Wednesday, September 12, 2012

លោក ស ខេង បដិសេធសំណើបក្សប្រឆាំង ឲ្យផ្លាស់សមាសភាព គ.ជ.ប

ភ្នំពេញ​: ក្រសួងមហាផ្ទៃ បាន​បដិសេធ​សំណើ​របស់​គណបក្សប្រឆាំង ដែល​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ អាណត្តិ​ទី​៥​។ 

​លិខិត​ឆ្លើយតប​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជូនទៅ​លោក គង់ គាំ ប្រធានស្ដីទី​គណបក្ស​ស​មរ​ង្ស៊ី និង​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធានស្ដីទី​គណបក្ស​សិទ្ធិមនុស្ស ចុះ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​សំណើ​របស់លោក ក្រសួងមហាផ្ទៃ​បានធ្វើ​ការសិក្សា​ពិចារណា និង​កត់សម្គាល់ឃើញ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន ជាអាទិ៍​៖

- នីតិវិធី​ដែល​ស្នើឡើង​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព និង​អ​ព្យា​ក្រឹត្យ​ភាព របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដែល​ធានា​ដោយ​ច្បាប់បោះឆ្នោត​ជា​ធរមាន ដោយហេតុថា សមាសភាព​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដែល​ស្នើឡើង​នេះ មាន​តំណាង​ពី​គណបក្សនយោបាយ​នានា​។​

- ចំពោះ​សំណើ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ជ្រើសរើស​សមាសភាព គ​.​ជ​.​ប ដោយ​គណបក្ស​នីមួយៗ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​បញ្ជូន​តំណាង ២​រូប សម្រាប់​បង្កើត​គណៈកម្មកា​រ​នេះ​។ ការជ្រើសរើស​សមាសភាព គ​.​ជ​.​ប គណៈកម្មការ​ត្រូវ​សម្រេច​ដោយ​សំឡេង​ឯកច្ឆន្ទ ឬ​ដោយ​សំឡេង​ពីរភាគបី​នោះ គណៈកម្មការ​នេះ​នឹងមិន​អាច​រក​សំឡេង​គ្រប់គ្រាន់ ដើម្បី​សម្រេច​បានឡើយ ដោយសារតែ​តំណាង​ពី​គណបក្ស​នីមួយៗ​ក្នុង​គណៈកម្មការ​នេះ អាច​នឹង​ប្រកួតប្រជែង​គ្នា ទាមទារ​ឲ្យ​មានប្រៀប​ខាង​នយោបាយ ក្នុង​ស្ថាប័ន គ​.​ជ​.​ប​។ ជម្រើស​ដែល​ស្នើឡើង​ខាងលើនេះ រដ្ឋសភា​បច្ចុប្បន្ន និង​ក្នុង​អាណត្តិ​ជា​បន្តបន្ទាប់​ទៀត គណបក្ស​ដែលមាន​សំឡេង​ភាគច្រើន នឹង​មិនអាច​ទទួលបាន​ឡើយ ទាំង​ក្នុងពេល​រៀបចំ​គណៈកម្មការ​ជ្រើសរើស គ​.​ជ​.​ប ក៏​ដូច​ពេល​បញ្ចូល​សមាសភាព គ​.​ជ​.​ប ទៅសុំ​ការយល់ព្រម​ពីស​ភា​។ ដូច្នេះ​នីតិវិធី​ដែល​ស្នើឡើង​នេះ នឹង​នាំ​ឲ្យ​មាន​ភាពជាប់គាំង ក្នុងការ​បង្កើត គ​.​ជ​.​ប ដែល​ភាពជាប់គាំង​នេះ នឹងមិន​អាច​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​បានឡើយ​។ ប្រការនេះ នឹង​នាំមក​នូវ​ហានិភ័យ​ខ្ពស់​ខាង​នយោបាយ មកលើ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

- ចំពោះ​សំណើ​កំណត់​សមាសភាព​គណៈកម្មការ​រាជធានី ខេត្ត ឃុំ សង្កាត់ និង​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត ចំនួន ៧​រូប ដូចៗ​គ្នា ដែលមាន​សមាសភាព​តំណាង​មកពី​គ្រប់​គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ជ្រើសរើស​ឡើង​ដោយ​វិធី​រាប់​លេខ​ឆ្លាស់ តាម​ចំនួន​អាសនៈ​ពី​ច្រើន​មក​តិច រហូត​គ្រប់​ចំនួន ៧​រូប​។ ការរៀបចំ​គណៈកម្មកា​របោះ​ឆ្នោត​តាម​សំណើ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​មកលើ​ឯករាជ្យភាព និង​អ​ព្យា​ក្រឹត្យ​ភាព ក៏​ដូច​កិច្ចដំណើរការ នៃ​ស្ថាប័ន​បោះឆ្នោត​ទាំងនេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បន្ថែមថា បន្ថែម​ពីលើ​នេះ តាម​សំណើ​របស់លោក គណៈកម្មការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​សេចក្ដីសម្រេច​ដោយ​សំឡេង​ពីរភាគបី នៃ​គណៈកម្មការ​ទាំងមូល​។ របៀបរបប​បំពេញការងារ​ដែល​ស្នើឡើង​នេះ រួមជាមួយ​សំណើ​ឲ្យ​មាន​តំណាង​គណបក្សនយោបាយ​ក្នុង​រដ្ឋសភា ក្នុង​សមាសភាព​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ទាំងនេះ នឹងធ្វើ​ឲ្យ​គណៈកម្មការ​បោះឆ្នោត​ទាំងនេះ មិនអាច​អនុវត្ត​ការងារ​របស់ខ្លួន​តាម​ច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី ក្រមសីលធម៌ និង​ប្រតិទិន នៃ​ការបោះឆ្នោត​បានឡើយ ដោយសារតែ​សមាសភាព​មកពី​គណបក្សនយោបាយ​ផ្សេងៗ នឹង​អាចធ្វើ​ការប្រកួតប្រជែង​គ្នា​ខាង​នយោបាយ ក្នុង​គណៈកម្មការ​បោះឆ្នោត​ទាំងនេះ​។ ដូច្នេះ ដំណើរការ​បោះឆ្នោត​នឹងត្រូវ​ជាប់គាំង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​សរុបមក ផ្អែក​តាម​ការសិក្សា ពិចារណា​ជាមួយ​ហេតុផល​ខាងលើនេះ សំណើ​របស់​គណបក្ស​ឯកឧត្តម អាចធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​ទាំងមូល ត្រូវ​ប្រឈម​ជាមួយ​ភាពជាប់គាំង ដែល​នឹង​នាំ​ឲ្យ​ប៉ះពាល់​មកលើ​ស្ថិរភាព​នយោបាយ​របស់​ជាតិ​”៕