Wednesday, September 12, 2012

ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ពិភាក្សា​ពី​ការកសាង​សហគមន៍​អាស៊ាន និង​ការអនុវត្តន៍​ធម្មនុញ្ញ​អាស៊ាន​

ភ្នំពេញ: រដ្ឋលេខាធិការ​ក្រសួងការបរទេស លោកស្រី សឿង រដ្ឋ​ចា​វី បាន​ឲ្យ​អ្នករាយការណ៍​ព័ត៌មាន​ដឹងថា នៅថ្ងៃនេះ កម្ពុជា​បានធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ហើយ​ការពិភាក្សា​គឺ​ផ្តោតទៅលើ​ការកសាង​សហគមន៍​អាស៊ាន ការអនុវត្តន៍​ធម្មនុញ្ញ​អាស៊ាន ពិសេស​គឺ​តាមដាន​ការងារ​បន្ត ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស លើក​ទី​៤៥ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​ផ្តោតទៅលើ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ទាំងអស់ នៅ​ខែវិច្ឆិកា ខាងមុខនេះ​។​

​លោកស្រី សឿង រដ្ឋ​ចា​វី បាន​បន្តថា ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ គឺ​គាំទ្រ​យ៉ាងខ្លាំង ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សេចក្តីប្រកាស​របស់​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស បាន​ចុះហត្ថលេខា នៅ​ខែវិច្ឆិកា ខាងមុខនេះ​។ ក្នុងនោះដែរ ក៏​គ្រោង​នឹងធ្វើ​ការប្រកាស​ជា​ផ្លូវការ នូវ​វិទ្យាស្ថាន​ស្តីពី​សន្តិភាព និង​ការផ្សះផ្សា​របស់​អាស៊ាន​ផងដែរ​។​

​លោកស្រី​រដ្ឋលេខាធិការ​បាន​បន្ថែមថា ចំពោះ​ការពិភាក្សា​ទៅលើ​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន គឺ​យើង​ផ្តោត​ការពិភាក្សា​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង ធ្វើយ៉ាងណា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​អាស៊ាន​ជាមួយនឹង​បណ្តា​ប្រទេស​ដៃគូ​ទាំងអស់ ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​នានា​ខាងមុខនេះ ជាមួយនឹង​ប្រទេស​ដៃគូ ជាពិសេស​ទៅទៀត គឺ​ពិភាក្សា​ទៅលើ​ការខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ នៃ​កិច្ចប្រជុំ​អាស៊ី​បូព៌ា​៕ .​