Tuesday, September 18, 2012

ជនជាប់ចោទ​អៀង​ ធី​រិ​ទ្ធ​ ត្រូវ​បាន​ដោះ​លែង​ជាមួយ​លក្ខខណ្ឌ​បណ្ដោះអាសន្ន​

​ភ្នំពេញ​ ៖​ ប្រធាន​អង្គ​ជំនុំជម្រះ​តុលា​ការ​កំពូល​ អ​.​វ​.​ត​.​ក​.​ ដោយ​អនុលោម​តាម​វិធាន​៨២​ (៦)​ នៃ​វិធាន​ផ្ទៃក្នុង​សម្រេច​លើ​សំណើ​របស់​សហ​ព្រះរាជ​អាជ្ញា​ សូម​ផ្អាក​សេចក្ដីសម្រេច​ដោះ​លែង​ជនជាប់ចោទ ​អៀង​ ធី​រិ​ទ្ធ​ ដោយ​គ្មាន​លក្ខខណ្ឌ​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ ដោយ​សម្រេច​ថា​ ៖​ អៀង​ ធី​រិ​ទ្ធ​ ត្រូវ​បាន​ដោះ​លែង​ជាមួយ​លក្ខខណ្ឌ​បណ្ដោះអាសន្ន​មួយ​ចំនួន​ដូច​ជា​ ៖​
១-​ជនជាប់ចោទ​ត្រូវ​ជូនដំណឹង​ដល់​អង្គ​ជំនុំជម្រះ​អំពី​អាសយដ្ឋាន​ដែល​ខ្លួន​ ត្រូវ​ស្នាក់​នៅ​ហើយ​មិន​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​ដោយ​មិន​មានការ​អនុញ្ញាត​ពី​អង្គ​ជំនុំជម្រះ​ឡើយ​។​
២-​ជនជាប់ចោទ​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន​និង​ឯកសារ​ធ្វើ​ដំណើរ​ពាក់ព័ន្ធ​ដទៃ​ទៀត​ ហើយ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំ​ ប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​
៣-​ជនជាប់ចោទ​ត្រូវ​គោរព​តាម​ដីកា​កោះ​ដែល​ចេញ​ដោយ​តុលាការ​ ។​
​វិធានការ​បណ្ដោះអាសន្ន​នេះ​មាន​ សុពលភាព​រហូត​ដល់​អង្គ​ជំនុំជម្រះ​តុលា​ ការ​កំពូល​ចេញ​សេចក្ដីសម្រេច​ទាំងស្រុង​ លើ​បណ្ដឹង​សាល​ទុក្ខ​របស់​សហ​ព្រះរាជ​អាជ្ញា​។​
​សេចក្ដី​ខាងលើ​នេះ​មាន​ន័យ​ថា​ ជន​ជាប់ចោទ​អៀង​ ធី​រិ​ទ្ធ​ បច្ចុប្បន្ន​អាយុ​៨០​ ឆ្នាំ​ដែល​ជា​អតីតរដ្ឋមន្ដ្រី​ក្រសួង​សង្គម​កិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ បាន​ដោះ​លែង​ជា​បណ្ដោះអាសន្ន​ដែល​ ការ​ដោះ​លែង​ត្រូវ​បាន​សម្រេច​ដោយ​ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​ នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១២​។​
​មន្ដ្រី​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ លោក​ នេត្រ​ ភក្ដ្រា​ ថ្លែង​ថា​ បើ​ទោះបី​ជា​ដោះ​លែង​តាម​សេចក្ដីសម្រេច​របស់​ សាលាដំបូង​ក្ដី​ ក៏​តុលាការ​កំពូល​បាន​ដាក់​លក្ខខណ្ឌ​បណ្ដោះអាសន្ន​មួយ​ចំនួន​ផង​ដែរ​។​ លក្ខខណ្ឌ​ដូចដែល​បាន​បង្ហាញ​នៅ​ខាងលើ​។​
​ការ​ដោះ​លែង​ជនជាប់ចោទ​ អៀង​ ធី​រិ​ទ្ធ​ ឱ្យ​នៅ​ក្រៅ​ឃុំ​បាន​ធ្វើ​ឱ្យ​ភាគី​ជន​រង​ គ្រោះ​ទាំង​មេធាវី​ការពារ​ក្ដី​ដើមបណ្ដឹង​ រដ្ឋប្បវេណី​ និង​ដើមបណ្ដឹង​រដ្ឋប្បវេណី​ មាន​ប្រតិកម្ម​ភ្លាមៗ​ស្រ​ដៀង​គ្នា​។​ ដើម​  បណ្ដឹងរដ្ឋប្បវេណី​និយាយ​ថា​ ការ​ដោះ​ លែង​នេះ​ ជះ​ឥទ្ធិពល​ខ្លាំង​ដល់​សង្គម​កម្ពុជា​ ពីព្រោះ​អៀង​ ធី​រិ​ទ្ធ​ ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​នៃ​របប​ខ្មែរក្រហម​។​
ឮ​កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ សាលាដំបូង​ អ​.​វ​.​ត​.​ក​.​ បាន​សម្រេច​ដោះ​លែង​ជន​ ជាប់ចោទ​អៀង​ ធី​រិ​ទ្ធ​ ជាមួយ​ការ​បញ្ជាក់​ ហេតុផល​ថា​ ដោយសារ​តែ​ជនជាប់ចោទ​ មាន​ជំងឺ​វង្វេងវង្វាន់​និង​បាត់​ការ​ចង​ចាំ​ កាន់តែ​ធ្ងន់ធ្ងរ​ មិន​អាច​ចូលរួម​តតាំង​ ក្ដី​ក្នុង​អង្គ​សវនាការ​បាន​ ហើយ​ស្ថានភាព​ បែប​នេះ​មិន​មាន​សញ្ញា​ណាមួយ​ដែល​ ប្រសើរ​ឡើង​នោះ​ឡើយ​។​
​ការ​ដោះ​លែង​ជនជាប់ចោទ​ អៀង​ ធី​រិ​ទ្ធ​ ត្រូវ​បាន​ជំទាស់​ដោយ​ភាគី​សហ​ ព្រះរាជអាជ្ញា​ ហើយ​បាន​ប្ដឹង​សាល​ទុក្ខ​ ទៅ​តុលាការ​កំពូល​ ដោយ​បាន​ស្នើ​សុំ​ដាក់​លក្ខខណ្ឌ​៦​ចំណុច​។​
​លក្ខខណ្ឌ​ទាំងនោះ​រួម​មាន​ ត្រូវ​មាន​ លំនៅ​ឋាន​ច្បាស់លាស់​ដែល​សហ​មេធាវី​ ការពារ​ក្ដី​ត្រូវ​ប្រាប់​អំពី​អាសយដ្ឋាន​ ឬ​ ត្រូវ​បង្ហាញខ្លួន​១​សបា្ដហ៍​ម្ដង​ដើម្បី​ឱ្យ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ ឬ​មន្ដ្រី​ផ្លូវការ​ ចាត់ការ​ដោយ​អ​.​វ​.​ត​.​ក​.​ពិនិត្យ​,​ ត្រូវ​ ប្រគល់​លិខិតឆ្លងដែន​ និង​អត្ដសញ្ញាណ​ បណ្ណ​,​ មិន​ត្រូវ​ទាក់ទង​ភាគី​ផ្សេងៗ​ទាំង​ អស់​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ លើក​ លែង​តែ​ស្វាមី​និង​ត្រូវ​ស្ថិត​នៅ​ក្រោម​ ការ​ពិនិត្យ​វេជ្ជសាស្ដ្រ​ ដោយ​អ្នក​អនុវត្ដ​ ផ្នែក​វេជ្ជសាស្ដ្រ​អ​.​វ​.​ត​.​ក​.​បាន​ចាត់តាំង​។​
​សហ​ព្រះរាជអាជ្ញា​បាន​លើក​ឡើង​ថា​ លក្ខខណ្ឌ​សម្រាប់​ដោះ​លែង​ជនជាប់ចោទ​ អៀង​ ធី​រិ​ទ្ធ​ មិន​ត្រឹមតែ​គិត​ពី​សិទ្ធិ​ជន​ជាប់​ ចោទ​ទេ​ ប៉ុន្ដែ​ត្រូវ​ពិចារណា​ពី​សិទ្ធិ​ជន​រង​ គ្រោះ​ ដែល​ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ រួម​ជាមួយ​សហ​ព្រះរាជអាជ្ញា​ និង​សហ​ គម​ន៍​អន្ដរជាតិ​ ក៏​ដូច​ជា​កត្ដា​ផ្សះផ្សារ​ ជាតិ​,​ ស្ថិរភាព​,​ យុត្ដិធម៌​,​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។​
​សហ​ព្រះរាជអាជ្ញា​ក៏​បាន​ស្នើ​ឱ្យ​សាលា​ ដំបូង​ផ្អាក​ការ​ដោះ​លែង​ជនជាប់ចោទ​ អៀង​ ធី​រិ​ទ្ធ​ រហូត​ទាល់តែ​អង្គ​ជំនុំជម្រះ​ តុលាការ​កំពូល​សម្រេច​បណ្ដឹង​សាល​ទុក្ខ​ នេះ​សិន​។​ ស្រប​តាម​វិធាន​ផ្ទៃក្នុង​ តុលា​ការ​កំពូល​មាន​ពេល​២​ថ្ងៃ​ ឬ​៤៨​ម៉ោង​ សម្រាប់​ពិនិត្យ​បណ្ដឹង​សាល​ទុក្ខ​ និង​រយៈ​ ពេល​១៥​ថ្ងៃ​សម្រាប់​ធ្វើ​សេចក្ដីសម្រេច​ ជា​ចុង​ក្រោយ​។​ ដូច្នេះ​ការ​ដោះ​លែង​ជន​ ជាប់ចោទ​អៀង​ ធី​រិ​ទ្ធ​ បាន​ធ្វើ​ឡើង​ដោយ​ តុលាការ​កំពូល​ បន្ទាប់​ពី​រយៈពេល​៤៨​ម៉ោង​ តាម​វិធាន​ផ្ទៃក្នុង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​ ៕