Tuesday, September 18, 2012

ពិធីបើកកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៣៣

មហាសន្និបាតអន្តរសភាអាស៊ានAIPA លើកទី៣៣ បានប្រារព្វពិធីបើកជាផ្លូវការ នៅវេលាម៉ោង១៩ល្ងាចថ្ងៃទី១៧កញ្ញា នៅសាលាខេត្តលំបុក ខេត្តនូសាតេងហ្ការ៉ាភាគខាងលិច ដែលជាតំបន់ទេសចរណ៍ឆ្នេរសមុទ្យលំដាប់ទី២ បន្ទាប់ពីកោះបាលី របស់សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅមុនពិធីបើកកិច្ចប្រជមហាសន្និបាត អន្តរសភាអាស៊ាន AIPAលើកទី៣៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានជួបសន្ទនាដោយផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត ម៉ាស៊ូគី អាលី ប្រធានសភាតំណាងរាស្រ្ត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានអន្តរសភាអាស៊ានលើកទី៣៣ ក្នុងបរិយាកាសស្និតស្នាលរ៉ាក់ទាក់បំផុត។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានក៏ដូចជាឯកឧត្តម លោកជំទាវ នៃបណ្តាមេដឹកនាំសភាមកពីប្រទេសប្រុយណៃដារ៉ុយសាឡឹម ឡាវ ម៉ាឡេស៊ីមីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរីថៃ វៀតណាម រួមទាំងប្រទេសអ្នកសង្កេតការណ៍ចំនួន១១ទៀតរបស់អន្តរសភាអាស៊ានរួមមានប្រទេសអូស្រ្តាលី ប៉េឡារ៉ុស្ស កាណាដា សាធារណរដ្ឋប្រជាមានិតចិន សភាអឺរ៉ុប ប្រទេសជប៉ុន ឥណ្ឌាសហពន្ធ័រុស្ស៊ី​ញ៉ូហ្សេឡែន ប៉ាពូញូហ្គីនី និងសាធារណរដ្ឋកូរ៉េ និងភ្ញៀវរបស់អន្តរសភាអាស៊ានជាច្រើនទៀតត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និតស្នាលបំផុតពី ឯកឧត្តមបណ្ឌិត ម៉ាស៊ូគី អាលី ប្រធានសភាតំណាងរាស្រ្តនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានអន្តរសភាអាស៊ានលើកទី៣៣ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បូឌីដ្យូណូអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ថ្លែងសុន្ទរកថាក្នុង ពិធីបើក កិច្ចប្រជុំ​មហាសន្និបាត​ អន្តរសភា​អាស៊ានលើកទី៣៣ ​ឯកឧត្តមបណ្ឌិតម៉ាស៊ូគីអាលីប្រធានសភា​តំណាងរាស្រ្តនៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី ​និងជា​ប្រធាន​​អន្តរសភា ​អាស៊ានលើកទី៣៣​ មានប្រសាសន៍ថាមហាសន្និបាតអន្តរ​សភា​អាស៊ាន​លើក​ទី៣៣នេះ ​យើងនិងពិភាក្សា​ទៅលើរបៀបវារៈ​ជាច្រើន ​ដែលទាក់​ទិនទៅនិង​បញ្ហានយោ​បាយ ​ក្នុង​នោះ​ទី១ជំរុញ​រដ្ឋជាសមាជិក​អាស៊ានក្នុងការ​បង្កើត​គំនិតផ្តួច​ផ្តើមស្តីពីបង្កើនការ​យល់​ដឹងជា​សាធារណៈនិងផ្សព្វផ្សាយ​អំពីការចូលរួម​របស់សង្គមស៊ីវិលក្នុងការកសាង​សហគំន៍អាស៊ាន ​ទី២ដំណោះស្រាយ​លើបញ្ហា​សមុទ្រ​ចិនខាងត្បូង។ ​បញ្ហាសេដ្ឋកិច្ច ​ទី១ជំរុញឲ្យមាន​ការប្រឹងប្រែងនិងកិច្ចសហប្រតិប​ត្តិការក្នុងតំបន់​ ដើម្បីប្រឆាំងនឹង​ការជួញដូរប្រាក់​ខុសច្បាប់ ​ទី២ការ​បង្កើត​សេដ្ឋកិច្ច​បៃតងក្នុងបរិបទ​ការអភិវឌ្ឍ​ប្រកបដោយ​ចិរភាព ​ទី៣ការអនុម័ត​ផែនការ​យុទ្ធសាស្រ្ត​សំរាប់ការ​លុបបំបាត់​ភាពក្រីក្រនិងរចនា​សម្ពន្ធ័សំរាប់ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាពទី៤ធានា​ថាភាពកាន់​តែប្រសើរ​ឡើង នៃកា​រចូលមកដល់​នៃបច្ចេកវិទ្យា ​ទីផ្សារ និងហិរញ្ញទាន​ រួមមានកម្មវិធី​មូល​និធិអន្តរ​ជាតិ ​តាមរយៈ​កម្មវិធីថ្នាក់ជាតិ​សំរាប់ជួយដល់ ​សហគ្រាសខ្នាតតូចនិងមធ្យម។ ​បញ្ហាសង្គម ​ទី១បង្កើនភាព​យល់ដឹងនិងលើកកំពស់​ការចូលរួមជា​សាធារណៈក្នុងកម្មវិធីដែល​ទាក់ទិនទៅនិង​ការកាត់​បន្ថយ​គ្រោះ​មហន្តរាយ​ និងឆ្លើយ​តបយ៉ាង​ឆាប់រហ័សក្នុងការជំរុញ​សហ​គមន៍​ឲ្យមាន​ភាពរឹងមាំ​ ទៅនិងគ្រោះមហន្តរាយទី២បង្កើនការអភិវឌ្ឍនិងកាត់បន្ថយ​សារធាតុ​កាបូន​ឲ្យមានកំរិតទាប ​និងស្រាវជ្រាវរក​បច្ចេកវិទ្យាផ្សេងៗដែលមិនប៉ះ​ពាល់ដល់បរិស្ថាន។ ​លើសមាជិក​សភាស្រ្តីរបស់​អន្តរសភាអាស៊ាន​WAIPA ​បណ្តាមេដឹក​នាំទាំងអស់ ​បានឯកភាពទី១គាំទ្ររដ្ឋជាសមាជិក​អាស៊ាន ​ក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការនៃការអនុវត្ត​ផែនទីបង្ហាញ​ផ្លូវ ​គោលដៅ​អភិវឌ្ឍន៍សហវត្សរ៍ដើម្បីបង្រួមគម្លាត​ក្នុងចំណោម​រដ្ឋជាសមាជិក​អាស៊ាន ​ទី២តួនាទី​តំណាង​រាស្រ្តជាស្រ្តីក្នុងការជំរុញនូវ​គោលនយោបាយ​ស្តីពីស្រ្តីនិយមក្នុងវិស័យសេដ្ឋកិច្ចសុខភាព ​និងវិស័យអប់រំនិងទី៣ជំរុញនិង​លើកកម្ពស់​សមត្ថភាពព្រមទាំងបណ្តុះ​បណ្តាលជំនាញ​ជាក់លាក់ ​ដល់ស្រ្តីនៅតាម​តំបន់ជនបទ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា ​និងជាប្រធាន​អាស៊ានអញ្ជើញ​ថ្លែងសុន្ទរកថាគន្លឹៈ​ក្នុងពិធីបើកកិច្ចប្រជុំ​មហាសន្និបាតអន្តរសភា​អាស៊ាន​​លើក​ទី៣៣ក្នុងខ្លឹមសារដូចតទៅ  
(សម្លេងដើមរបស់សម្តេចតេជោ)
នៅក្នុងក្នុងពិធីបើកកិច្ចប្រជុំ​មហាសន្និបាតអន្តរសភា​អាស៊ាន​លើកទី៣៣​នេះដែរ​ ឯកឧត្តម​សាស្រ្តា​ចារ្យ​បណ្ឌិតបូឌីដ្យូណូ ​អនុប្រធានាធិបតី ​នៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី ​អញ្ជើញ​ថ្លែង​សុន្ទរក​ថាដោយ​បានសំដែងនូវការស្វាគមន៍​យ៉ាងកក់ក្តៅបំផុតក្នុងនាមឯកឧត្តម​ប្រធានាធិបតី ​ក៏ដូច​ជាថ្នាក់​ដឹកនាំនិង​ប្រជាជន​ឥណ្ឌូណេស៊ី ​ទាំងអស់ជូនចំពោះ​សម្តេច ឯកឧត្តម​ លោកជំទាវជាប្រធាន​ប្រតិភូសភា​មកពីប្រទេសអាស៊ាន​ទាំង១០ ​និងប្រតិភូសភា​មកពីប្រទេស ​ជាអ្នកសង្កេត​ការណ៍ចំនួន​១១ផ្សេង​ទៀតរបស់អន្តរសភា​អាស៊ានដែលបាន​អញ្ជើញ​មកចូលរួមក្នុងពិធី​បើកកិច្ចប្រជុំ​មហា​សន្និបាតអន្តរសភាអាស៊ានលើកទី៣៣​ នៅលើទឹកដែនដីកោះលំបុក ​ដែលជាតំបន់​ទេសចរណ៍​ឆ្នេរសមុទ្រដ៏ប្រណិត​លំដាប់ទី២របស់​សាធារណ​រដ្ឋឥណ្ឌូណេស៊ី។ឯកឧត្ត​មសាស្រ្តាបណ្ឌិតអនុ​ប្រធានាធិបតី ​ក៏បានប្រសិទ្ធពរ​ជ័យបវរមហា​ប្រសើរ ​ជូនដល់ការ​ស្នាក់អាស្រ័យនៃការអញ្ជើញ​ចូលរួមកិច្ចប្រជុំ​មហាសន្និបាត​អន្តរសភាអាស៊ាន​លើកទី៣៣​ ប្រកបដោយ​លទ្ធផល​ដ៏ត្រចះ​ត្រចង់ ​ក្នុងន័យ​ពង្រឹង​តួនាទីរបស់​សភាឆ្ពោះ​ទៅកាន់​សហគមន៍​អាស៊ា​ននៅឆ្នាំ២០១៥។
(មានថតរូបអនុស្សាវរីយ៍)
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរសម្តេចអគ្គមហាពញាចក្រី ​ហេង ​សំរិនប្រធាន ​រដ្ឋសភានៃព្រះរា​ជាណា​ចក្រកម្ពុជា ​សម្តេចអគ្គ​មហា​សេនា​បតីតេជោហ៊ុន​ សែននាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា ​និងជាប្រ​ធានអាស៊ាន ​ក៏ដូចជា​ឯកឧត្តម ​លោកជំទាវនៃបណ្តា​មេដឹកនាំ​សភាមក​ពីប្រទេសប្រុយណៃដារ៉ុយសាឡឹម ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ សហពន្ធ័ម៉ាឡេស៊ី ​សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ាសាធារណរដ្ឋហ្វីលីពីន​ សឹង្ហបុរី ​រាជាណា​ចក្រថៃ ​សាធារណ​រដ្ឋសង្គមនិយម​វៀតណាមរួមទាំងប្រទេស​ អ្នកសង្កេតការណ៍ ​ចំនួន១១​ទៀតរបស់​អន្តរសភា​អាស៊ានរួមមានប្រទេស​អូស្រ្តាលីប៉េឡារ៉ុស្ស ​កាណាដា ​សាធារណរដ្ឋ​ប្រជាមានិតចិន​សភាអឺរ៉ុប ប្រទេសជប៉ុនឥណ្ឌាសហពន្ធ័រុស្ស៊ី​ញ៉ូហ្សេឡែនប៉ាពូញូហ្គីនី ​និងសាធារណ​រដ្ឋកូរ៉េនិងភ្ញៀវ​របស់​អន្តរ​សភា​អាស៊ាន​ជាច្រើន​ទៀតបានអញ្ជើញ​ចូលរួមក្នុង​ពិធីលៀង​សាយភោជន៍ដែលរៀបចំ​ឡើងយ៉ាង​មហាកិត្តិយស​ បំផុតពីសំណាក់​ឯកឧត្តមសាស្រ្តា​ចារ្យបណ្ឌិត ​បូឌីដ្យូណូអនុប្រធានាធិបតីនៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ីនិង​លោកជំទាវ។ ​សូមបញ្ជាក់ដែរថា​ លំបុកគឺជាដែន​កោះមួយស្ថិតនៅក្នុង​ខេត្តនូសាតេង​ហ្ការ៉ាខាងលិចនិងស្ថិតនៅ​ខាងកើតកោះ​បាលីនៃសាធារណ​រដ្ឋឥណ្ឌូណេស៊ី ​មានផ្ទៃដីទំហំ​៤៧២៥​គីឡូម៉ែត្រ​ក្រឡា។កោះលំបុក​ត្រូវបានរដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​កំណត់ទិសដៅ​ជាតំបន់ទេសចរណ៍​ឆ្នេរសមុទ្រទី២ ​បន្ទាប់ពី​កោះបាលីដែលមាន​ប្រជាពល​រដ្ឋរស់នៅ​ចំនួនជាង ​៣លាន១៦៦ពាន់នាក់។​ តាមរយៈ​ទិសដៅនេះកោះលំបុក​ត្រូវបានអភិវឌ្ឍហេដ្ឋា​រចនា​សម្ពន្ធ័ថ្មី​ជាច្រើនរួមទាំង​ស្ថាបនាអាកាស​យានដ្ឋានអន្តរ​ជាតិថ្មីមួយទៀត​ ដើម្បីសំរេច​ទិសដៅទាក់​ទាញ​អ្នកទេសចរណ៍​ឲ្យបាន ​១លាននាក់នៅឆ្នាំ២០១២។