Tuesday, September 18, 2012

យូនីលីវើ ពិភាក្សា​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​លើកកម្ពស់​ការរស់នៅ​ប្រកបដោយ​និរន្តរភាព​

ភ្នំពេញ: ​ក្រុមហ៊ុន យូនីលីវើ បាននិងកំពុង​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ អំពី​ទម្លាប់នៃ​ការអនុវត្ត​ដែល​មិនប៉ះពាល់ដល់​បរិស្ថាន ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ជា​សាកល​របស់​ក្រុមហ៊ុន ដែលមាន​ឈ្មោះថា “​ការរស់នៅ​ប្រកបដោយ​និរន្តរភាព​”​។​

​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន យូនីលីវើ ប្រចាំ​ឥណ្ឌូចិន និង យូនីលីវើ ប្រចាំ​កម្ពុជា បាន​ចូលជួបសម្តែង​ការគួរសមជាមួយ ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​ពិភាក្សា​អំពី​វិធីសាស្ត្រ​ផ្សេងៗក្នុងការ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​យល់ដឹងអំពី​ការកាត់បន្ថយនៃ​ការ​ខ្ជះខ្ជាយ​ទឹក​។ 

​នៅក្នុង​ជំនួប​នោះ ឯកឧត្តម​បណ្ឌិត ម៉ុក ម៉ារ៉េត និង​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់ យូនីលីវើ ក៏បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រនៃ​ការ​ផ្តល់ព័ត៌មានដល់​ប្រជាពលរដ្ឋ​ខ្មែរ អំពី​វិធី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បរិស្ថាន​ផងដែរ​។​

​នាយក​គ្រប់គ្រង យូនីលីវើ ឥណ្ឌូចិន លោក Maks Mukundan បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន យូនីលីវើ នៅ​ទូទាំង​ពិភពលោក បានចាត់ទុក​ការរស់នៅ​ប្រកបដោយ​និរន្តរ​ភាពជា​ស្នូល​នៃ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​។ ដោយសារ​ហេតុផល​នេះ ទើប​ក្រុមហ៊ុន​យល់ឃើញថា ជាការ​ល្អ​បំផុត ដែលមាន​ការជួបប្រជុំ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ពិភាក្សា​អំពី​គម្រោង​នេះ​”​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១០ ក្រុមហ៊ុន យូនីលីវើ នៅ​ទូទាំង​ពិភពលោក បានដាក់​ចេញ​នូវ​គម្រោង​មួយ ហៅថា “​ការរស់នៅ​ប្រកបដោយ​និរន្តរភាព​” ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ន៍ផែនការ​រយៈពេល​១០​ឆ្នាំ​មួយឆ្ពោះទៅរក​ការសម្រេចបាន​នូវ​កំណើន​ប្រកបដោយ​និរន្ត​ភាព​។​

​គម្រោង​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់លោក Paul Polman នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន យូនីលីវើ ដែល​បាន​នឹង​កំពុងធ្វើការ​អំពាវនាវដល់​រដ្ឋាភិបាល បណ្តា​អាជីវកម្ម និង​អង្គការ​នានា ដើម្បី​ធ្វើការ​រួមគ្នា​កាត់បន្ថយ​បញ្ហា ដែល​ប្រឈមមុខសំខាន់បំផុត របស់​ពិភពលោក​។​

​ដោយ​គិតគូរ​ដល់​បញ្ហា​នេះ ក្រុមហ៊ុន​ទទួលខុសត្រូវ​ចំពោះ​ទាំង​កិច្ច​ប្រតិ​ប​តិ្ត​ការ​ផ្ទាល់ខ្លួន​ផង និង​ទាំង​ប្រតិបត្តិការ​នៃ​អ្នកផ្គត់ផ្គង់ អ្នក​ចែកចាយ និង​អ្នកប្រើប្រាស់​ផលិតផល​របស់ខ្លួន​ផង​។​

​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន យូនីលីវើ បានរៀបចំ​កិច្ចពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ស្តីអំពី​គំនិត​ផ្តួចផ្តើម​ផ្សេងៗ ស្ដីពី​ការរស់នៅប្រកបដោយ​និរន្ត​រភាព​។ ការយកចិត្តទុកដាក់​ជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន គឺ​ផ្ដោតទៅលើ​ការកាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ទឹក​។​

​លោក Mukundan បាន​បន្ថែមទៀតថា “​ប្រទេស​កម្ពុជា​នៅតែមាន​ការនិយាយ​មិន​ដាច់​អំពី​គ្រោះរាំងស្ងួត បើទោះបីជា​ស្ថិតនៅក្នុងរដូវវស្សាក៏ដោយ ហេតុដូច្នេះ​ទើប​ក្រុមហ៊ុន​យើង​ផ្តោត​សំខាន់​ដំបូង​គេ គឺការកាត់បន្ថយ​ការប្រើប្រាស់​ទឹក​ដោយ​ខ្ជះខ្ជាយ​។ គំនិត​ផ្តួចផ្តើម​នេះ ស្របគ្នាជាមួយនឹង​គំនិតផ្ដួចផ្តើមជា​សាកល​របស់​ក្រុមហ៊ុន យូនីលីវើ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ទឹក ដែល​ពាក់ព័ន្ធ នឹង​ផលិតផលប្រើប្រាស់ ឲ្យ​បាន​ពាក់កណ្តាល​គិត​ត្រឹម​ឆ្នាំ ២០២០​។ ហើយ​យើង​ចង់​ឲ្យ​គម្រោង​នេះ​សម្រេចបាន​ដូចគ្នា នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ទឹក ក្រុមហ៊ុន យូនីលីវើ បាន​ផលិត​នូវ​ផលិតផល​ជាច្រើនប្រភេទ ដែលមាន​គោល​គំនិត ក្នុងការកាត់បន្ថយ ការប្រើប្រាស់​ទឹករួចជាស្រេច​។ ផលិតផល​បែបនេះ​មួយ គឺ​ផលិតផល​ទឹក​ក្រអូប COMFORT ONE RINSE ដែល​អាចលាង​សម្អាតសម្លៀកបំពាក់ ដោយ​ប្រើប្រាស់​ទឹក​ត្រឹម​តែមួយ​ធុង​ជាជាង​បី​ធុង​។ នេះ​ជា​ផ​លិ​ផល​មួយ​ក្នុងចំណោម​ផលិតផល​ដទៃទៀត ដែល​ក្រុមហ៊ុន យូនីលីវើ ផលិតឡើង​ដោយ​គិតគូរ​ដល់​បញ្ហា​និរន្តរភាព​។​

​ក្រុមហ៊ុន យូនីលីវើ គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ឈានមុខ​គេ​មួយ នៅលើ​ពិភពលោក ដែលមាន​ប្រតិ​ប​តិ្ត​ការ​រឹងមាំនៅក្នុងប្រទេស​ជាង ១០០ និង​លក់​ផលិតផល​នៅក្នុង​ប្រទេស​ចំនួន ១៩០​។ ផលិតផល​របស់​ក្រុមហ៊ុន យូនីលីវើ ត្រូវបាន​ប្រជាជនប្រើប្រាស់​ជាង ២០០០​លាន​ដង​ក្នុង​មួយថ្ងៃ​នៅ​ទូទាំង​ពិភពលោក ហើយ​ក្រុមហ៊ុន​ខិតខំ​ដើម្បី​បង្កើត​អនាគត​ល្អប្រសើរ​ជា​រៀងរាល់ថ្ងៃ និង​ជួយ​ប្រជាជនឲ្យ​មាន អារម្មណ៍ល្អ មាន​សម្ផស្ស​ស្រស់ស្អាត និង​រីករាយ​នឹង​ជីវភាព​រស់នៅជាមួយនឹង​ផលិតផល និង​សេវា​ដែល​ល្អ​សម្រាប់​ខ្លួនឯង​ផង និង​ល្អ​សម្រាប់អ្នកដទៃ​ផង​។​

​ក្រុមហ៊ុន យូនីលីវើ ចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០០៣​។ ក្រុមហ៊ុន​មាន​មោទនភាពក្នុងការ​ដើរតួនាទី​សកម្មនៅក្នុង​សង្គម​កម្ពុជា ស្ទើរតែ​គ្រប់​វិស័យ ក្នុងនោះ​មាន​តាំងពី​ការផ្គត់ផ្គង់​ផលិតផល​អាហារ​បំប៉ន រហូតដល់​ផលិតផល​លើកកម្ពស់​អនាម័យ​៕