Tuesday, September 18, 2012

ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​និង​កម្មវិធី​ការងារ​ឆ្ពោះ​ទោ​កាន់ការ​បោះ​ឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​

​ខេត្តឧត្តរមានជ័យ​ ៖​ ស្ថិត​ក្រោម​អធិបតីភាព​លោក​ សៀ​ក​ សុ​ជាតិ​ អនុប្រធាន​គណ​អចិន្ត្រៃយ៍​ គណ​ពង្រឹង​គណកម្មាធិការ​បក្ស​ខេត្តឧត្តរមានជ័យ​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ចុងកាល់​ នា​រសៀល​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​ ២០១២​នេះ​ មាន​រៀបចំ​បើ​កិច្ចប្រជុំ​មួយ​ ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់​មន្ត្រី​ក្រុមការងារ​របស់​ គណបក្ស​ ប្រជាជន​កម្ពុជា​ តាំងពី​ថ្នាក់​កណ្តាល​ រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ធ្វើការ​ផ្សា​ព្វ​ផ្សាយ​ផែនការ​សកម្មភាព​ និង​កម្មវិធី​របស់​គណកម្មាធិការ​បក្ស​ខេត្ត​ឧត្តរ​មា​នេ​ជ័យ​ ស្តី​ពី​ទិស​ដៅ​ភារកិច្ច​ ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើស​ តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ខាង​មុខ​ ។​
​នៅ​ក្នុង​សេចក្តីសំរេច​ ស្តី​ពី​ផែនការ​សកម្មភាព​ និង​ កម្មវិធី​ការងារ​ដែល​អាន​ដោយ​លោក​ ប៊ូ​ សា​ខន​ ប្រធាន​គណកម្មាធិការ​បក្ស​ស្រុក​ចុងកាល់​ បាន​បង្ហាញ​អំពី​គោលបំណង​-​សំណូមពរ​ ថា​ត្រូវ​តែ​បន្ត​បង្កើន​ ប្រៀប​ឈ្នះ​ និង​ បង្កើន​កម្លាំង​គាំទ្រ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ សំរេច​ បន្ត​រក្សា​ និង​ យក​ឱ្យ​បាន​អ​សនៈ​រដ្ឋសភា​សំរាប់​មណ្ឌល​ឧត្តរមានជ័យ​ចំនួន​១​ លើ​១​អ​សនៈ​ ដែល​ក្នុង​នោះ​ គណ​ពង្រឹង​មូលដ្ឋាន​ រួម​ជាមួយនឹង​គណកម្មាធិការ​បក្ស​គ្រប់​ថ្នាក់​ ត្រូវ​ខិតខំ​អនុវត្ត​ផែនការ​សកម្មភាព​នេះ​ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ ។​ ផែនការ​សកម្មភាព​ទាំងនោះ​រួម​មាន​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ ឆ្នោត​ ការ​បើក​សន្និបាត​ដើម្បី​ជ្រើសរើស​បេក្ខជន​  ការ​ពង្រឹង​អង្គការ​ចាត់តាំង​គណបក្ស​ និង​កសាង​សមាជិក​ គណបក្ស​ ជាដើម​ ។​ល​។​ សេចក្តីសំរេច​លើ​ខ្លឹមសារ​ផ្សព្វផ្សាយ​នោះ​ ក៏​បាន​និយាយ​លំអិត​ផង​ដែរ​ អំពី​កម្មវិធី​ ការងារ​របស់​គណ​ពង្រឹង​មូលដ្ឋាន​ ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​សកម្មភាព​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​  និង​យក​ ចិត្ត​ទុកដាក់​ ដោះស្រាយ​ភាព​អសកម្ម​នានា​នៅ​មូលដ្ឋាន​ផង​ដែរ​ ។​
​មាន​មតិ​សំណេះសំណាល​ បូក​សារុប​ខ្លឹមសារ​ផ្សព្វផ្សាយ​នោះ​ លោក​ សៀ​ក​ សុ​ជាតិ​ បាន​វាយតម្លៃ​ ខ្ពស់​ថា​ សមិទ្ធផល​នានា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ គឺ​អាស្រ័យ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​គោលនយោបាយ​ និង​ ផែនការ​ការងារ​ច្បាស់លាស់​ ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ផង​ដែរ​របស់​មន្ត្រី​ក្រុម​ ការងារ​គ្រប់​លំដាប់ថ្នាក់​ ដែល​កិច្ចការ​ទាំងនោះ​ គឺ​សំដៅ​ស្វែងរក​ផលប្រយោជន៍​ជូន​ជាតិ​ និង​ ប្រជាជន​ ។​ 
​លោក​បាន​គូសបញ្ជាក់​ថា​ ផែនការ​សកម្មភាព​ និង​ កម្មវិធី​ការងារ​ស្តី​ពី​ទិស​ដៅ​ភារកិច្ច​ ឆ្ពោះទៅ​រក​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ​ គឺ​ពិតជា​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត​របស់​ក្រុមការងារ​ និង​មន្ត្រី​បក្ស​នៅ​ មូលដ្ឋាន​ ។​ លោក​បាន​ផ្តាំផ្ញើ​ថា​ គណកម្មាធិការ​បក្ស​គ្រប់​ថ្នាក់​ ត្រូវ​មាន​កិច្ចសហការ​ជាម​យ​យ​គណ​ពង្រឹង​ មូលដ្ឋាន​ ជា​ពិសេស​ថ្នាក់​ស្រុក​ឃុំ​ ដើម្បី​ជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី​ និង​ ថវិកា​ ព្រមទាំង​មធ្យោបាយ​នានា​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ទាំងនោះ​ គឺជា​ការ​លើកទឹកចិត្ត​ និង​គាំទ្រ​សកម្មភាព​របស់​គណកម្មាធិការ​ សាខា​បក្ស​ភូមិ​ ឱ្យ​សំរេច​ភារកិច្ច​បាន​ល្អ​ប្រសើរ​ ។​ លោក​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ ត្រូវ​យកចិត្តទុកដាក់​ ត្រួតពិនិត្យ​ និង​ ធានា​បាន​ថា​ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ទាំងអស់​ មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ និង​មាន​ ឯកសារ​ត្រឹមត្រូវ​សំរាប់​ទៅ​បោះ​ឆ្នោត​ ៕