Wednesday, September 12, 2012

សម្ដេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​លើក​ទី​៣០

​ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១២​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​លើក​ទី​៣០​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​រួម​មាន​កិច្ច​សន្ន​នា​ថ្នាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​ និង​ទីភ្នាក់ងារ​ថាមពល​អន្ដរជាតិ​ (AMEM-IEA)​ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​បូក​៣​លើក​ទី​៩​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ី​បូព៌ា​លើក​ទី​៦​ កិច្ច​សន្ន​នា​ថ្នាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក​ និង​វេទិកា​ធុរកិច្ច​ថាមពល​ អាស៊ាន​២០១២​ ក្រោម​ប្រធានបទ​កា​រត​ភ្ជាប់​អាស៊ាន​បៃតង​ នៅ​វិមាន​សន្ដិភាព​ ។​
​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​នៅ​ក្នុង​ឱកាស​ថ្លែង​បើក​កិច្ចប្រជុំ​បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ​ ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​គណៈប្រតិភូ​ប្រទេស​ដៃគូ​ទាំងអស់​ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​ មន្ដ្រី​ថាមពល​អាស៊ាន​លើក​ទី​៣០​ ដែល​រៀបចំ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ជាមួយ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​សម្ដេច​ក៏​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ទៅ​ដល់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​ទាំងអស់​ ដើម្បី​យក​ទៅ​ពិភាក្សា​ ធ្វើ​យ៉ាងណា​ដើម្បី​ជំរុញ​បន្ថែម​ទៀត​ ទៅ​លើ​វិស័យ​ថាមពល​ ។​
​បើ​តាម​លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​បានឱ្យ​ដឹង​ថា​ ក្នុង​នាម​ប្រទេស​កម្ពុជា​ជា​ប្រធាន​ អាស៊ាន​ គឺ​បាន​ជ្រើសរើស​យក​ប្រធានបទ​កា​រត​ភ្ជាប់​អាស៊ាន​បៃតង​ ការ​ជ្រើសរើស​នេះ​ គឺ​បន្ដ​ពី​ប្រធានបទ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​លើក​ទី​២៩​ នៅ​ប្រទេស​ប្រ៊ុ​យ​ណេ​ ដែល​មាន​ប្រធានបទ​កា​រត​ភ្ជាប់​អាស៊ាន​និង​បន្ដ​ពី​ប្រធានបទ​លើក​ទី​២៨​នៅ​ប្រទេស​វៀតណាម​ថាមពល​និង​ការ​ប្រែប្រួល​អាកាសធាតុ​ ។​
​ គួរ​បញ្ជាក់​ថា​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​លើក​ទី​៣០​ នឹង​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១២-១៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ ក្នុង​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ដ្រី​ថាមពល​អាស៊ាន​ រដ្ឋមន្ដ្រី​ថាមពល​ប្រទេស​បូក​៣​ ដែល​មាន​ចិន​ ជប៉ុន​ សាធារណរដ្ឋ​កូរ៉េ​ រដ្ឋមន្ដ្រី​ថាមពល​ប្រទេស​អាស៊ី​បូព៌ា​ដែល​មាន​ជប៉ុន​ ចិន​ សាធារណរដ្ឋ​កូរ៉េ​ អូស្ដ្រាលី​ ឥណ្ឌា​ ញូ​ហ្សេ​ឡេ​ន​ រុ​ស្ស៊ី​ និង​សហរដ្ឋអាមេរិក​ ទីភ្នាក់ងារ​ថាមពល​អន្ដរជាតិ​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​-​អាស៊ី​បូព៌ា​ ព្រមទាំង​មានការ​ចូលរួម​ផ្នែក​ឯកជន​ក្នុង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ ឆ្នាំ​២០១២​ ។​ កិច្ចប្រជុំ​នេះ​ បាន​ប្រកាស​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា​នៅ​វិមាន​សន្ដិភាព​ ខណៈ​កិច្ចប្រជុំ​នឹង​បន្ដ​ធ្វើ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​៕​