Sunday, August 12, 2012

បង្រ្កាប​រថយន្ត​យីឌុប​​ច្រឡំ​​ចំ​រថយន្ត​​ឈ្មួញ​ដឹក​ឈើ​គ្រញូង​ដ៏​ល្បី​រង់​ចាំ​ថ្នាក់​លើ​ជា​អ្នក​សម្រេច​

កំពង់ធំ ៖ រថយន្ត​របស់​លោក ស្រ៊ូ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ឈ្មួញ​ល្បីល្បាញ​ជាង​គេ​នៅ​ក្នុង​ទឹកដី​ខេត្ត​សៀមរាប ឧត្តរ​មានជ័យ ខេត្ត​កំពង់​ធំ ដែល​ជា​អ្នក​កំពូល​​ខាង​រក​ស៊ី​ដឹក​ឈើ​គ្រញូង​ត្រូវ​បាន​​សមត្ថកិច្ច​​ជំនាញ​​រាយ​​អន្ទាក់​​ចាប់​ទាល់​តែ​បាន។
លោក សុទ្ធ ម៉ារី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់​រថយន្ត​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​នេះ ដោយសារ​លោក​បាន​ទទួល​បទ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​កំពង់ធំ ដឹកនាំ​កំលាំង​សហការ​ជាមួយ​ផ្នែក ស្ទាក់​ចាប់​រថយន្ត ប្រភេទ យ៊ីឌុប ពាក់​ស្លាក​លេខ កំពង់ចាម 3A-2674 ស្ទាក់​ចាប់​បាន​នៅ​ចំណុច ភូមិ ជ្រាប់ ឃុំ ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។ ការ​បង្រ្កាប​នេះ​ធ្វើ​ឡើង​​កាល​ពី​ល្ងាច​ថ្ងៃទី​១០ ខែ សីហា ឆ្នាំ ២០១២ ក្រោយ​មក​ក៏​ត្រូវ​​បាន​ត្រួត​ពិនិត្យ​មើល​ដោយ​ពុំ​មាន​ឯកសារ​ណា​មួយ​​ជា​ផ្លូវ​ការ​។ លោក​បាន​បន្ត​ថា ការ​ដឹក​ឈើ​គ្រញូង នោះ​ដោយ​សំអាង​ទៅ​លើ​ឯកសារ​សុំ​ច្បាប់​ស្ពឹន​ភ្នែក​​​សុំ​ដឹក​ឈើ​គ្រញូង​ចំនួន​១៩​ម៉ែត្រ​គូប ប៉ុន្តែ​នៅ​លើ​រថយន្ត​ឈើ​មិន​តិច​ជាង​៣៥​ម៉ែត្រ​គូប​។ ​តៃកុង​រថយន្ត​ក្រោយ​ពី​សមត្ថកិច្ច​ត្រួត​ពិនិត្យ រួច​បាន​លួច​ដាក់​មេប្រូច​បាត់​ស្រមោល​​តែម្ដង​។
លោក សុទ្ធ ម៉ារី នាយ​ផ្នែក​បាន​បញ្ជាក់​ថា ចំពោះ​ការ​វាស់​វែង​ឬ​ចាត់​ការ​ចំពោះ​ឈើ​គ្រញូង​របស់​លោក​ស្រ៊ូ យ៉ាង​ណា​នោះ លោក​ពុំ​ទាន់​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់ ដោយ​រង់​ចាំ​លោក ឆេង គឹមស្រ៊ុន ប្រតិភូ​រាជ​រដ្ឋាភិបាល​ជា​អ្នក​មក​ពិនិត្យ​។
ប្រភព​​ពី​អ្នក​បាន​ឃើញ​ហេតុ​ការណ៍​បាន​និយាយ​ថា មន្រ្តី​តូច​តាច​​បាន​ត្រឹម​តែ​ឈរ​មើល​​លេប​ទឹក​មាត់ប៉ុណ្ណោះ​ ដោយ​សារ​តែ​ឈើ​ទាំង​នេះ​គឺ​ជា​របស់​មេ​ឈ្មួញ​ដ៏ល្បី ទាល់​តែ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​​ថ្នាក់​លើ​ចុះ​​មក​ ទើប​អាច​ដោះ​ស្រាយ​បាន។ ត្រឹម​​មេព្រៃ​របស់​ខេត្ត​​​គ្រាន់​តែ​បើក​តង់​មើល​ក៏​មិន​ហ៊ាន​ផង។
ប្រភព​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ​ឈ្មួញ​ឈើ​​​បាន​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ខេត្ត​ឧត្តរមានជ័យ ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ ចូល​មក​ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​ខេត្ត​ព្រះវិហារ តែ​ការ​ដឹក​នោះ​គឺ​​ពេញ ឡាន​ចេញ​ប៉េសេ​បង្រ្គប់​កិច្ច​សំរាប់​បង្អើល​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​​ពេល​ខ្លះ​លួច​ដឹក​បង្កប់​នៅ​ក្នុង​បាត​រថយន្ត​ធុនយក្ស​ជាមួយ​នឹង​ឈើ​លេខ​ពីរ តែ​សកម្មភាព​ទាំង​នេះ លោក​ស្រ៊ូ និង​សមត្ថកិច្ច​​ប្រហែល​ជា​សហការ​គ្នា​បាន​ល្អ​។ ប្រភព​បន្ត​ទៀត​ថា គ្មាន​មេ​ព្រៃ​ថ្លើម​ធំ​ណា​ម្នាក់​ហ៊ាន​កាក់​រថយន្ត របស់​លោក​ស្រ៊ូ​នោះ​ទេ តែ​ការ​កាក់​នេះ​គឺ​ជា​ការ​ច្រឡំ ហើយ​ក៏​បែក​ការណ៍​ដល់​អ្នក​សារព័ត៌មាន ទើប​ព្រលែង​​ក៏​មិន​ហ៊ាន​ ទើប​រំខាន​​ដល់​លោក ឆេង គឹមស៊ុន ចុះ​មក​ដោះស្រាយ​៕
នាគរាជ