Tuesday, September 4, 2012

មាត្រា​ទី​២​នៃ​រដ្ឋធម្មនុញ្ញ​អាច​នឹង​សិក្សា​ពិចារណា​ធ្វើ​វិសោធនកម្ម


ភ្នំពេញ ៖ សម្ដេច​តេជោ​ហ៊ុន សែន​បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សកលវិទ្យា​ល័យ​ឯកទេស​នៃ​កម្ពុជា​ថា រដ្ឋធម្មនុញ្ញ​មាត្រា​ទី២ អាច​នឹង​ត្រូវ​សិក្សា​ពិចារណា​ធ្វើ​វិសោធនកម្ម​នៅ​ពេល​ខាង​មុខ។
សម្ដេច​តេជោ​ថ្លែង​ទៀត​ថា បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​ចិន​វិញ សម្ដេច​បាន​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំ​ការ​នៃ​​ប្រទេស​វៀតណាម​ពិភាក្សា​គ្នា​លើ​បញ្ហា​មួយ​ចំនួន​។ លោក​ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំ​ការ​វៀតណាម​បាន​លើក​ជា​ចម្ងល់​ថា តើ​ផ្ទៃ​ដី​ជាង​៣០០​គីឡូម៉ែត្រ​ការ៉េ​ដែល​សម្ដេច​តេជោ​លើក​ឡើង​ថា​ជា​ផ្ទៃ​ដី​ដែល​លើស​ពី​ផែន​ទី​នោះ​យ៉ាង​ម៉េច​ដែរ? តើ​ជា​ផ្ទៃ​ដី​​ដែល​បាន​មក​ពី​​​ប្រទេស​ជិតខាង​ឬ​យ៉ាង​ណា?
សម្ដេច​តេជោ​បាន​បង្ហាញ​ថា ផ្ទៃ​ដី​ទាំង​ជាង​៣០០​គីឡូម៉ែត្រ​ការ៉េ​​ដែល​លើស​នោះ ជា​ផ្ទៃ​ដី​សល់​ពី​បញ្ហា​វាស់​វែង​ពី​ជំនាន់​មុន​ ដែល​ធាតុ​ពិត​ជាក់​ស្ដែង​ផ្ទៃ​ដី​​នោះ​​បើ​​ប្រើ​ប្រាស់​ឧបករណ៍​ទំនើប​វាស់វែង​នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​ច្រើន​ជាង​៣០០​គីឡូម៉ែត្រ​ការ៉េ​ ធៀប​ជាមួយ​​នឹង​ផ្ទៃ​ដី​លើ​ផែន​ទី។
សម្ដេច​តេជោ​ថ្លែង​ទៀត​ថា យើង​នឹង​សិក្សា​ពិចារណា​អំពី​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ទី​២ នៃ​រដ្ឋ​ធម្មនុញ្ញ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ផង​ដែរ៕
ស្នាយពល