Wednesday, September 12, 2012

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បើក​បង្ហាញ​គោល​ដៅ​ទីផ្សារ​ទេសចរណ៍​កម្ពុជា​ នៅ​ក្នុង​អង្គ​សន្និបាត​ទេសចរណ៍​ខេត្ត​សៀមរាប

អស់រយៈ​ពេល​ពេញ​មួយថ្ងៃ​ មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ បាន​ដំណើរ​ការ​សន្តិបាត​បូក​សរុប​ការងារ​របស់​ខ្លួន​ ព្រម​ទាំង​បាន​ឆ្លង​ផែន​ការ​ទិស​ដៅ​អនុវត្ត​បន្ត​សំ​រាប់​ឆមាសទី​ ២ ​ឆ្នាំ ​២០១៣​ផងដែរ​ ក្រោម​អធិបតី​ភាព ​ឯកឧត្តម ​ថោង​ ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍។ អង្គស​ន្និបាត​បាន​តាម​ដាន​ស្តាប់​របាយការណ៍​បូក​សរុប​ការងារ​ទេសចរណ៍ ​និង​ភារកិច្ច​ដែល​ត្រូវ​អនុវត្ត​បន្ត​ ដែល​អាន​ដោយលោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​។ ​របៀប​វារៈបន្ត​ គឺ​បទ​អន្តរាគមន៍​ចូល​រួម ​របស់​អង្គភាព​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ និង​ មាន​វិស័យ​ឯក​ជន ​បាន​ចូល​រួម​ផង​ដែរ​។

បទ​អន្តរាគមន៍​ បាន​លើក​ឡើង​ជា​សំខាន់​អំពី​ការងារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ ផែន​ការ​គ្រប់​គ្រង​និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​តំបន់​ រមណីដ្ឋាន​អង្គរ​ គម្រោង​អភិវឌ្ឍន៍​ទី​ក្រុង​សៀមរាប​ ការងារ​គ្រប់​គ្រង ​និង​អភិវឌ្ឍន៍​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ វិធាន​ការ​ដើម្បី​លើក​ស្ទួយផ្នែក​វត្ថុ​អនុស្សាវរីយ៍​ សេវា​កម្ម​ម្ហូបអា​ហារ​និង​ការ​ត្រៀម​ល​ក្ខណៈ​បង្កើត​សមាគម​ចុង​ភៅ​កម្ពុជា ​ទេសចរណ៍​បៃតង​ (​ទេសចរម្នាក់​ ដើម​ឈើ​មួយ​ដើម​) ​យុទ្ធ​នាការ​ទី​ក្រុង​ស្អាត​(ទី​ក្រុង​ដែល​គ្មាន​ថង់​ប្លាស្ទីក​ហើរ​តាម​ ខ្យល់​)​ និង​បទ​អន្តរាគមន៍​ស្តី​អំ​ពី​ដំណើរ​សៀម​រាប​ អង្គរ​ ឆ្ពោះ​ទៅរ​ភាព​បៃតង។ 

 ឯកឧត្តម​បណ្ឌិត ​ស៊ូ ​ភិរិន្ទ​ អភិ​បាល​ខេត្ត​សៀម​រាប ​មាន​ប្រសាសន៍​ថា ​ចំណូល​នៃ​វិស័យ​ទេសចរណ៍​ត្រូវ​បាន​ចាត់​បញ្ចូល​ភ្លាមៗ​ទៅ​ក្នុង​ចរន្ត​ សេដ្ឋ​កិច្ចជាតិ ​រួម​ចំណែក​បង្កើត​ការ​ងារ​ លើក​កំពស់​ជីវ​ភាព​រស់​នៅ ​ជំវិញ​កំ​ណើន​ផលិត​ផល​សរុប​ក្នុង​ស្រុក ​(GDP)​ ធ្វើ​ឱ្យមាន​សំនឹង​ផ្នែក​ជញ្ជីង​ពាណិជ្ជកម្ម​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។ ឯកឧត្តម​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចរិភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ នឹង​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ដល់​កិច្ច​អភិវឌ្ឍន៍ ​ថែ​រក្សា​ការពារ​ និង​ អភិរក្ស​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ ​និង​ ធនធាន​ធម្ម​ជាតិ​របស់​ប្រទេស​ជាតិ។​

 ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើក​យក​មក​បង្ហាញ​អង្គ​សន្និបាត​ នូវ​ការវិ​ភាគ​ទីផ្សារ​ទេស​ចរណ៍​កម្ពុជា ​ដែល​ក្នុង​នេះ ​ឯក​ឧត្តម​ សង្កត់​ធ្ងន់​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​លើ​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ ស្អាត៕