Tuesday, September 18, 2012

អង្គភាព​អធិការកិច្ច​របស់​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​ចាប់ផ្ដើម​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​

ភ្នំពេញ​ ៖ ​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សា​វិន័យ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ចាប់ផ្ដើម​ប្រជុំ​លើក​ទី​១​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១២​បន្ទាប់ពី​មាន​សេចក្ដីសម្រេច​របស់​សហ​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ ​និង​ ប្រព័ន្ធ​យុត្តិធម៌​លើ​សំណើ​ធ្វើ​អនុ​ក្រិត​ថ្មី​ដើម្បី​កែសម្រួល​ឲ្យ​ជំនួយការ​ក្រុមប្រឹក្សាវិន័យ​ក្លាយជា​អង្គភាព​អធិការកិច្ច​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​តម្លាភាព។
​ ​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​ចៅក្រម​ដែល​ចាប់ដំណើរការ​ប្រជុំ​របស់​ខ្លួន​រួមមាន​សមាសភាព​ចំនួន​២២​រូប​ក្នុងនោះ​មាន​ឯកឧត្តម ជីវ កេង ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​អង្គភាព​អធិការកិច្ច លោក​ប៉ាល់ ច័ន្ទ​តារា មេធាវី តំណាង​រាជរដ្ឋាភិបាល​ជា​អនុប្រធាន និង លោក សេង ប៊ុន​ឃាង ជា​អគ្គព្រះរាជអាជ្ញា​មហា​អយ្យ​អម​តុលាការ​កំពូល​ជា​អនុប្រធាន សមាជិក​ចំនួន​១៦​រូប​ជា​ចៅក្រម ព្រះរាជអាជ្ញា​ដែលមាន​បទពិសោធន៍​ការងារ លេខាធិការ​១​រូប និង ជំនួយការ​២​រូប​រួមទាំង​មន្ត្រី​ជំនួយការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មួយចំនួនទៀត​។​ ​
​ ​ឯកឧត្តម ជីវ កេង ដែលជា​ប្រធាន​អង្គការ​អធិការកិច្ច​បាន​លើកឡើង​ថា គោលបំណង និង​មូលហេតុ​ចាំបាច់​ដើម្បី​បង្កើត​ឲ្យ​មាន​អង្គភាព​អង្គភាព​នេះ​ឡើង​ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤ ស្ដីពី​កំណែទម្រង់​ច្បាប់ និង ប្រព័ន្ធ​យុត្តិធម៌​ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ដំណើរ​រឿងក្ដី សេវា​ពាក់ព័ន្ធ និង​ការពង្រីក​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​
​ ​ធ្វើយ៉ាងណា​ពង្រឹង​ស្ថាប័ន​វិស័យ​ច្បាប់ និង​តុលាការ​ឲ្យ​បំពេញ​អាណត្តិ​របស់ខ្លួន​ឲ្យ​បានសម្រេច​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដោយសារតែ​កន្លងមក​នៅពេលដែល​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​ចូល​ជាធរ​មាននៅ​ខែសីហា ឆ្នាំ​២០១០ មាន​ចៅក្រម​តុលាការ និង ព្រះរាជអាជ្ញា​ខ្លះ​ត្រូវ​ផ្ដន្ទាទោស ហើយ​ខ្លះទៀត​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​នៅពេល​ខាងមុខ​។​
​ ​ឯកឧត្តម​ប្រធាន​អង្គការ​អធិការកិច្ច​បានលើកឡើង​ទៀតថា ការបង្កើត​អង្គភាព​អធិការកិច្ច​នេះ​គឺ​សំដៅ​ដើម្បី​អប់រំ​ណែនាំ​ដាក់វិន័យ​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ​ជាការ​ការបង្ការ​មុន​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បទល្មើស និង ទទួល​ការ​ផ្ដន្ទាទោស​។ ការ​លើកកម្ពស់​ក្រមសីលធម៌ សមត្ថភាព និង សេចក្ដីថ្លៃថ្នូរ​របស់​ចៅក្រម ព្រះរាជអាជ្ញា​ឲ្យ​ក្លាយ​ជាទី​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ គឺជា​អាទិភាព​ចំបង​នៅក្នុង​ចក្ខុវិស័យ​នៃ​កំណែទម្រង់​ច្បាប់​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​។​
​ ​ដូច្នេះ​អង្គភាព​អធិការកិច្ច​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​ត្រូវ​ឆ្លងកាត់​ការលំបាក​ជាច្រើន​ដែល​ពិបាក​ឈានទៅរក​ជោគជ័យ​។ ដូច្នេះ​ការចាំបាច់​អង្គភាព​ត្រូវតែ​បង្កើត​គណៈកម្មការ​មួយ​រៀបចំ​បទបញ្ជាផ្ទៃក្នុង​តាម​មាត្រា​៦ នៃ​អនុ​ក្រិត​ចាត់តាំង​ក្រុមការងារ​ជា​៣​ក្រុម ក្នុងចំណោម​សមាជិក និង មន្ត្រី​ជំនួយ​ការចុះ​តាម​តុលាការខេត្ត ក្រុង រាជធានី និង​ដោះស្រាយ​រាល់​ពាក្យបណ្ដឹង​ឲ្យ​បាន​ឆាប់ និង មាន​ប្រសិទ្ធភាព ហើយ​មន្ត្រី​ដែល​ចុះ​បំពេញភារកិច្ច​ធ្វើ​អធិការកិច្ច​ត្រូវ​ធានាបាន​នូវ​ភាព​ស្អាតស្អំ​មិន​ឲ្យ​ពាក់ព័ន្ធ​ផលប្រយោជន៍​ក្នុងការ​បំពេញការងារ​ទាំងអស់​ធ្វើយ៉ាងណា​រក​ឲ្យ​ឃើញ​នូវ​ការពិត និង​មាន​ដំណោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​រាល់​បាតុភាព​ដែល​កើតមាន​នៅតាម​សាលាជម្រះក្ដី៕