Tuesday, September 4, 2012

ចិន​សន្យា​គាំទ្រ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឲ្យ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​​អាស៊ាន​លើក​ទី​២១​ទទួល​បាន​ជោគជ័យ​

kh-ch-3-9-12


ភ្នំពេញ ៖ ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជា​មាន​ប្រសាសន៍​កាលពី​ថ្ងៃទី ៣ កញ្ញា ឆ្នាំ​២០១២​ថា រដ្ឋាភិបាល​សាធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​បាន​សន្យា​ថា​នឹង​គាំទ្រ​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឲ្យ​ទទួល​បាន​ជោគជ័យ សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​នៅ​ក្នុង​​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១ នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ​។​
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ព្រ លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​សុវត្ថិភាព ពី​ទស្សនកិច្ច​នៅ​ប្រ ទេស​អ៊ីរ៉ង់ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃទី ២ កញ្ញា​នៅ​ទីក្រុង អូ​រុំ​ឈី​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​អ៊ុយ​ហ្គ័ ឯកឧត្តម វេន ជា​បាវ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន បាន​ជំរាប​ជូន​​សម្តេច​​តេ​ជោ​ថា រដ្ឋាភិបាល​ចិន​សូម​គូស​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​គាំ ទ្រ​ដល់​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ដើម្បី​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូ​ល​អាស៊ាន​លើក​ទី ២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃ​ទៀត​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាងមុខនេះ។ ​ឯកឧត្តម នាយករដ្ឋមន្ត្រី​ចិន​ក៏បាន​វាយ​ត​ម្លៃ​ខ្ពស់​ចំពោះ​ការ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដែល​បាន​ជួយ​រក្សា​ឲ្យ​បាន​នូវ​ទំនាក់ទំនង​ល្អជា​រួម​រវាង​ចិន និង​អាស៊ាន ហើយ​រដ្ឋាភិបាល​ចិន​ក៏​សូម​សំដែង ជាថ្មី​ម្តង​ទៀត នូវ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាស៊ាន និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ដើម្បី​គោលដៅ​សន្តិភាព ស្ថេរភាព ភាព​សុខដុម និង​ការអភិវឌ្ឍន៍ រួមគ្នា​។​
ជារួម​​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ក្នុង​ការ​គាំទ្រ​ចំពោះ​សំណើ ជាក់​ស្តែង​ទាំងឡាយ ដែល​សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង ពិសេស​គឺ​សំណើ​រៀបចំ​ឲ្យ មាន​នូវ​យន្តការ​អន្តររដ្ឋាភិបាល សម្រាប់​រៀបចំ និង​គ្រប់គ្រង​កម្មវិធី និង​ផែនការ​សកម្មភាព​នៃ​កិច្ច​សហ ប្រតិបត្តិការ​ក្នុង​ភាពជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន​នេះ ហើយ​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ប្រគល់​ការងារ​នេះ​ឲ្យ​ក្រសួងការបរទេស​នៃ​ប្រទេស​រៀង​ៗ​ខ្លួន ដើម្បី​បន្ត​ចាត់​វិធាន​ការ​​តាម​ការ ចាំបាច់ ដើម្បី​អនុវត្ត​នូវ​ការ​ឯកភាព​គ្នា​នេះ​។​
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​​ថា គួរ​បន្ត​ការពិភាក្សា​លើ​ការងារ​នេះ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​-​ចិន ហើយ​មូលដ្ឋាន​សំខាន់ ដែល​ត្រូវ​បន្ត​ជំរុញ​អនុវត្ត​នោះ​គឺ​ការ​រួមគ្នា​អនុវត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ នូវ​សេចក្តី​ថ្លែង​ការណ៍​ស្តី​ការ ប្រតិបត្តិ​របស់​ភាគី​សមុទ្រ​ចិន​ខាងត្បូង និង​សេចក្តី​ណែនាំ​​អនុវត្ត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង រួមគ្នា​ធ្វើការ​ដើម្បី​ឈាន​ទៅ​​សម្រេច​បាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង នៅ​ក្នុង​​ពេល​ខាង​មុខ​នោះ​។ ​រដ្ឋាភិបាល​ចិន​ក៏បាន​បញ្ជាក់​ពី​ជំហរ​ម៉ឹងម៉ាត់​​របស់​ខ្លួន ដែល​ចង់​ដោះស្រាយ​បញ្ហា​ទាំងអស់​ជា មួយ​ប្រទេសជិតខាង​នៅ​ក្នុង​តំបន់​ដោយ​សន្តិវិធី​តាម រយៈ​មធ្យោបាយ​ការទូត និង​ឈរ​លើ​គោល​ការណ៍​ច្បាប់ ដើម្បី​ប្រយោជន៍ និង​សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍​នៅក្នុង​តំបន់​របស់​យើង​។​
ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​បាន​ឯកភាព​នឹង​ឆ្លើយតប​ចំពោះ​សំណើ​ដែល​លើកឡើង​ដោយ​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ស្នើសុំ​នូវ​ថវិកា​ប្រមាណ​ពី ៣០០ ទៅ ៥០០ លាន​ដុល្លារ​អាមេរិក​សំរាប់ កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជាប្រចាំ​ឆ្នាំ ។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន វេន ជា​បាវ​ផ្តល់​ជំនួយ​ឥត​សំណង ដែល​មាន​ទឹកប្រាក់ ១៥០ លាន​យ័ន​​សំរាប់​ការពង្រីក​សេដ្ឋកិច្ច និង​ការ​កែ​លំអ​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ផងដែរ​។
​ ​នៅក្នុង​ជំនួប​ចរចា​ទ្វេភាគី​នោះ​ដែរ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ពិសេស​លើ​កិច្ច​សហប្រតិបត្តិការ​​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​របស់​ប្រទេស​ចិន​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើង​វិញ ដោយ​ឯកឧត្តម នាយក​​រដ្ឋមន្រ្តី​ចិន​បាន​ឯកភាព​នឹង​ឆ្លើយតប​រួចហើយ​ទៅ នឹង​សំណើ​ដែល​លើកឡើង​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ដែល​មាន​នូវ​ថវិកា​ប្រមាណ​ពី ៣០០ ទៅ ៥០០ លាន​ដុល្លារ​អាមេរិក​សំរាប់​កសាង ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជាប្រចាំ​ឆ្នាំ​។​ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​មាន​ប្រសាសន៍​បន្ត​ថា រដ្ឋាភិបាល​ចិន​បាន ឆ្លើយតប​រួច​ទៅ​ហើយ​​នូវ​គំរោង​ទឹកប្រាក់​ចំនួន ៥០៦ លាន​ដុល្លារ​អាមេរិក​សំរាប់​​គំរោង​ចំនួន ៧ សំរាប់ អនុវត្ត នៅក្នុង​ឆ្នាំ​២០១២​។
 លើ​ការ​ទំនង​ទំនង​លើ​វិស័យ​កសិកម្ម​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​បាន​​ឯកភាព​គ្នា​លើ ផែនការ​កសិកម្ម​រយៈ​ពេល ៣ ឆ្នាំ ក្នុង​នោះ​ភាគី​ចិន​បាន​ផ្តល់​នូវ​អនុសាសន៍​ដល់​ភាគី​កម្ពុជា​ពិភាក្សា គ្នា​ក្នុង​ការ​លើក​​គំរោង​​ជាក់ស្តែង ដូចជា​ការ​កសាង​មជ្ឈមណ្ឌល​កសិកម្ម ដើម្បី​សិក្សា​ជាមួយគ្នា​ចិន បាន និង​កំពុង​បញ្ជូន​សហគ្រាស​ចិន​ទៅធ្វើ​ការ​សាង សង់​រោង​ម៉ាស៊ីន​កែច្នៃ​ស្រូវ​សំរាប់​ការនាំចេញ​មកកាន់ ប្រទេស​ចិន ។ ជាមួយ​គ្នា​នេះ​ភាគី​ចិន​ក៏បាន​បញ្ជូន​អ្នកឯកទេស​វេជ្ជសាស្ត្រ​សុខាភិបាល​មក​ជួយ​ដល់ ប្រទេស​កម្ពុជា​ដែល​ទាក់ទិន​ទៅ​នឹង​​ការ​កើត​ឡើង​នូវ​ជម្ងឺ​ពងបែក​មាត់​កុមារ EV-70។ ទាក់ទិន​ទៅ​នឹង ឆ្នាំ​ខួប​លើក​ទី ៥៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ចិន និង​ក៏​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា ចិន​នៅ​ឆ្នាំ ២០១៣ ខាងមុខ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ធ្វើយ៉ាងណា​ឲ្យ​ការ​ប្រារព្ធ​ខួប​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​ប្រសើរ និង​ជ្រួតជ្រាប​ដល់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ។
ជាមួយ​គ្នា​នេះ​ភាគី​ចិន​បាន​សំរេច​អញ្ជើញ​យុវជន​កម្ពុជា​ចំ​នួន​១០០ នាក់ មក​បំពេញ​ទស្សនកិច្ច និង​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​ជាមួយ និង​យុវជន​ប្រទេស​ចិន​នៅ​ឆ្នាំ ២០១៣​។​នៅក្នុង​ជំនួប​ចរចារ​ទ្វេភាគី នោះ​ដែរ ឯកឧត្តម វេន ជា​បាវ បាន​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ភាគី​ចិន ចំពោះ​បេក្ខភាព​មិន​អចិន្រៃ្តយ៍​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​សំរាប់​អាណត្តិ ឆ្នាំ ២០១៣-២០១៤ ហើយ​មិនតែប៉ុណ្ណោះ​ភាគី​ចិន​បាន​ចូលរួម​ចលនា​ជាមួយ​និង​​បណ្តា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក និង​អាមេរិក​ឡាទីន និង​បណ្តា​មិត្ត​ភ​ក្ត័​ដ៏​ជិតស្និត​របស់​ប្រទេស​ចិន​ដទៃ​ទៀត ក្នុង​ការ​ជួយ​គាំទ្រ​ចំពោះ​បេក្ខភាព​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​មិន​អចិ​ន្រៃ្តយ៍​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ​។
 សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ការ​ឆ្លើយ​តប​​ជា​វិជ្ជមាន​ពី​សំណាក់​សម​ភាគី​ចិន ដែល​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​ទាំងឡាយ​របស់​ភាគី​កម្ពុជា ។ ជាមួយ​គ្នា​នេះ សម្តេច​​តេ​ជោ​បាន​ស្នើសុំ​ដល់​ភាគី​ចិន​បន្ត​គាំទ្រ​ដល់​សំណើ​របស់​ភាគី​កម្ពុជា​សំរាប់​រយៈពេល ២ ឆ្នាំ​ខាង មុខ និង ឆ្នាំ​ជា​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត ជាពិសេស​នៅ​ក្នុង​ឆ្នាំ ២០១៣-២០១៤ ដែល​មាន​ទឹក​ប្រា​ក់​ ជា​ឥណទាន​សម្បទាន​ប្រមាណ​ពី ៧០០ ទៅ ៨០០ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​នៅ ឆ្នាំ ២០១៣ មាន​ទឹកប្រាក់ ៣៣៣ លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​នូវ​គំរោង​ចំនួន ៥ និង នៅ​ឆ្នាំ ២០១៤ សំរាប់ អនុវត្ត​នូវ​គំរោង​ចំនួន ៦ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ៤២៥ លាន​ដុល្លារ​អាមេរិក ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​កសាង​ផ្លូវ ស្ពាន ប្រព័ន្ធ​ធារាសាស្ត្រ និង ការផលិត​ថាមពល​អគ្គិសនី ។ សម្តេច​តេ​ជោ ក៏បាន​ស្នើ​ឲ្យ​​ភាគី​ចិន​ជួយ​ដល់​ការ​កសាង​​ផ្លូវ​ជនបទ ដោយ​ប្រែក្លាយ​ពី​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទៅជា​ផ្លូវ កៅស៊ូ​ប្រមាណ​ពី ៣០០-៤០០ គីឡូម៉ែត្រ​ក្នុង​មួយឆ្នាំៗ ។ ជាមួយ​គ្នា​នេះ​សម្តេច​​តេ​ជោ​មានប្រសាសន៍ ថ្លែង​នូវ​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់​ជំនួយ​ឥត​សំណង​​មាន​ទឹកប្រាក់ ១៥០ លាន យ័ន​ដល់​កម្ពុជា និង​បាន​សន្យា​ថា​នឹង​នាំ​យក​ជំនួយ​ទាំងនោះ ប្រើប្រាស់​សំរាប់​ការ​ស្តារ និង​ជួសជុល ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។
 ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន​មានប្រសាសន៍​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ភាគី​កម្ពុជា​និង​បាន​សន្យា​ថា​នឹង​បន្ត​ជួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចំរើន​ទ្វេ​ឡើង​ថែមទៀត ។ ឯកឧត្តម វេន ជា​បាវ មានប្រសាសន៍​បន្ត​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មិត្ត​ចាស់ និង​ជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេស​ចិន​ដែល​បាន​រួម​ចំណែក​ដល់​ទំនាក់ទំនង​ល្អ​ប្រសើរ​សំរាប់​ប្រទេស​ទាំងពីរ ។ ជា​មួយ​គ្នា​នេះ​ប្រទេស​ចិន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ ដែល មាន​ទំនាក់ទំនង​ជិតស្និទ្ធ​មិត្តភាព ដោយ​បាន​ឆ្លងកាត់​ពេលវេលា និង​បទពិសោធន៍​ជាក់ស្តែង​ដ៏​យូរលង់​ណាស់​មក ហើយ ពិសេស​បាន​នូវ​ផលប្រយោជន៍​រួម​សំរាប់​ប្រជា​ជា​តិ នៃ​ប្រទេស​ទាំងពីរ​៕​
ស្នាយ​ពល