Tuesday, September 18, 2012

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ជួបឯកឧត្ដមកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ អ៊ុយក្រែន

ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួល ជួបឯកឧត្ដម Olegsiy Shovkoplias ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ុយក្រែន ប្រចាំកម្ពុជា  ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បី ពិភាក្សាការងារ នៅទីស្ដីការក្រសួង។ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានសំដែងការស្វាគមន៍ និងសាទរចំពោះ ឯកឧត្ដម Olegsiy Shovkopliasដែលរដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ ឯកឧត្ដម បានលើក ឡើងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងប្រទេសអ៊ុយក្រែន និងថ្លែងអំណរគុណ ចំពោះប្រទេស អ៊ុយក្រែន ដែលបានឧបត្ថម្ភ គាំទ្រដល់ប្រទេសកម្ពុជា តាំងពីទស្សវត្សន៍ឆ្នាំ៨០ ក្នុងដំណាក់កាល ដែលកម្ពុជា ទើបរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងជួបការលំបាកបំផុត។ ទាក់ទងនិងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានមើល ឃើញពីសក្ដានុពល នៃប្រទេសទាំងពីរ ដែលមានសេដ្ឋកិច្ច អាចបំពេញបន្ថែមគ្នាបាន ដូចជាៈប្រទេសអ៊ុយ ក្រែន ជាប្រទេសមាន ភាពរីកចំរើន ផ្នែកឧស្សាហកម្ម ទំនើប សេវាកម្ម និងការកែច្នៃ ។
រីឯកម្ពុជា ជាប្រទេសកសិកម្ម ទេសចរណ៍ និងការទទួលបានភាព អនុគ្រោះពាណិជ្ជកម្មសម្រាប់ ការនាំចេញ ។
          ឯកឧត្ដម Olegsiy Shovkoplias ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ុយក្រែន ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចំរើន ដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ថ្នល់ សំណង់អគារ កំពង់ផែ និងព្រលាន យន្ដហោះ  ហើយកំរិតជីវភាព របស់ប្រជាពលរដ្ឋ មានការកើនឡើង គួរកត់សំគាល់។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត អ៊ុយក្រែន បាន បញ្ជាក់ថាៈផ្នែកសំខាន់ៗ នៃផលិតផលក្នុងស្រុកសរុប តាមវិស័យ គឺប្រទេសអ៊ុយក្រែន មានវិស័យកសិកម្មចំនួន ៩,៤% ឧស្សាហកម្ម ៣៤,៤% សេវាកម្ម ចំនួន ៥២,២% គិតក្នុងឆ្នាំ២០១១។ ឧស្សាហកម្មសំខាន់ៗ គឺធ្យូងថ្ម -អគ្គិសនី-ដែក-គ្រឿងចក្រ-រថយន្ដដឹកជញ្ជូន-ជាតិគីមី និងការកែច្នៃម្ហូបអាហារ។ ឯកឧត្ដម បានមើលឃើញ ពីសក្ដានុពលសេដ្ឋកិច្ចច្រើន នៅកម្ពុជា និងខិតខំ ជួយអំពាវនាវ វិនិយោគិនអ៊ុយក្រែន មកពនិត្យលទ្ធភាពវិនិយោគ នៅកម្ពុជាឱ្យបានច្រើន ។
          ដើម្បីពង្រឹកកិច្ចសហប្រតិបត្ដិការ និងពង្រីកវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ និងឯកឧត្ដម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ុយក្រែន ប្រចាំកម្ពុជា បានពិភាក្សាដោយផ្ដោត ជាសំខាន់ទៅលើការ បង្កើតឱ្យមានកិច្ច ព្រមព្រៀងទ្វេភាគី ស្ដីពីការជម្រុញ និងកិច្ចការពារអ្នកវិនិយោគ-ការផ្លាស់ប្ដូរប្រតិភូអ្នកធុរៈកិច្ច-ការសម្រួល ទិដ្ឋាការធ្វើដំណើរ និងការចូលរួម និងការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្ម នៃប្រទេសរៀងៗខ្លួន ។ល ។
          តាមរយៈឯកឧត្ដម ឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ុយក្រែន ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធបានអំពាវនាវឱ្យ វិនិយោគិនអ៊ុក្រែន មកបំពេញទស្សនៈកិច្ច ដើម្បីសិក្សាស្វែងយល់ជាក់ស្ដែង ពីសក្ដានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងពិនិត្យ លទ្ធភាព វិនិយោគនៅកម្ពុជា ជាពិសេសការផ្ទេរបច្ចេកវិទ្យា របស់ប្រទេសអ៊ុយក្រែនមកកម្ពុជា ដើម្បីផលិតនិងកែច្នៃសម្រាប់ ធ្វើការនាំចេញ ដោយប្រើប្រាស់ប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្មកម្ពុជា ដែលទទួលបាន ពីប្រទេសអភិវឌ្ឍន៍ និងប្រទេសដៃគូ ដែលអនុញ្ញាត ឱ្យទំនិញរាប់ពាន់មុខពីកម្ពុជា អាចនាំចេញ ដោយមិនជាប់ពន្ធ និងមិន ជាប់កូតា ។