Wednesday, September 12, 2012

យូ​នី​លី​វើ​ពិភាក្សា​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​លើកកម្ពស់​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​

​ភ្នំពេញ​ ៖​​ ក្រុមហ៊ុន​យូ​នី​លី​វើ​បាន​និង​កំពុង​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ អំពី​ទម្លាប់​នៃ​ការ​អនុវត្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ជា​សាកល​របស់​ក្រុមហ៊ុន​ ដែល​មានឈ្មោះ​ថា​ “​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​”​។​
​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​មក​ពី​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ប្រចាំ​ឥណ្ឌូចិន​ និង​យូ​នី​លី​វើ​ ប្រចាំ​កម្ពុជា​ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ ម៉ុ​ក​ ម៉ា​រ៉េ​ត​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ដើម្បី​ពិភាក្សា​អំពី​វិធីសាស្ត្រ​ផ្សេងៗ​ ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​យល់​ដឹង​អំពី​ការ​កាត់​បន្ថយ​នៃ​ការ​ខ្ជះខ្ជាយ​ទឹក​។​
​នៅ​ក្នុង​ជំនួប​នោះ​ លោក​ ម៉ុ​ក​ ម៉ា​រ៉េ​ត​ និង​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​ យូ​នី​លី​វើ​ ក៏​បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​នៃ​ការ​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ អំពី​វិធី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ផង​ដែរ​។​
​នាយក​គ្រប់គ្រង​ យូ​នី​លី​វើ​ ឥណ្ឌូចិន​ លោក​ Maks​ Mukundan​ បាន​មាន​ប្រសាសន៍​ថា​ “​ក្រុមហ៊ុន​ យូ​នី​លី​វើ​ នៅ​ទូ​ទាំង​ពិភពលោក​ បាន​ចាត់​ទុក​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​ជា​ស្នូល​នៃ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​។​ ដោយសារ​ហេតុផល​នេះ​ ទើប​ក្រុមហ៊ុន​យល់​ឃើញ​ថា​ ជា​ការ​ល្អ​បំផុត​ ដែល​មានការ​ជួប​ប្រជុំ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ពិភាក្សា​អំពី​គម្រោង​នេះ​”។
​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ក្រុមហ៊ុន​ យូ​នី​លី​វើ​ នៅ​ទូ​ទាំង​ពិភពលោក​ បាន​ដាក់​ចេញ​នូវ​គម្រោង​មួយ​ ហៅ​ថា​ “​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​”​  ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ផែនការ​រយៈពេល​១០​ឆ្នាំ​មួយ​ ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​កំណើន​ប្រកបដោយ​និរន្ត​ភាព​។​
​គម្រោង​នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​លោក​ Paul​ Polman​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ដែល​បាន​និង​កំពុងធ្វើការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ បណ្តា​អាជីវកម្ម​ និង​អង្គការ​នានា​ ដើម្បី​ធ្វើការ​រួម​គ្នា​កាត់​បន្ថយ​បញ្ហា​ដែល​ប្រឈម​មុខ​សំខាន់​បំផុត​របស់​ពិភពលោក​។​
​ដោយ​គិតគូរ​ដល់​បញ្ហា​នេះ​ ក្រុមហ៊ុន​ទទួលខុសត្រូវ​ចំពោះ​ទាំង​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​ផ្ទាល់ខ្លួន​ផង​ និង​ទាំង​ប្រតិបត្តិការ​នៃ​អ្នក​ផ្គត់ផ្គង់​ អ្នក​ចែកចាយ​ និង​អ្នក​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន​ផង​។​
​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ យូ​នី​លី​វើ​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ស្តី​អំពី​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ស្ដី​ពី​ការ​រស់នៅ​ប្រកបដោយ​និរន្ត​ភាព​។​ ការ​យកចិត្តទុកដាក់​ជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​ គឺ​ផ្ដោត​ទៅ​លើ​ការ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ទឹក​។​
​លោក​ Mukundan​ បាន​បន្ថែម​ទៀត​ថា​ “​ប្រទេស​កម្ពុជា​នៅ​តែ​មានការ​និយាយ​មិន​ដាច់​អំពី​គ្រោះ​រាំង​ស្ងួត​ បើ​ទោះបីជា​ស្ថិត​នៅ​ក្នុង​រដូវវស្សា​ក៏​ដោយ​ ហេតុ​ដូច្នេះ​ទើប​ក្រុមហ៊ុន​យើង​ផ្តោត​សំខាន់​ដំបូង​គេ​ គឺ​ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ដោយ​ខ្ជះខ្ជាយ​។​ គំនិត​ផ្តួចផ្តើម​នេះ​ ស្របគ្នា​ជាមួយនឹង​គំនិត​ផ្ដួចផ្តើម​ជា​សាកល​របស់​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល​ប្រើប្រាស់​ ឲ្យ​បាន​ពាក់កណ្តាល​គិត​ត្រឹម​ឆ្នាំ​ ២០២០​។​ ហើយ​យើង​ចង់​ឲ្យ​គម្រោង​នេះ​សម្រេច​បាន​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។
​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ទឹក​ ក្រុមហ៊ុន​ យូ​នី​លី​វើ​ បាន​ផលិត​នូវ​ផលិតផល​ជា​ច្រើន​ប្រភេទ​ដែល​មាន​គោល​គំនិត​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​រួច​ជា​ស្រេច​។​
​ផលិតផល​បែប​នេះ​មួយ​ គឺ​ផលិតផល​ទឹក​ក្រអូប​ COMFORT​ ONE​ RINSE​ ដែល​អាច​លាង​សម្អាត​សម្លៀក​បំពាក់​ដោយ​ប្រើប្រាស់​ទឹក​ត្រឹមតែ​មួយ​ធុង​ជា​ជាង​បី​ធុង​។​នេះ​ជា​ផ​លិ​ផល​មួយ​ក្នុង​ចំណោម​ផលិតផល​ដទៃ​ទៀត​ ដែល​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ផលិត​ឡើង​ដោយ​គិតគូរ​ដល់​បញ្ហា​និរន្តរភាព​។​
​ក្រុមហ៊ុន​ យូ​នី​លី​វើ​ គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ឈានមុខ​គេ​មួយ​ នៅ​លើ​ពិភពលោក​ ដែល​មាន​ប្រ​តិ​ប​តិ្ត​ការ​រឹង​មាំ​នៅ​ក្នុង​ប្រទេស​ជាង​ ១០០​ និង​លក់​ផលិតផល​នៅ​ក្នុង​ប្រទេស​ចំនួន​ ១៩០​។​ ផលិតផល​របស់​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ត្រូវ​បាន​គេ​ ប្រជាជន​ប្រើប្រាស់​ជាង​ ២០០០​លាន​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ទូ​ទាំង​ពិភពលោក​ ហើយ​ក្រុមហ៊ុន​ខិតខំ​ដើម្បី​បង្កើត​អនាគត​ល្អ​ប្រសើរ​ជា​រៀងរាល់ថ្ងៃ​ និង​ជួយ​ប្រជាជន​ឲ្យ​មាន​អារម្មណ៍ល្អ​ មាន​សម្ផស្ស​ស្រស់​ស្អាត​ និង​រីករាយ​នឹង​ជីវភាព​រស់នៅ​ ជាមួយនឹង​ផលិតផល​ និង​សេវា​ដែល​ល្អ​សម្រាប់​ខ្លួនឯង​ផង​ និង​ល្អ​សម្រាប់​អ្នក​ដទៃ​ផង​។​
​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​២០០៣​។​ ក្រុមហ៊ុន​ មាន​មោទនភាព​ក្នុង​ការ​ដើរតួ​នាទី​សកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា​ ស្ទើរតែ​គ្រប់​វិស័យ​ ក្នុង​នោះ​មាន​តាំងពី​ការ​ផ្គត់ផ្គង់​ផលិតផល​អាហារ​បំប៉ន​ រហូត​ដល់​ផលិតផល​លើកកម្ពស់​អនាម័យ​៕