Sunday, August 12, 2012

ខ្សឹបដាក់ត្រចៀក ៖ ជំនួយការ​លោក​យឹ​ម​ យាន​​ ​យក​រថយន្ដ​ត្រេ​អ៊ី​អង្គភាព​ដឹកឈើ​ធ្នង់​​ល្បី​ពេញ​ខេត្ដក្រចេះ​

​លោក​ ស៊ា​ត​ សុខុម​ ដែល​ជា​ជំនួយការ​លោក​ យឹ​ម​ យាន​ មេបញ្ជាការ​តំបន់​ប្រតិបត្ដិការ​សឹក​រង​ក្រចេះ​ កំពុង​តែ​យក​រថយន្ដ​ម៉ាក​ត្រេ​អ៊ី​របស់​អង្គភាព​ទៅ​ប្រើ​ប្រាស់​ជា​លក្ខណៈ​ឯកជន​ ក្នុង​មុខ​ជំនួញ​ឈើ​ប្រណីត​ មិនតែប៉ុណ្ណោះ​បុគ្គល​រូប​នេះ​ធ្លាប់​ យក​ឈើ​ធ្នង់​ទៅ​លាក់​ទុក​ក្នុង​បន្ទាយ​ ខណៈ​មាន​ភាព​តានតឹង​ពេល​ដែល​ត្រូវ​សមត្ថ​ កិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាម​ប្រមាញ់​ចាប់​ ។​
​មុខ​ជំនួញ​ឈើ​ប្រណីត​របស់​ ស៊ា​ត​ សុខុម​ បើ​ទោះជា​ពុំ​មាន​វត្ដមាន​លោក​មេ​យោធា​ខេត្ដ​ចូលរួម​ ប៉ុន្ដែ​ការ​អនុញ្ញាត​ឱ្យ​យក​រថយន្ដ​ពណ៌​ត្រេ​អ៊ី​របស់​អង្គភាព​ទៅ​ ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចាត់​ទុក​ថា​ សកម្មភាព​រកស៊ី​ឈើ​នេះ​អាច​នឹង​មានការ​ពាក់​ ព័ន្ធ​ ឬ​បើកភ្លើង​ខៀវ​ណាមួយ​ពី​មេ​យោធា​ខេត្ដ​ ។​ ជា​ទូទៅ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ ប្រភេទ​ធ្នង់​របស់​ ស៊ា​ត​ សុខុម​ ច្រើន​ដឹក​ចេញពី​ក្រុមហ៊ុន​តុង​មិន​ ស្ថិត​ក្នុងស្រុក​សំបូរ​យក​មក​កាន់​ស្រុក​ឆ្លូង​ និង​មួយ​ចំនួន​ទៀត​យក​មក​កាន់​ខេត្ដកំពង់ចាម​ ប៉ុន្ដែ​មួយ​រយៈ​នេះ​ ស៊ា​ត​ សុខុម​ បាន​ដឹក​ជញ្ជូន​ឈើ​សុទ្ធតែ​ប្រភេទ​ឡាន​ត្រេ​អ៊ី​ធំៗ​ចេញពី​ ខេត្ដក្រចេះ​ឆ្ពោះទៅ​ស្រុក​ស្នួល​ឆ្លង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដេ​១​ យ៉ាង​សកម្ម​ ហើយ​ពុំ​មាន​សមត្ថកិច្ច​ណាមួយ​ប៉ះពាល់​ បន្ទាប់​ពី​ស៊ា​ត​ សុខុម​ បាន​ចំណាយ​ប្រាក់​ រត់ការ​មុន​ឡាន​ឈើ​ចេញដំណើរ​ ។​
​មេ​ឈ្មួញ​ឈើ​ប្រណីត​ដែល​ជំនួយការ​លោ​ក​ ​យឹ​ម​ យាន​ ត្រូវ​បាន​សមត្ថកិច្ច​ចាត់​ ទុក​ថា​ គេ​គឺជា​អ្នក​ដែល​មាន​អត្ដ​ចរិត​កាច​សាហាវ​ឆេវឆាវ​ ដែល​ធ្លាប់​គំរាមកំហែង​ ទៅ​លើ​សមត្ថកិច្ច​ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ និង​យក​តួនាទី​ជា​ជំនួយការ​ដឹកឈើ​ ទាំង​យប់​ទាំង​ថ្ងៃ​ ថែម​ទាំង​ប្រធាន​អង្គភាព​ផ្ដល់​ឱកាស​ឱ្យ​យក​ទីតាំង​បន្ទាយ​ ធ្វើ​ជា​កន្លែង​ស្ដុក​ឈើ​ល្មើសច្បាប់​ ពេល​ដែល​មាន​សមត្ថកិច្ច​តាម​ប្រមាញ់​បង្ក្រាប​ជាដើម​។​
​ការ​ដឹក​ជញ្ជូន​ឈើ​ធ្នង់​របស់​ ស៊ា​ត​ សុខុម​ ចេញពី​ក្រុមហ៊ុន​តុ​ន​មិន​ គឺ​មាន​ទ្រង់​ ទ្រាយ​ធំ​ ហើយ​បន្ដ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដេ​១​ ស្រុក​ស្នួល​យ៉ាង​សកម្ម​ ។​ ក្នុង​១​លើកៗ​ បើ​ទោះជា​ ស៊ា​ត​ សុខុម​ អាង​ស្បែក​ជា​យោធា​និង​មាន​បង្អែក​ពី​ លោក​ យឹ​ម​ យាន​ ក៏​ដោយ​ ក៏​ត្រូវ​ចំណាយ​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​សម្រាប់​ឈើ​១​ឡានៗ​ ទើប​ឆ្លង​ទៅ​វៀតណាម​បាន​ដោយ​រលូន​នោះ​ ។​ រដ្ឋបាល​ព្រៃឈើ​គ្រប់​ជាន់ថ្នាក់​ក្នុង​ ខេត្ដក្រចេះ​មិន​អាច​ចៀស​ផុត​ពី​ការ​ទទួលផល​ប្រយោជន៍​ណាមួយ​ពី​ឈ្មួញ​រូប​នេះ​ ទើប​រូបភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ ស៊ា​ត​ សុខុម​ កាន់តែ​ខ្លាំង​ បែរជា​មានការ​ស្វាគមន៍​អបអរសាទរ​ពី​សមត្ថកិច្ច​ទាំងនោះ​ ដើម្បី​ទាញ​យក​លាភ​សក្ការ​ទៅ​វិញ​ ៕