Tuesday, September 4, 2012

គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ផ្តល់​រូបមន្ត កែសម្រួល​សមាសភាព គ​.​ជ​.​ប​.

ភ្នំពេញ: ​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី និង​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធានស្តីទី​គណបក្ស​សិទ្ធិមនុស្ស បាន​ចុះហត្ថលេខា​រួមគ្នា លើ​លិខិត​មួយច្បាប់ ផ្ញើជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​សុំឲ្យ​កែប្រែ​ការរៀបចំ​នូវ​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ​.​ជ​.​ប​. និង​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣​។ គណបក្សប្រឆាំង​ទាំង​ពីរ ក៏បាន​ផ្តល់​នូវ​រូបមន្ត នៃ​នីតិវិធី​សុំ​កែប្រែ​សមាសភាព គ​.​ជ​.​ប​. ផងដែរ​។​

​ក្នុង​លិខិត​រួម​គ្នា​នោះ ត្រូវបាន​មេដឹកនាំ​គណបក្ស ធ្វើឡើង ដោយយោង​តាម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់ ស្តីពី ការបោះឆ្នោត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​ក្នុង​លិខិត​រួមគ្នា ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​គណបក្ស​សមរង្ស៊ី ដែល​គេ​ប្រទះឃើញ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ លោក គង់ គាំ និង​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ បាន​ជំរាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ថា "​សមាសភាព គ​.​ជ​.​ប​. បច្ចុប្បន្ន ដែល​បាន​រៀបចំ​ការបោះឆ្នោត កន្លងមក មិន​បាន​ទទួល​ការយកចិត្តទុកដាក់​ពី​គណបក្សនយោបាយ មតិ​សាធារណៈ​ជនជាតិ និង​អន្តរជាតិ ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួន ឲ្យមាន​លក្ខណៈ​ឯករាជ្យ អព្យាក្រឹត្យ និង​យុត្តិធម៌​នោះឡើយ​។ ដូច្នេះ​ដើម្បីឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួលយកបាន យើងខ្ញុំ​សូម​ស្នើ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​រៀបចំ​សមាសភាព គ​.​ជ​.​ប​. ឡើងវិញ តាម​នីតិវិធី ដែល​ភ្ជាប់​មក​ជាមួយ​"​។​

​ក្នុង​លិខិត​រួម​គ្នា​ដដែល​នោះ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី និង​សិទ្ធិមនុស្ស បាន​គូសបញ្ជាក់ថា "​សូម​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ពិចារណា​លើ​នីតិវិធី ដើម្បី​កែប្រែ​សមាសភាព គ​.​ជ​.​ប​. និង​គណៈកម្មកា​រៀបចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់ ដើម្បី​ឲ្យ​ការបោះឆ្នោត នៅ​ប្រទេស​យើង ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ធ្វើឲ្យ​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​យើង ទទួលយកបាន​"​។​
​    ​
​នីតិវិធី​សុំ​កែប្រែ​សមាសភាព គ​.​ជ​.​ប​. និង​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​បាន​បញ្ជូន​ទៅកាន់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បង្ហាញថា ការជ្រើសរើស​សមាសភាព គ​.​ជ​.​ប​. ដែលមាន ៩ រូប ត្រូវធ្វើឡើង​ដោយ​គណៈកម្មការ​មួយ ដែល​មាន​សមាសភាព​ម​ក​ពី​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា និង​ត្រូវ​សហការ​ជាមួយនឹង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។ សេចក្តីសម្រេច​ជ្រើសរើស​បេក្ខជន គ​.​ជ​.​ប​. ដែល​ជា​បុគ្គល​ឯករាជ្យ ត្រូវ​ធ្វើឡើង​ដោយ​សម្លេង​ភាគច្រើន ២/៣ នៃ​ចំនួន​សមាជិក​គណៈ​កម្ម​ការ​ទាំងមូល​។ 

​លក្ខខណ្ឌ​សម្រាប់​សមាសភាព​បេក្ខជន គ​.​ជ​.​ប​. ត្រូវបាន​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស លើកឡើងថា ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​អាយុ​យ៉ាងតិច ៤០ ឆ្នាំ មាន​កម្រិតវប្បធម៌ ចាប់ពី​បរិញ្ញាប័ត្រ មានបទពិសោធន៍​កិច្ច​ការបោះឆ្នោត ឬ​សង្គម យ៉ាងតិច ១០ ឆ្នាំ មិនមែន​ជា​សមាជិក​គ​ណ​បក្សនយោបាយ ឬ​បញ្ចប់​សមាជិកភាព​គណ​បក្ស​នយោបាយ​អស់​រយៈ​ពេល ១០ ឆ្នាំ​មកហើយ និង​ពេល​បញ្ចប់​តួនាទី​ពី គ​.​ជ​.​ប​. ៥ ឆ្នាំ ទើប​អាច​ទទួល​ការងារ​ពី​ថ្នាក់​រាជធានី​-​ខេត្ត ឡើងទៅ​។​

​ដោយឡែក​សម្រាប់​ការជ្រើសរើស​សមាសភាព​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត ថ្នាក់ក្រោម នៅ​ថ្នាក់​ខេត្ត ( PEC ) ឃុំ​សង្កាត់ ( CEC ) និង​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ( PSO ) មាន​ចំនួន ៧ រូប ត្រូវ​មក​ពី​គណបក្ស ដែល​មាន​អាសនៈ ក្នុង​រដ្ឋសភា ដោយ​វិធី​រាប់​ឆ្លាស់​តាម​ចំនួន​អាសនៈ​ពី​ច្រើន មក​តិច រហូត​គ្រប់​ចំនួន ៧ រូប ដែល​តែងតាំង​ដោយ គ​.​ជ​.​ប​. តាម​សំណើ​របស់​គណបក្ស​នយោបាយ​នី​មួយៗ​។​

​ចំពោះ​លក្ខខណ្ឌ​សម្រាប់​សមាសភាព PEC ត្រូវបាន​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស លើកឡើងថា ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​អាយុ​យ៉ាងតិច ៣៥ ឆ្នាំ មាន​កម្រិតវប្បធម៌​ចាប់ពី​សញ្ញាបត្រ​ទុតិយភូមិ មាន​បទពិសោធន៍​ក្នុង​កិច្ចការ​សង្គម​យ៉ាង​តិច ៣ ឆ្នាំ និងសេចក្តីសម្រេច​របស់ PEC តាម​សំឡេង​ភាគច្រើន ២/៣ នៃ​ចំនួន​សមាជិក​ទាំង​មូល​។ 

​ចំណែក​លក្ខខណ្ឌ​សម្រាប់​សមាសភាព CEC ត្រូវបាន​គណបក្ស​សម​រង្ស៊ី និង​សិទ្ធិមនុស្ស លើកឡើងថា ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​អាយុ​យ៉ាងតិច ២៥ ឆ្នាំ មាន​កម្រិតវប្បធម៌ ចាប់ពី​ថ្នាក់​ទី​១២ ឡើង ឬ​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​សង្គម​យ៉ាង​តិច ២ ឆ្នាំ ហើយ​សេចក្តីសម្រេច​របស់ CEC តាម​សំឡេង​ភាគច្រើន ២/៣ នៃ​ចំនួន​សមាជិក​ទាំង​មូល​។​

​លក្ខខណ្ឌ​សម្រាប់​សមាសភាព PSO ត្រូវបាន​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស លើកឡើងថា ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​អាយុ​យ៉ាងតិច ២០ ឆ្នាំ និង​មាន​កម្រិតវប្បធម៌​ចេះ​អាន និង​ចេះ​សរសេរ​អក្សរ​ខ្មែរ​។​

​ចំពោះ​សំណើ​ថ្មី​របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស លើ​ការកែសម្រួល​សមាសភាព គ​.​ជ​.​ប​. ថ្នាក់ជាតិ និង​គ​.​ជ​.​ប​. ខេត្ត ឃុំ​សង្កាត់ និង​នៅតាម​ការិយាល័យ​បោះឆ្នោត ខាងលើនេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅឡើយ​ទេ​។​

​ក៏​ប៉ុន្តែ​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​មានប្រសាសន៍ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ថា មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​គណបក្ស​ប្រឆាំង ហើយ​និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន បានទាមទារ​ឲ្យមាន​ការកែសម្រួល​សមាសភា​ពដឹក​នាំ នៃ​ក្បាលម៉ាស៊ីន គ​.​ជ​.​ប​.​។​

​លោក ទេព នីថា មានប្រសាសន៍​បញ្ជាក់​ថា "​ទោះបីជា​គាត់​លើក​បញ្ហា​នេះ​មែន តែ​ដំណើរការ​នៃ​ការរៀបចំ​ការបោះឆ្នោត​កន្លងមក ជាច្រើន​អាណត្តិ​មកហើយ គាត់​ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះ​ឆោត​ទាំងនោះ​"​។​

​លោក ទេព នីថា បាន​បន្តថា ចំពោះ​ករណី​ទាមទារ​ឲ្យមាន​ការកែសម្រួល​សមាសភា​ពដឹក​នាំ គ​.​ជ​.​ប​.​នោះ មិនមែន​ជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប​.​ទេ យោងតាម​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​ក្រសួង​មហាផ្ទៃ ជា​អ្នកចាត់ចែង​រៀបចំ​សមាសភាព​ដឹកនាំ គ​.​ជ​.​ប​. ដែល​ត្រូវ​សុំ​សេចក្តីទុកចិត្ត​ពី​ស្ថាប័ន​សភាជាតិ​៕​