Wednesday, September 12, 2012

កម្ពុជាដឹកនាំកិច្ចប្រជុំក្រៅផ្លូវការ ថ្នាក់ឧត្តមមន្រ្តីអាស៊ាន ស្តីពីក្រមប្រតិបត្តិ COC សមុទ្រចិនខាងត្បូង

ភ្នំពេញ​:  សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ដែល​បាន​ចែក​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ បាន​បញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន នៅក្នុង​សប្តាហ៍​នេះ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១២ ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន រួមមាន​៖ 

១. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន និង​កិច្ចប្រជុំ​ត្រៀម​រួមគ្នា (JTM) ក្នុងនោះ​មាន​កិច្ចប្រជុំ​ឧ​ត្ត​មន្ត្រី​អាស៊ាន កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ឧ​ត្ត​ម​មន្ត្រី លើក​ទី​១២ នៃ​ក្រុមប្រឹក្សា​សង្គមកិច្ច វប្បធម៌​អាស៊ាន ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ខែវិច្ឆិកា​ខាងមុខ​។​

២. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​បូក​បី (​អាស៊ាន​បូក ចិន ជប៉ុន កូរ៉េ​) ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​បូក​បី កិច្ចប្រជុំ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​១៥​។​

៣. កិច្ចប្រជុំ​ឧ​ត្ត​មន្ត្រី​អាស៊ី​បូព៌ា ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​អាស៊ី​បូព៌ា លើក​ទី​៧​។​

៤. កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន សហរដ្ឋអាមេរិក លើក​ទី​៤​។​

៥. កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​សន្ធិសញ្ញា ស្តីពី តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ ដើម្បី​រៀបចំ​ចុះហត្ថលេខា​លើ​ពិធីសារ នៃ​សន្ធិសញ្ញា ស្តីពី តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ​។​

៦. តាម​សំណើ​របស់​ប្រទេស​កម្ពុជា មានការ​ឯកភាព​ពីស​មា​ជិ​ក​អាស៊ាន​ទាំងអស់ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​-​ចិន ស្តីពី ក្រម​ប្រតិបត្តិ (COC) នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ជា​លើក​ទី​៣ ហើយ ដែល​កម្ពុជា​បាន​ផ្តួចផ្តើម​ឲ្យ​មាន​កិច្ចប្រជុំ ស្តីពី​ក្រម​ប្រតិបត្តិ​នេះ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ធ្វើ​ការងារ​ឆ្ពោះទៅកាន់​ការតាក់តែង​ក្រម​ប្រតិបត្តិ (COC)៕