Tuesday, September 18, 2012

អ៊ុយក្រែន រៀបចំបើកស្ថានទូត នៅកម្ពុជា

ភ្នំពេញ:  ប្រទេស​អ៊ុយ​ក្រែ​ន កំពុង​រៀបចំ​បើក​ស្ថានទូត នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ប្រទេស​អ៊ុយ​ក្រែ​ន សព្វថ្ងៃ ដែល​ទទួលបន្ទុក​សម្រាប់​ប្រទេស​កម្ពុជា មាន​ស្ថានទូត ប្រចាំ​នៅក្នុង​ប្រទេស​វៀតណាម​។​

​សេចក្តីប្រកាស​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោកស្រី ស៊ុន សា​ភឿន រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​លោក OLEKSIY Shov Koplias ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ប្រចាំ​នៅ​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​បន្ទាប់ពី​បញ្ចប់​ជំនួប លោកស្រី​រដ្ឋលេខាធិការ ស៊ុន សា​ភឿន បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា គោលបំណង​ដែល​ឯកអគ្គរដ្ឋទូត​ប្រទេស​អ៊ុយ​ក្រែ​ន ជួបពិភាក្សា​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជា នៅពេលនេះ គឺ​ចង់​បើក​ស្ថានទូត​នៅ​កម្ពុជា ប៉ុន្តែ​ជា​ជំ​ហ៊ាន​ទី​១ គឺ​គាត់​សុំ​បើក​អគ្គ​កុងស៊ុល​កិ​តិ្ត​យស នៅ​កម្ពុជា​សិន​។ 

​លោកស្រី បាន​មានប្រសាសន៍​បន្តថា កម្ពុជា និង​អ៊ុយ​ក្រែ​ន បាន​យល់ព្រម​ហើយ​ថា នឹង​ជួប​ពិគ្រោះ​យោបល់​គ្នា រវាង​ក្រសួងការបរទេស នៃ​ប្រទេស​ទាំងពីរ​ដោយមាន​ការចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ហើយ​នៅ​ថ្ងៃ​អនាគត លោក​ឯកអគ្គរដ្ឋទូត ចង់​ឲ្យ​មានការ​លើកលែង​ទិដ្ឋាការ​ទៅវិញទៅមក រវាង​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​។​

​នៅក្នុង​ជំនួប​នោះដែរ លោក​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន បាន​មានប្រសាសន៍ថា អ៊ុយ​ក្រែ​ន មាន​សក្តានុពល​ច្រើន​ខាង​ផ្នែក​ថាមពល ពាណិជ្ជកម្ម និង​ការពារជាតិ​។ ជាមួយគ្នា​នោះ លោក​ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​វាង​ក្រសួង​ជំនាញ​ទាំងពីរ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ មិន​ត្រឹមតែ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ថែមទាំង​ឲ្យ​មានការ​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ផ្នែក​នយោបាយ​ផងដែរ​។​

​លោកស្រី​រដ្ឋលេខាធិការ ក៏បាន​ស្នើសុំ​ឲ្យ​អ៊ុយ​ក្រែ​ន គាំទ្រ​បេក្ខភាព​កម្ពុជា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៅ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែល​ការបោះឆ្នោត និង​ប្រព្រឹត្តទៅ​ក្នុងពេល​ខាងមុខនេះ ហើយ​លោក​អគ្គរដ្ឋទូត បាន​មានប្រសាសន៍​ជំរាប​ថា អ៊ុយ​ក្រែ​ន​បាន​សន្យា​គាំទ្រ​កូរ៉េ​រួចហើយ ក្នុង​ជំ​ហ៊ាន​ទី​១​។ ដូច្នេះ​នៅក្នុង​ការបោះឆ្នោត​ជំ​ហ៊ាន​ទី​២ អ៊ុយ​ក្រែ​ន នឹង​គាំទ្រ​កម្ពុជា​។ 
​លោកស្រី​មានប្រសាសន៍​បន្តថា ប្រទេស​អ៊ុយ​ក្រែ​ន ធ្លាប់បាន​ជួយ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា ហើយ​លោកស្រី​ក៏បាន​ស្នើសុំ​ឲ្យ​អ៊ុយ​ក្រែ​ន បន្ត​ជួយ​បណ្តុះបណ្តាល​ដល់​និស្សិត​កម្ពុជា​ជា​បន្ត​ត​ទៀត​។​

​លោកស្រី​រដ្ឋលេខាធិការ បានស្នើ​ឲ្យ​នាំ​អ្នកវិនិយោគទុន និង​អ្នក​ទេសចរណ៍​អ៊ុយ​ក្រែ​ន មក​កម្ពុជា​បន្ថែមទៀត ពីព្រោះ​ពេលនេះ នៅ​កម្ពុជា មិនសូវមាន​ទេសចរ​អ៊ុយ​ក្រែ​ន​ទេ ហើយ​លោក​ឯកអគ្គរដ្ឋទូត បាន​សន្យា​ជំរុញ​អ្នកវិនិយោគ និង​ទេសចរ​អ៊ុយ​ក្រែ​ន ឲ្យ​មក​កម្ពុជា​បន្ថែមទៀត និង​សន្យាថា ធ្វើដំណើរ​មក​កម្ពុជា ឲ្យ​បាន​ញឹកញាប់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​ប្រសើរឡើង និង​រឹងមាំ​ថែមទៀត​។​

​ទាក់ទង​ទៅនឹង​វិស័យ​ពាណិជ្ជកម្ម​រវាង​អ៊ុយ​ក្រែ​ន និង​កម្ពុជា លោកស្រី​រដ្ឋលេខាធិការ បាន​អះអាងថា​កម្ពុជា បាន​នាំ​ចូលទៅ​ប្រទេស​អ៊ុយ​ក្រែ​ន មាន​ទំហំ​ច្រើនជាង​អ៊ុយ​ក្រែ​ន នាំ​ពាណិជ្ជកម្ម​ចូលមក​កម្ពុជា​ប៉ុន្តែ​ទំហំ​ពាណិជ្ជ​កម្មនេះ មិនទាន់​ធំ​ណាស់ណា​ទេ ហើយ​លោក​អគ្គរដ្ឋទូត សន្យាថា នឹង​យកចិត្តទុកដាក់​ពង្រឹង​ផ្នែក​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា ពីព្រោះ​លោក​បាន​ជួប​ជាមួយ​ក្រសួងពាណិជ្ជកម្ម​រួចហើយ​ដែរ លើ​បញ្ហា​នេះ​។​

​ជាមួយគ្នា​នោះដែរ លោក​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន មានបំណង​ជួប​ជាមួយ​ក្រសួងការពារជាតិ ក្រសួង​ឧ​ស្សហកម្ម និង​ក្រសួងកសិកម្ម បន្តទៀត ដើម្បី​ពង្រឹងពង្រីក​លើ​កិច្ច​សហ​ប្រតិ​ប្តិ​ត​ការ ក្នុង​វិស័យ​ទាំងនេះ​។​

​សូមបញ្ជាក់ថា សព្វថ្ងៃនេះ អ៊ុយ​ក្រែ​ន មាន​អ្នកវិនិយោគ ចូលមក​បណ្តាក់ទុន នៅ​ខេត្ត​ព្រះសីហនុ នៅ​កោះពស់ កោះទន្សាយ និង​កោះដែកគោល ដែលមាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ផងដែរ​៕​