Tuesday, September 18, 2012

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​មក​ដល់ទី​ក្រុង​លំ​បុក​ខេត្ត​នូ​សា​តេ​ង​ហ្កា​រ៉ា​ភាគ​ខាងលិច​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ដើម្បី​ចូលរួម​មហាសន្និបាត​លើក​ទី​៣៣​នៃ​សន្និបាត​អន្តរ​សភា​អាស៊ាន​AIPA

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​អាស៊ាន​ បាន​អញ្ជើញ​មក​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ ទីក្រុង​លំ​បុក​ ខេត្ត​នូ​សា​តេ​ង​ហ្កា​រ៉ា​ ភាគ​ខាងលិច​ សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ តាម​ជើង​យន្តហោះ​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កម្ពុជា​អង្គរ​អ៊ែ​រ​ ប្រកប​ ដោយ​សុ​វត្តិភាព​ នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​ ម៉ោង​នៅ​ទីក្រុង​លំ​បុក​ ត្រូវ​និង​ម៉ោង​១១​និង​៤០​នាទី​ ម៉ោង​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​មហាសន្និបាត​លើក​ទី​៣៣​ នៃ​សន្និបាត​អន្តរ​សភា​អាស៊ាន​AIPA​។​
វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បានការ​ធ្វើ​គារវ​ កិច្ច​ ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​ថ្នាក់ដឹកនាំ​ខេត្ត​នូ​សា​តេ​ង​ហ្កា​រ៉ា​ លោក​ កាន់​ ផា​រិ​ទ្ធ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អាស៊ាន​ និង​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ ព្រមទាំង​វត្តមាន​លោក​ លោកស្រី​ ឥស្សរជន​ជាន់ខ្ពស់​ឥណ្ឌូ​ណេ​ស៊ី​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ច្រើន​រូប​ ។
សូម​បញ្ជាក់​ថា​ ដំណើរ​នៃ​ការ​អញ្ជើញ​មក​ចូលរួម​ ពិធី​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ AIPA​លើក​ទី​៣៣​ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ​  ត្រូវ​បាន​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក​បណ្ឌិត​ ម៉ា​ស៊ូ​គី​ អា​លី​ ប្រធាន​សភាតំណាងរាស្ត្រ​ នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ និង​ជា​ប្រធាន​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៣៣​ ៕​