Tuesday, September 4, 2012

សហ​ព្រះរាជអាជ្ញា យល់ព្រម​ឲ្យ​ដោះលែង​លោក​ស្រី អៀង ធីរិទ្ធ តែ​ត្រូវ​ស្ថិតក្រោម​ល​ក្ខខណ្ឌ​

ភ្នំពេញ: ទី​បំផុត​ទៅ ភាគី​សហ​ព្រះរាជអាជ្ញា​របស់​តុលាការ​ខ្មែរក្រហម បានបង្ហាញ​ជំហរ​យល់ព្រម ឲ្យមាន​ការដោះលែង​លោក​ស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម ឲ្យនៅ​ក្រៅ​មន្ទីរឃុំឃាំង​របស់​តុលាការ​ខ្មែរក្រហម​។ មូលហេតុ​មក​ពី​លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់​ស្មារតី ដែល​តាម​គ្រូពេទ្យ គឺ​មិន​អាច​ព្យាបាល​បាន​ទេ​។ ប៉ុន្តែ​ភាគី​សហ​ព្រះរាជអាជ្ញា បាន​ស្នើ​ឲ្យ​តុលាការដាក់​លក្ខខណ្ឌ​មួយចំនួន​។​

​ក្នុងពេល​បិទ​បញ្ចប់​សវនាកា​រលើ​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ភាគី​សហ​ព្រះរាជអាជ្ញា​របស់​តុលាការ​ខ្មែរក្រហម បានបង្ហាញ​ជំហរ​សន្និដ្ឋាន​ចុងក្រោយ​ថា "​យើង​យល់​ឃើញ​ថា ភស្តុតាង​នៅ​ចំពោះមុខបានបញ្ជាក់​អស់ហើយ​ថា លោកស្រី អៀង ធីរិទ្ធ ទទួលរង​នូវ​ជំងឺ​រវើរវាយ​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ ហើយ​វា​ប៉ះពាល់​ដល់​កម្រិត​ធ្ងន់​មួយ​ដែលថា លោកស្រី អៀង​ធីរិទ្ធ មិន​អាច​ប្រើប្រាស់​សិទ្ធិ​ជំនុំជម្រះ ដោយ​យុត្តិធម៌​ទេ​។ ដូច្នេះ​ហើយ​គឺ​ថា លោកស្រី អៀង ធីរិទ្ធ មិន​មាន​សម្បទា​គ្រប់គ្រាន់ ក្នុង​ការចូលរួម​ក្នុង​សវនាការ​នោះ​ឡើយ​"​។​

​ភាគី​សហ​ព្រះរាជអាជ្ញា ក៏​បាន​បញ្ជាក់ថា មិន​មាន​សំណើ​ណាមួយ ដើម្បី​បន្ត​ឃុំខ្លួន​លោកស្រី អៀង ធីរិទ្ធ ឡើយ ព្រោះថា ការស្នើ​សុំ​បន្ត​ឃុំខ្លួន​លោកស្រី អៀង ធីរិទ្ធ បាន​ធ្វើឡើង​ម្តងមកហើយ និង​មាន​ប្រើប្រាស់​មធ្យោបាយ ដើម្បី​ឲ្យ​គាត់​បាន​ប្រសើរ​ឡើង​វិញ​ តែ​មិន​អាច​ធ្វើបាន​។ 

​យ៉ាងណាក៏ដោយ ភាគី​សហ​ព្រះរាជអាជ្ញា បាន​លើកឡើង​ថា លក្ខខណ្ឌ​មួយចំនួនដែល​ចាំបាច់ និង​សមស្រប គួរតែមាន សម្រាប់​ការដោះលែង​លោកស្រី​ អៀង​ ធីរិទ្ធ ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ លក្ខខណ្ឌ​ទាំង ៦ ចំណុច​នោះ រួមមាន​៖ ទី​១-​លោកស្រី អៀង ​ធីរិទ្ធ គួរតែ​គប្បី​តុលាការ ឲ្យ​ស្ថិត​នៅ​អាសយដ្ឋាន​ជាក់លាក់ ទី​២-​គប្បី​តែ​គាត់​បង្ហាញ​វត្តមាន ដើម្បី​ពិនិត្យ​ពី​សុវត្ថិភាព​របស់​គាត់ ដោយ​អាជ្ញាធរ ទី​៣-​តុលាកា​រគ​ប្បី​ឲ្យ​គាត់ ប្រគល់​នូវ​អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន ទី​៤-​តុលាកា​រគ​ប្បី​បង្គាប់ មិន​ឲ្យ​គាត់​ទាក់ទង​នឹង​ជនជាប់ចោទ​ផ្សេងទៀត លើកលែង​តែ​ប្តី​របស់គា​ត់ ( លោក អៀង សារី ) ទី​៥-​តុលាកា​រគ​ប្បី​បង្គាប់ មិន​ឲ្យ​គាត់​ទាក់ទង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ​នឹង​សាក្សី អ្នកជំនាញ ឬ​ជន​រងគ្រោះដែល​តុលាការ​នឹង​កោះ​មក​ស្តាប់​សក្ខីកម្ម និង​ទី​៦-​មិន​ត្រូវ​ឲ្យ​រំខាន​ក្នុង​របៀប​ណាមួយ នូវ​រដ្ឋបាល​របស់​តុលាការ​នេះ​។​

​លក្ខណ្ឌ​ទាំងនោះ ត្រូវបាន​ភាគី​សហ​ព្រះរាជអាជ្ញា បាន​គូសបញ្ជាក់ថា ដើម្បី​ធានា​ថា ទី​១-​ជនជាប់ចោទ មិន​រំខាន​ដល់​កិច្ចដំណើរការ​នីតិវិធី ទី​២-​ដើម្បី​ធានា​ថា សុចរិត​ភាព​នៃ​ការជំនុំជម្រះ​ត្រូវបាន​រក្សា និង​ទី​៣-​ដើម្បី​ឲ្យ​អង្គជំនុំជម្រះ អាច​ធ្វើ​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​បាន​។​

​ភាគី​សហ​ព្រះរាជអាជ្ញា ក៏បាន​លើកឡើង​ថា តុលាការ ក៏​គួរតែ​តម្រូវ​ឲ្យ​លោកស្រី អៀង ធីរិទ្ធ ព្យាបាល​ជា​មួយ​អ្នកជំនាញ ឬ​គ្រូពេទ្យ រៀងរាល់ ៦ ខែម្តង ដើម្បីឲ្យ​តុលាការ​តាមដាន​ស្ថានភាព​សុខភាព​របស់​គាត់​។​

​ក៏​ប៉ុន្តែ​ភាគី​សហ​មេធាវី​នាំមុខ ការពារ​ដើម​បណ្តឹងរដ្ឋប្បវេណី ដែល​ជា​ជនរងគ្រោះ បាន​យល់​ឃើញ​ផ្ទុយ​ពី​នេះ ហើយ​ថា អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ មិន​ធ្ងន់ធ្ងរ​ទេ ហើយ​ថា លោកស្រី​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អាយុ ៨០ ឆ្នាំ បាន​ធ្វើ​ពុត​ជា​វង្វេងស្មារតី​ប៉ុណ្ណោះ​។​

 ដោយ​ច្រានចោល​ជា​ប្រយោល​នូវ​របាយការណ៍​របស់​អ្នកជំនាញ ៤ រូប ដែល​បាន​វាយតម្លៃ​លើ​អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ក្នុង​សវនាការ នៅក្នុង​សវនាការ នា​រសៀល​នេះ លោក​មេធាវី ពេ​ជ អង្គ សហ​មេធាវី​នាំមុខ ការពារ​ដើម​បណ្តឹងរដ្ឋប្បវេណី បាន​លើកឡើង​ថា "​លោកស្រី អៀង ធីរិទ្ធ ជា​អ្នក​មាន​ការអប់រំ​ខ្ពស់​នៅ​ប្រទេស​បារាំង គាត់​ជា​អ្នកដឹកនាំ​ក្នុង​ចលនា​តស៊ូ គាត់​ជា​អ្នកដឹកនាំ​ការផ្សាយ​វិទ្យុ នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ហើយ​គាត់​ជា​រដ្ឋមន្ត្រី​នៅក្នុង​សម័យ​ខ្មែរក្រហម​។ ដូច្នេះ​ចំណេះដឹង ហើយ​និង​ជំនាញ​របស់​គាត់ នៅ​ក្នុង​ការ​បំភ័ន្ត​ចំលើយ ដែល​ឆ្លើយ​ទៅតាម​គំនិត​របស់​គាត់​ចង់បាន​"​។​

​លោក​មេធាវី ពេ​ជ អង្គ បាន​បន្ថែមថា ដើម​បណ្តឹងរដ្ឋប្បវេណី បាន​គាំទ្រ​នូវ​ការរកឃើញ​របស់លោក​ស្រី​វេជ្ជបណ្ឌិត ចក់ ធីតា ដែល​យល់​ថា លោកស្រី អៀង ធីរិទ្ធ មិនមាន​ជំងឺ​វង្វេងស្មារតី ដូច​ការអះអាង​របស់​អ្នកជំនាញ ៤​រូប​នោះ​ទេ​។ ដូច្នេះ​ដើម​បណ្តឹងរដ្ឋប្បវេណី ចង់ឲ្យ​មាន​ក្រុម​វាយ​តម្លៃ​មួយ ដែល​ជា​វេជ្ជបណ្ឌិត​ជំនាញ ភេទ​ស្រី ហើយ​ជា​ក្រុម​ដែល​ធ្វើ​យល់​ពី​ទំនាក់ទំនង​រវាង​វេជ្ជបណ្ឌិត និង​អ្នកជំងឺ​។ យើង​ក៏​ស្នើសុំ​ឲ្យ​តុលាការ​បន្ត​ឃុំខ្លួន លោកស្រី​អៀង​ធីរិទ្ធ​បន្តទៀត ដើម្បី​ឲ្យ​ក្រុម​អ្នកជំនាញ​ថ្មី ដែល​នឹង​ត្រូវ​បាន​ចាត់តាំង​ដោយ​តុលាការ ដើម្បី​ធ្វើ​វាយតម្លៃ​ជា​ថ្មី​ទៀត​។​

​យ៉ាង​ក៏ដោយ លោក​មេធាវី ផាត់ ពៅ​ស៊ា​ង សហ​មេធាវី​ជាតិ ការពារ​ក្តី​របស់​លោកស្រី អៀង ធីរិទ្ធ បាន​ច្រានចោល​នូវ​ការស្នើសុំ​របស់​សហ​មេធា​វី​ការពារ​ក្តី​ដើម​បណ្តឹងរដ្ឋប្បវេណី ឲ្យមាន​ការបង្កើត​ក្រុម​អ្នកជំនាញ​ថ្មី​មួយទៀត ដើម្បី​វាយតម្លៃ​លើ​អាការៈ​ជំងឺ​វង្វេងស្មារ​តី​របស់លោក​ស្រី​អៀង​ធីរិទ្ធ ព្រោះថា ការវាយតម្លៃ​លើ​ជំងឺ​របស់​លោកស្រី​អៀង​ធីរិទ្ធ ធ្វើឡើង ៤ លើក​មក​ហើយ​។​

​លោក​មេធាវី ផាត់ ពៅ​ស៊ា​ង បានបញ្ជាក់​ថា "​អ្នកជំនាញ​បានធ្វើ​សេចក្តីសន្និដ្ឋាន ដោយ​ផ្អែក​ទៅតាម​បែបបទ​របស់​ពេទ្យ ដោយ​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក គឺ​បាន​ពិត​ឃើញថា ត្រឹមត្រូវ ហើយក៏​បាន​វាយតម្លៃ​ទៅតាម​តេស្ត MMSE គឺ​គេ​បាន​ពិនិត្យ​បាន​ត្រឹមត្រូវ​ហើយ​។ ដូច្នេះ​សំណើសុំ​នេះ ខ្ញុំបាទ​យល់ឃើញថា គឺ​មិន​អាច​អូសបន្លាយ​បានទេ គឺថា ពិនិត្យ​ដោយ​អ្នកជំនាញ ចំនួន ៤​លើក​មក​ហើយ​"​។​

​លោក​មេធាវី ផាត់ ពៅ​ស៊ា​ង ក៏​បាន​បន្ថែមថា ចំពោះ​ការវាយតម្លៃ​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ចក់ ធីតា ក៏​ត្រូវ​បាន​វេជ្ជបណ្ឌិត​អ្នកជំនាញ​ជាតិ និង​បរទេស បាន​ច្រាន​ចោល​ហើយ​។ 

​លោក​មេធាវី ផាត់ ពៅ​ស៊ា​ង បាន​គូសបញ្ជាក់ថា "​របាយការណ៍​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ចក់ ធីតា គឺ​មាន​លក្ខណៈ​មិន​សមស្រប​ច្រើន​។ គាត់​ធ្វើ​របាយការណ៍ ដោយ​ផ្អែក​ទៅតាម​សេចក្តីរាយការណ៍​របស់​គិលា​នុប​ដ្ឋ​របស់គាត់ ហើយ​រាយការណ៍​ជូន​គាត់​។ ដូច្នេះ​គាត់​ផ្នែក​តាម​គិលា​នុប​ដ្ឋ រាយការណ៍​ជូន​គាត់​មិន​ច្បាស់លាស់ គឺ​គាត់​វាយតម្លៃ​មិន​ច្បាស់លាស់​ទេ បានន័យថា ទិន្នន័យ​ឲ្យ​មិន​ច្បាស់លាស់​ហើយ គឺ​លទ្ធផល​ច្បាស់​ជា មិន​ច្បាស់លាស់​"​។​

​លោក​មេធាវី បាន​ស្នើ​ដល់​តុលាការ ឲ្យ​ដោះលែង​លោក​ស្រី អៀង ធីរិទ្ធ ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ទុក​លទ្ធភាព​ថែទាំ​ឲ្យ​គ្រួសា​ររបស់គាត់ ក្រែងលោ​កែសម្រួល​សុខភាព​របស់​គាត់ បាន​ប្រសើរ​ឡើង​វិញ​។​

​នៅក្នុង​សវនាការ មុន​នឹង​បញ្ចប់​ការផ្តល់​សក្ខីកម្ម​របស់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល ( Seena Fazil ) ដែល​ជា​គ្រូពេទ្យ​ជំនាញ​វាយតម្លៃ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ក្នុងចំណោម​គ្រូពេទ្យ​ជាតិ និង​អន្តរជាតិ ទាំង ៤ រូប បាន​លើកឡើង​ថា ការបង្ហាញ​ក្នុង​របាយការណ៍​វាយតម្លៃ តាមរយៈ​ការធ្វើ​តេស ដែល​មាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក បង្ហាញថា លោកស្រី អៀង ធីរិទ្ធ មិន​មាន​សមត្ថភាព ក្នុង​ការប្រើប្រាស់​សិទ្ធិ​ដើម្បី​ការពារ​ខ្លួនឯង ក្នុងការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​បាន​ទេ​។​

​ក្រុម​វេជ្ជបណ្ឌិត ជា​អ្នកជំនាញ​ទាំង​៤ រូប ក៏​បាន​គូសបញ្ជាក់ថា មិន​មាន​ការព្យាបាល​ណាមួយ តាមរយៈ​ឱសថ និង​ការព្យាបាល​ដោយ​ធ្វើតេស្ត ដែល​អាច​ឲ្យ​ស្ថានភាព​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ បាន​ប្រសើរ​នោះទេ ព្រោះថា ជំងឺ​វង្វេងស្មារតី ជា​ជំងឺ​ដែល​វិវឌ្ឍន៍​ទៅមុខ ដោយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ ជំងឺ​វង្វេងស្មារតី ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​កោសិកា​ខួរក្បាល​។​

​លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល ក៏បាន​លើកឡើង​ថា ស្ថានភាព​របស់​លោកស្រី អៀង ធីរិទ្ធ នាពេលនេះ ត្រូវការ​អ្នកថែរក្សា​ពី​ក្រុម​គ្រួសារ នៅក្នុង​ផ្ទះ សម្រាប់​ការរស់នៅ​ក្នុង​ជីវិតចុងក្រោយ​របស់​គាត់​។​

​ទោះជា​យ៉ាងណា​ក៏ សវនាកា​រលើ​ការវាយតម្លៃ​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​បិទ​បញ្ចប់​នា​រសៀល​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១២​។ លោក​ចៅក្រម និល ណុន បានប្រកាសថា អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម នឹង​ចេញ​សេចក្តីសម្រេច នៅ​ថ្ងៃក្រោយ ដើម្បី​សម្រេច​ថា ត្រូវ​ដោះលែង​លោកស្រី​អៀង​ធីរិទ្ធ ឬ​ក៏​បន្ត​ឃុំឃាំង​លោកស្រី ដើម្បី​នាំយក​ទៅ​កាត់ទោស​៕​