Tuesday, September 18, 2012

ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ​ចំណាយ​អស់​ថវិកា​៣​លាន​ដុល្លារ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​

​ភ្នំពេញ​ ៖​ ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ​ដែល​ជា​ស្ពាន​ឯកទិស​ បាន​ចំណាយពេលការ​កសាង​អស់​រយៈពេល​ជិត​១​ឆ្នាំ​ ត្រូវ​បាន​ចំណាយ​អស់​ថវិកា​ជាង​៣​លាន​ដុល្លារ​ អា​មេ​រិ​ក​ជា​ថវិកា​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​អាណិកជន​​ (OCIC) ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ ពាណិជ្ជករ​ និង​អាជីវករ​ដែល​បាន​ចេញចូល​មក​កម្សាន្ដ​នៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​នេះ​ ។​ លោក​ជំទាវ​ម៉ែ​ន​ សំ​អន​ ឧបនាយក​រដ្ឋ​ មន្ដ្រី​ប្រចាំការ​ រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ ជាមួយ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​បាន​ចូល​ រួម​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សា​ធារ​ណៈ​នា​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១២​នេះ​ ។​
​លោក​ជំទាវ​ម៉ែ​ន​ សំ​អន​ បាន​បញ្ជាក់​ថា​ ស្ពាន​នាគ​ភ្លោះ​ពេជ្រ​ដែល​អាជ្ញាធរ​ រាជធានី​ភ្នំពេញ​ រួម​ជាមួយ​ក្រុមហ៊ុន​ក្នុង​ ស្រុក​បាន​សហការ​កសាង​ឡើង​ដាក់​ សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​នា​ ពេល​នេះ​ ពិតជា​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ ភាព​ ការ​កសាង​បន្ថែម​ ការ​ពង្រីក​ និង​ កែ​លំអ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវ​ ស្ពាន​គឺជា​ មធ្យោបាយ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ កកស្ទះ​ចរាចរណ៍​ ។​ ក្នុង​ន័យ​នេះ​ ការ​ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ គឺជា​ការ​ សម្រេចចិត្ដ​មួយ​ដ៏​ត្រឹមត្រូវ​សម​ស្រប​ ទៅ​នឹង​កាលៈទេសៈ​ និង​ទីតាំង​ដែល​ប្រកប​ ទៅ​ដោយ​សក្ដានុពល​សេដ្ឋកិច្ច​ ដែល​ យើង​ទាំងអស់​គ្នា​ត្រូវ​រួម​កម្លាំងកាយ​ កម្លាំងចិត្ដ​គាំទ្រ​និង​បន្ដ​ជំរុញ​ការ​អភិវឌ្ឍ​ ប្រទេស​ជាតិ​ឱ្យ​ទទួល​បាន​ភាព​រីក​ចម្រើន​ ទៅ​ថ្ងៃ​អនាគត​ ។​ លោក​ជំទាវ​បន្ដ​ថា​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូច​ជា​ ការ​ស្ថាបនា​ផ្លូវ​ ស្ពាន​គឺជា​អាទិភាព​ សំខាន់​មួយ​ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ដ្រ​ ចតុកោណ​ដំណាក់កាល​ទី​២​ របស់​រាជ​ រដ្ឋាភិបាល​ និង​សមាហរណកម្ម​ជា​រូប​វ័​ន្ដ​ និង​ជា​គោលនយោបាយ​ជំរុញ​ និង​ទ្រទ្រង់​ កំណើនសេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ។​ ការ​កែ​លំអ​ ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ដ​បាន​ជួយ​ទ្រទ្រង់​ ដល់​ការ​អភិវឌ្ឍ​ និង​កំណើនសេដ្ឋកិច្ច​ របស់​កម្ពុជា​ ដែល​សម្រេច​បាន​គួរ​កត់​ សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ​ ។​
​លោក​កែប​ ជុតិមា​ អភិបាល​រាជធានី​ ភ្នំពេញ​បាន​បញ្ជាក់​ថា​ ស្ពាន​នាគ​ភ្លោះ​ ពេជ្រ​នេះ​ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ ដែល​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១២​នេះ​ បន្ទាប់​ពី​រូបសំណាក​ តេ​ជោ​មាស​ និង​តេ​ជោ​យ៉​ត​ ។​ ដោយសារ​ តំបន់​កោះ​ពេជ្រ​នេះ​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​ ហើយ​ច្រក​ចេញចូល​មិន​ទាន់​ ឆ្លើយ​តប​នឹង​តម្រូវការ​នៅឡើយ​នោះ​ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ សាងសង់​ស្ពាន​បន្ថែម​ពីរ​ទៀត​លើ​ពីរ​ ទៀត​ដែល​មាន​ស្រាប់​ដើម្បី​ជួយ​សម្រួល​ ច្រក​ចេញចូល​នៅ​តំបន់​នេះ​បាន​ងាយ​ ស្រួល​តាម​តម្រូវការ​ ព្រោះ​បច្ចុប្បន្ន​ កំណើន​យានយន្ដ​ និង​កំណើន​ប្រជាពលរដ្ឋ​ ដែល​បាន​ចូល​មក​ទស្សនា​នៅ​ទី​នេះ​កាន់​ តែ​កើន​ ។​
​លោក​បន្ដ​ថា​ ស្ពាន​នាគ​ភ្លោះ​ពេជ្រ​ នេះ​ជា​ប្រភេទ​ស្ពាន​ធ្នឹម​អ៊ី​ ស្ថាបនា​ឡើង​ អំពី​បេតុង​មាន​៣​ប្រឡោះ​ និង​មាន​ ប្រវែង​សរុប​១០១​ម៉ែត្រ​ ទទឹង​១២,៧០​ ម៉ែត្រ​ ។​ ស្ពាន​នីមួយៗ​ជា​ស្ពាន​ឯកទិស​  ស្ពាន​មួយ​សម្រាប់​ធ្វើ​ចរាចរណ៍​ចេញ​ និង​ស្ពាន​មួយទៀត​សម្រាប់​ធ្វើ​ចរាចរណ៍​ ចូល​មក​ក្នុង​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ នេះ​ ។​ ចំពោះ​បង្កាន់ដៃស្ពាន​នាគ​ក្រុម​ ស្ថាបត្យករ​កូន​ខ្មែរ​បាន​រចនា​ឆ្លាក់​ពី​ថ្ម​ ភក់​ កម្ពស់​១,២០​ម៉ែត្រ​ដាក់​លំអ​ដោយ​ រូប​ក្បាល​នាគ​ទទឹង​១​ម​៦៥​ កម្ពស់​ ៣​ម​៧៣​ នៅ​អម​សងខាង​ស្ពាន​ ។​ អាយុ​ កាល​នៃ​ការ​ប្រើប្រាស់​ស្ពាន​គឺ​បាន​រយៈ​ ពេល​១០០​ឆ្នាំ​ យើង​បាន​ស្ថាបនា​ឡើង​ ចាប់ពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១១​ និង​បាន​បញ្ចា​ប់​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១១​ គឺ​មាន​រយៈពេល​នៃ​ការ​សាង​ សង់​ជិត​១​ឆ្នាំ​ ដោយ​ចំណាយ​អស់​ថវិកា​ ៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ថវិកា​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អាណិកជន​(OCIC)​ ៕