​ទៀត​។ ទាក់ទង​នឹង​មតិ​រិះគន់​ដែល​អង្គសភា​បានលើកឡើង​អំពី​បញ្ហា​ថ្នាំ​កសិកម្ម ជី​កសិកម្ម​នេះ​លោក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ក៏បាន​ទទួលស្គាល់ថា​ពិតជា​នៅ​មានការ​ចន្លោះប្រហោង​លើ​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម ជី​កសិកម្ម​នេះ ក្នុងនាម​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ខិតខំ​បំបាត់​អំពើ​អសកម្ម​ទាំងនេះ​៕