Wednesday, September 12, 2012

បទវិចារ​​ណកថា៖ ការ​​ទាម​​ទារ​​​ឱ្យ​​ដោះ​លែង​​ជន​ជាប់​​ចោទ គឺជា​​ទង្វើ​​​បំ​ពាន​ច្បាប់



សម្រែក​ទាម​ទារ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ និង​ក្បែររបង​តុលាការមួយ​ចំ​នួន​ ជា​ពិសេ​ស សាលាដំ​បូង​​រាជ​ធានីភ្នំ​ពេញ សាលាឧទ្ធរណ៍ តុលាការ​តាម​បណ្តាខេត្ត ក្រុង​ និង​មាន​ពេល​ខ្លះ​នៅ​ខាង​មុខស្ថាន​ទូត​នានា ដើម្បី​តវ៉ាឱ្យ​មានការ​​ដោះ​លែង​ជន​ជាប់​ចោទ​ មុន​ពេល​តុលាការ​កាត់​សេច​ក្តី​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា សកម្មភាពបែប​នោះ គឺជាទង្វើ​បំ​ពានច្បាប់ និង​គួរ​ត្រូវតែ​មាន​​វិធាន​ការណ៍​​ទប់​ស្កាត់​ជាបន្ទាន់​។

ក្នុង​ទិដ្ឋភាពពពាក់​ពពូន​​យ៉ាង​អាណាធិបតេយ្យ លាយ​ឡំ​ជាមួយ​នឹង​សម្រែក​ឧឃោ​ស​នៈ​ស័​ព្ទកង​រំ​ពង បណ្តាល​ឱ្យ​កកស្ទះ​ចរាចរណ៍ជាញឹក​ញាប់ បង្កឡើង​​ដោ​​យ​ក្រុម​មនុស្សដែល​ភាគ​ច្រើ​នជា​ក្រុម​សកម្មជនគាំទ្រអ្នក​​ការពារ​​ដី​ធ្លី ​ការពារ​ព្រៃឈើ ការពារ​បុគ្គល​អ្នក​នយោបាយ​ប្រឆាំង​ ពួក​គេ​​បាន​ជ្រើសរើសយក​វិធី​​តវ៉ា​ ​និងដាក់​​ការ​គាប​សង្កត់​លើ​ស្ថាប័នតុលាការ​មក​ធ្វើ​ជាមធ្យោបាយ​តទ​ល់​​​ជា​មួយផ្លូវ​​ច្បាប់ ហើយ​បាន​ក្លាយ​ទៅ​ជាទម្លាប់ដ៏ពេញ​និយម​​ ។

បើ​ពិនិត្យ​អំពី​ទិដ្ឋភាព​ច្បាប់​ ទង្វើតវ៉ាទាំង​នោះ​ គឺបាន​បង្ហាញ​នូវ​រូប​ភាពដែល​ដើរបញ្ច្រាស់​ទិស របស់​ប្រទេស​មួយ​ដែល​ប្រកាន់​យក​គោលការណ៍​នីតិរដ្ឋ ក្នុង​ន័យ​ថា ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ដ៏​ជ្រុល​ហួសហេតុ​ គឺត្រូវ​បាន​ប្រព្រឹត្តបំ​ពាន​លើ​លក្ខខ័ណ្ឌដែល​កំ​ណត់​ក្នុង​ច្បាប់​។

ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ វា​មិន​មែន​ជាដំ​ណោះ​ស្រាយ​សម​រម្យ ដែល​គួរឱ្យ​កោតសរសើរ និង​គួរត្រូវ​បាន​ដើម្បី​ជ្រើសរើសយក​ធ្វើ​ជា​គំ​រូសម្រាប់​ការអនុវត្តនៅ​ក្នុងកាលៈទេសៈនេះ​ទេ ផ្ទុយ​ទៅ​វិញ​​សក​ម្ម​ភាព​នៃការ​ទាម​ទារ​ទាំង​នោះ បាន​នាំឱ្យ​ប៉ះ​ពាល់​ដល់​សុខ សន្តិភាព​ និង​សណ្តាប់​ធ្នាប់​សង្គ​ម​​​យ៉ាង​ខ្លាំង​។ មាន​សំ​នួរជាច្រើន​ត្រូវ​បានលើក​ឡើង​ ដើម្បី​រកការ​បកស្រាយឱ្យបាន​​សម​ស្រប​មួយ​ដែល​អាច​ទទួល​យក​បាន​ នៅ​ជុំ​វិញ​ការ​ប្រមូល​ផ្តុំរបស់​ក្រុម​អ្នក​ប្រឆាំង​។

ជានិច្ចកាល នៅ​ពេល​មាន​ការ​ចាប់​ឃុំខ្លួនជន​ដែល​ជាប់​សង្ស័យ​ក្នុង​​បទ​ល្មើសព្រហ្មទណ្ឌ បើ​​​ទោះ​ជា​ជន​ជាប់​ចោទមួយ​ចំ​នួន​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ជាឧក្រិដ្ឋជន ឬ​ជា​ល្មើសក្នុង​កំ​រិត​ណា​មួ​យ​​​ក៏​ដោយ​ គឺគេបាន​សង្កេត​ឃើញ​ថា​ នៅ​ពេល​ដល់​ថ្ងៃបើ​កសវនាការ តែង​តែមាន​អ្នក​គាំទ្រជន​សង្ស័យ​ទាំង​នោះ​​ចេញ​មុខតវ៉ា​ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាតពីអាជ្ញាធរ​មានសមត្ថកិច្ច​ ឬ​ក៏​មន្ត្រី​នៃស្ថាប័ន​តុលាការ​ឡើយ​។ 
ក្នុង​ចំ​ណោម​អ្នក​តវ៉ាទាំងនោះ​ អ្នក​ខ្លះ​បាន​យក​មនោសញ្ចេតនា និង​អារម្មណ៍ផ្ទាល់​ខ្លួន ក្នុង​កា​រ​បញ្ចេញ​សកម្មភាព​ការពារ​ជន​ជាប់​ចោទ​ ដោយ​មិន​ទាំង​ដឹង​ជម្រៅ​នៃបញ្ហា​ពិត​នៅ​ពីក្រោយ​ការ​ចាប់​​ឃុំ​​ខ្លួន​របស់​បុគ្គល​នោះ​ផង​។ ជាក់​ស្តែង ដូច​ជាករណីលោក ម៉ម ​សូណង់​ដូ ត្រូវ​បាន​ក្រុម​អ្នក​ប្រឆាំង​នឹង​ច្បាប់​ចាត់​ទុកជនជាប់​សង្ស័យ​ថា ជា​វីរជន​របស់​ពួក​គេ ជាមួយ​នឹង​ការ​ស្រែក​ទាម​ទារ​សុំ​ឱ្យ​តុលា​កា​រ​ឯករាជ្យ​ យុត្តិធម៌ និង​ព្រមាន​ឱ្យធ្វើ​ការ​​ដោះ​លែងអោយ​បាន​ឆាប់​​ដោយ​ឥត​លក្ខ​ខ័ណ្ឌ​។

ក្រៅពី​នេះ​ពួក​ក្រុម​អ្នក​តវ៉ា ដែល​ក្នុង​ចំ​ណោម​នោះក៏មាន​តំ​ណាង​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​តំ​ណាង​រាស្ត្របក្ស​​ប្រឆាំង​មួយ​ចំ​នួន បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា ការរារាំង​​មិន​ឱ្យ​ក្រុម​អ្នក​តវ៉ា​សំ​រុក​ចូល​ក្នុង​តុលាការ​ដើម្បី​ស្តាប់​សវនាការ​ គឺ​ជាការ​បំ​បិទសិទ្ធិសេរីភាព​របស់​ប្រជាពល​រដ្ឋ ។

សំ​ណុំ​រឿង​នៃការ​ចាប់​ឃុំ​ខ្លួន​លោក ម៉ម សូណង់​ដូ គឺពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខជាតិ ក្នុង​រឿង​បង្កើត​តំ​បន់​អបគមន៍ បង្កើត​រដ្ឋក្នុង​រដ្ឋ​ ដែល​ជា​បទ​ល្មើសព្រហ្មទណ្ឌកំ​រិត​ធ្ងន់​ ដូច្នេះ​រាជ​រដ្ឋាភិបាល​មាន​សិទ្ធិ​ និង​កាតព្វ​កិច្ច​ក្នុង​ការ​ថែរក្សា ការពារ​​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គមស្រប​តាម​រដ្ឋធម្មនុញ្ញ។

យ៉ាង​ណាមិញ​ ការ​ទប់​ស្កាត់​មិន​ឱ្យ​ក្រុម​អ្នក​តវ៉ា ក្នុង​ចំ​នួនដ៏​ច្រើនរាប់​រយ​នាក់ បាន​ចូលរួម​​ក្នុង​សាលសវនាការ ពី​ព្រោះ ក្នុង​សាល ​គឺត្រូវ​បាន​កំ​ណត់​ដោយ​ចំ​នួន​មួយ​​​ ហើយ​ម៉្យាង​ទៀត ជាសមត្ថកិច្ច​របស់​តុលាការ​ដែល​មាន​ចែង​ក្នុង​ច្បាប់ គឺ​ក្នុង​បរិវេណ​តុលាការ​ មិន​អាច​ឱ្យ​មាន​សម្លេង​រំ​ខាន​ដល់​ដំ​ណើ​រ​ការ​សវនាការ​រឿង​ក្តីទេ។ ម៉្យាង​ទៀត​ បើ​សកម្មភាព​នោះ​គ្មាន​ការទប់ស្កាត់ គឺព្រឹត្តិការណ៍​នេះ​ ​អាច​ប្រឈ​ម​​​នឹង​ចលនារំ​ដោះ​ជន​ជាប់​សង្ស័យ​នានា ដែល​នឹង​​បង្ក​ឱ្យ​មាន​នូវ​ភាព​វឹក​វរ​ក្នុង​សង្គមជាយ​ថា​ហេតុ​​ក៏​អាច​ជាក្តី​បារម្ភផង​ដែរ។

​តុលាការ​ គឺជា​ស្ថាប័នឯករាជ្យដោយ​ឡែក​ពី​ស្ថាប័នសំ​ខាន់​ចំ​នួន​ពីរផ្សេង​ទៀត គឺស្ថាប័ន​រដ្ឋ​សភា​ និង​រាជ​រដ្ឋា​ភិបាល​ ក្នុង​ការ​ធានានូវ​ការផ្តល់​យុត្តិធម៌​សង្គម។​​ ដូច្នេះ អ្វី​ៗទាំង​អស់​ដែល​ពាក់​ព័ន្ធ​ក្នុង​រឿង​ប្តឹង​ប្តល់​គ្នា​ឡើងទៅ​​តុលាការ​ គឺបុគ្គល​គ្រប់​រូប​ត្រូវ​ស្មើ​ភាព​គ្នា​ចំ​ពោះ​មុខច្បាប់ ដែល​ទម្លាប់​នេះ​ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រកាន់​យកមក​អនុវត្តយ៉ាង​ខ្ជាប់​ខ្ជួន​។ ប៉ុន្តែ ផ្ទុយ​ពី​ក្រុម​ប្រឆាំង និង​គូរកន​ ក៏ដូចជា​អង្គ​កា​រ​​​ជាតិ និង​អង្គការ​សិទ្ធិ​មនុស្សអន្តរជាតិ​មួយ​ចំ​នួន​ រួម​ទាំង​ប្រជាពល​រដ្ឋខ្លះ​​​ដែល​ចាញ់បោក​​ការ​ល្បួង​ពី​អ្នក​នយោបាយ​​ប្រឆាំង គឺ​បាន​​ប្រកាន់​​មាំថា បញ្ហា​ទាំង​អស់​នេះ​ គឺជា​រឿង​នយោបាយ​។

ការពិត ច្បាប់​ គឺជាមូល​ដ្ឋាន​គ្រឹះ​ដ៏សំ​ខាន់​សម្រាប់​ការ​ពារ​ និង​លើក​តម្កើង​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ក្នុង​ន័យ​ថា បើ​សមត្ថកិច្ច​មិន​មាន​ការ​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​វេលា បញ្ហា​ប្រឈម​អាច​នឹង​កើត​មាន​ឡើង​ជា​យថា​ហេតុ​ បង្ក​ជា​ចលាចល​ដែល​មិន​អាច​នឹង​បញ្ចៀសបាន​នោះ​ទេ នេះ​មិន​និយាយដល់​ការព្រួយ​បារម្ភផង​ដែរ អំពី​ ថា ប្រសិន​បើ​ក្នុង​ពេលកំ​ពុង​មាន​ការ​តវ៉ា កើត​មាន​នូវ​ក្រុម​មួយ​ទៀត​ដែល​មាន​ចំ​នួន​ច្រើនលើសពី​នេះ ​នាំគ្នាប្រឆាំង​បក​វិញ​នោះ  គឺបញ្ហា​នឹង​ធ្លាក់​ទៅ​លើ​រាជ​រដ្ឋា​ភិបាល​ នៅ​ពីក្រោយ​ការ​ចោទ​ប្រកាន់​ថា ខក​ខាន​មិន​បាន​ការ​ពារ​សន្តិជាតិ​ឱ្យ​បាន​ល្អទៅ​វិញ​​។

ជាទូ​ទៅ​ នៅ​ក្នុង​ពេល​បើក​សវនាការ​ គេសង្កេត​ឃើញ​ថា​ មិន​ថា​តែក្នុង​ប្រទេស​កម្ពុជា​ទេ គឺគ្មាន​ប្រទេស​ណាមួយ​នៅ​លើ​ពិភព​លោក​ ត្រូវ​បាន​អនុញ្ញាតឱ្យ​អ្នក​ចូល​រួម​ស្តាប់​សវនាការ​មាន​ចំ​នួន​ច្រើន​រាប់​រយ​ រាប់​ពាន់​នាក់​ចូល​រួម​នោះ​ទេ។

រាល់​បញ្ហា​ទាំង​អស់​ដើម្បី​ធានាបាន​នូវ​យុត្តិធម៌សម្រាប់​ភាគី​ទាំង​សង្ខាង​ ទាំង​ចុង​ចោទដែល​ជាជន​សង្ស័យ​ក្នុង​បទ​ល្មើស​ និង​ដើម​បណ្តឹង​ ហើយ​ដើម្បី​​បញ្ចៀសបាន​នូវ​ភាព​វឹក​វ អសន្តិសុខសង្គម​ ពល​រដ្ឋគ្រប់​រូប​គួរគប្បី​ពិចារណា​ឱ្យ​បាន​ច្បាស់​លាស់​ អំពី​របៀប​នៃការ​ប្រឆាំង​តវ៉ា​របស់​ខ្លួន​ ក្នុង​ន័យ​ថា គួរទុក​ឱ្យ​តុលាការ​ធ្វើ​ការ​ដោយ​ឯករាជ្យ​ ពីព្រោះ​ ចៅក្រម​ជំ​នុំ​ជម្រះ​ក្តី​ គឺមានឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្តវិនិច្ឆ័យ​រឿង​ក្តី​ដោយ​សិទ្ធិ​អធិបតេ​យ្យ​​​​របស់​ខ្លួន​។

ដូច្នេះ រាល់​សកម្មភាព​តវ៉ា​ទាំង​ឡាយ​ណា​ដែល​មានចរិត​ជានយោបាយ​ ឬ​គាំទ្រ​បុគ្គល​ដែល​ជា​ជន​ជាប់​សង្ស័យ​នានា សូម​ប្រជាពល​រដ្ឋ ក៏ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ ជាពិសេស អ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ គួរគប្បី​ទម្លាក់​ចោល​នូវ​ការ​ប្រឆាំង​ជាមួយ​ស្ថាប័ន​របស់​តុលាការ​ ពី​ព្រោះ​ សកម្មភាព​នាពេល​កន្លង​មក​ គេបាន​សង្កេត​ឃើញ​ថា ពួក​ក្រុម​អ្នក​តវ៉ាតែង​ប្រកាន់​យកនូវ​ទម្លាប់​ដៃម្ខាងទាម​ទារ​ឱ្យ​អនុវត្តតាម​ច្បាប់​​និង​ដៃម្ខាង​ទៀត​កេណ្ឌ​មនុ​ស្សឱ្យបង្ខិត​បង្ខំ និង​​គាប​សង្កត់លើ​ស្ថាប័នតុលាការ ។

តើ​ សុខសន្តិភាព​ និង​សណ្តាប់​ធ្នាប់សង្គម​ គួរ​​ត្រូវ​បាន​អនុញ្ញាតឱ្យ​ពួក​ក្រុម​អ្នក​តវ៉ា យក​ច្បាប់​ទ្រាប់​អង្គុយ ឬ​ក៏ចាំបាច់​ត្រូវ​តែមាននូវ​​វិធាន​ការទប់​ស្កាត់?។

អត្ថបទដោយៈ ពូន សំ​រេច